ដោយៈគង់ សិរីម៉ាលីនណា
កំពង់ស្ពឺៈ ស្របពេលវិស័យឧស្សាហកម្ម បានជ្រើសរើសយកមូលដ្ឋានខេត្តកំពង់ស្ពឺកាន់តែច្រើន បានធ្វើឲ្យខេត្តមួយនេះកំពុងប្រឈមមុខនឹងវិបត្តិ ខ្វះកំលាំងពលកម្មកាន់តែធ្ងន់ធ្ងរ។នេះបើតាមលោកវ៉ី សំណាងអភិបាលខេត្តកំពង់ស្ពឺបានមានប្រសាសន៍ឲ្យដឹងកាលពីសប្តាហ៍មុន។
លោកអភិបាលខេត្តបានមានប្រសាសន៍ឲ្យដឹងតាមទូរស័ព្ទថា បច្ចុប្បន្នយើងពិតជាជូបប្រឈមនឹងកង្វះកំលាំងពលកម្ម មកបំពេញការងារនៅក្នុងខេត្ត ហេតុនេះទើបយើងអំពាវនាវឲ្យប្រជាពលរដ្ឋខេត្តជុំវិញ ដែលត្រូវការការងារធ្វើ ដូចជាខេត្តកណ្តាល កំពត តាកែវ កំពង់ឆ្នាំងជាដើម សូមមកធ្វើការងារនៅក្នុងខេត្ត។
លោកបន្តថា “ប្រជាពលរដ្ឋក្នុងខេត្ត បានជ្រើសរើសធ្វើការតាមរោងចក្រ ឧស្សាហកម្មច្រើន ហើយពួកគាត់បានសន្សំលុយ និងបានលុយពីការលក់ដីធ្លីសាងសង់ផ្ទះធំៗណាស់នៅតាមភូមិរបស់ខ្លួន”។
លោកវ៉ី សំណាងបានបន្តថា អាជ្ញាធរខេត្តបាននិងកំពុងលើកទឹកចិត្ត រោងចក្រ សហគ្រាសនានា ឲ្យអភិវឌ្ឍន៍នៅតាមបណ្តោយផ្លូវជាតិលេខ៤១ ផ្លូវជាតិលេខ៥១ និងផ្លូវជាតិលេខ៤៤ ដើម្បីងាយស្រួលរៀបចំផែនការសណ្តាប់ធ្នាប់ សន្តិសុខ និងសម្រួលការធ្វើចរាចរណ៍ដឹកទំនិញចេញចូលទៅកាន់កំពង់ផែ ខេត្តព្រះសីហនុ។
ខេត្តកំពង់ស្ពឺ បច្ចុប្បន្នបានក្លាយជាចំណុចកណ្តាល តភ្ជាប់ការដឹកជញ្ជូនពីរាជធានីភ្នំពេញ ទៅកាន់កំពង់ផែក្រុងព្រះសីហនុ ដែលមានបណ្តាញផ្លូវជាតិសំខាន់ៗឆ្លងកាត់៕