ដោយ: គង់ លាងហួរ
អន្តរជាតិ: យោងតាមការស្ទង់មតិថ្មីមួយរបស់ក្រុមហ៊ុនប្រឹក្សាអចលនទ្រព្យ CBRE បានបង្ហាញឱ្យដឹងថា ចំនួន៧៦ភាគរយនៃបណ្តាក្រុមហ៊ុនដឹកជញ្ជូននៅទូទាំងតំបន់អាសុីប៉ាសុីហ្វិកគ្រោងនឹងពង្រីកការជួល ឬទិញទីតាំងអចលនទ្រព្យឧស្សាហកម្មបន្ថែមទៀតក្នុងរយៈពេល៣ឆ្នាំទៅ៥ខាងមុខ។
ការស្ទង់មតិនេះបានធ្វើឡើង ដោយផ្អែកលើការឆ្លើយតបពីបណ្តាក្រុមហ៊ុនជាង៣៨០ ក្នុងតំបន់ ដែលបានបង្ហាញពីសុទិដ្ឋិនិយមរយៈពេលវែង។ ក្រុមហ៊ុនចំនួន៦៩ភាគរយ រំពឹងថា ដំណើរការអាជីវកម្មនឹងកាន់តែមានភាពប្រសើរឡើងក្នុងរយៈពេល២ឆ្នាំខាងមុខ ដោយផ្តោតលើអាទិភាព ដូចជា ប្រសិទ្ធភាពលើការចំណាយ និងទីតាំងយុទ្ធសាស្ត្រ។
បញ្ហាប្រឈមសំខាន់ៗ រួមមានដូចជា ភាពមិនច្បាស់លាស់ខាងផ្នែកសេដ្ឋកិច្ច ការកើនឡើងថ្លៃដើម និងការព្រួយបារម្ភចំពោះគោលនយោបាយពាណិជ្ជកម្ម ដែលពិបាកទាយទុកជាមុនរបស់សហរដ្ឋអាមេរិកក្រោមរដ្ឋបាលលោកប្រធានាធិបតី ដូណាល់ ត្រាំ។
បច្ចុប្បន្ន បណ្តាក្រុមហ៊ុននានាកំពុងផ្តោតលើការជួល ឬការទិញទីតាំងអចលនទ្រព្យឧស្សាហកម្ម ដូចជាឃ្លាំងនៅជិតមជ្ឈមណ្ឌលដឹកជញ្ជូន មូលដ្ឋានអតិថិជន និងបណ្តាញផ្គត់ផ្គង់ ដើម្បីកាត់បន្ថយការចំណាយ និងបង្កើនប្រសិទ្ធភាព។
យោងតាមការស្ទង់មតិរបស់ក្រុមហ៊ុនប្រឹក្សាអចលនទ្រព្យ CBRE បានបង្ហាញទៀតថា បណ្តាក្រុមហ៊ុនភាគច្រើនបានបង្ហាញចំណាប់អារម្មណ៍ចំពោះប្រទេសឥណ្ឌា បណ្តាប្រទេសនៅតំបន់មជ្ឈិមបូព៌ា និងតំបន់អាស៊ាន។
ជាមួយគ្នានោះ បណ្តាក្រុមហ៊ុនផ្នែកពាណិជ្ជកម្មអេឡិចត្រូនិក (E-commerce) កំពុងនាំមុខគេលើការជំរុញតម្រូវការឃ្លាំង ឬរោងចក្រ រួមជាមួយបណ្តាក្រុមហ៊ុនផលិតកម្ម ដែលកំពុងព្យាយាមធ្វើពិពិធកម្មលើខ្សែសង្វាក់ផ្គត់ផ្គង់៕ប្រភព: Real Estate Asia៕