ដោយៈគង់ ម៉ាលីនណា
ភ្នំពេញៈ មន្រ្តីជំនាញនៃប្រទេសកម្ពុជា និងប្រទេសអេមីរ៉ាតអារ៉ាប់រួម បានបញ្ចប់កិច្ចប្រជុំចរចាលើកិច្ចព្រមព្រៀងស្ដីពី ការចៀសវាងការយកពន្ធត្រួតគ្នា (Double Taxation Agreement-DTA) ជុំទី១ ដោយជោគជ័យ ខណៈមាត្រាភាគច្រើននៅក្នុងកិច្ចព្រមព្រៀងនេះត្រូវបានទទួលការឯកភាពគ្នាទៅវិញទៅមក។
កិច្ចប្រជុំដែលរៀបចំឡើងតាមប្រព័ន្ធវីដេអូអនឡាញ ដែលបានធ្វើឡើងចាប់ពីថ្ងៃទី២៧-២៩ ខែ កញ្ញា ឆ្នាំ ២០២១នេះ ត្រូវបានចូលរួមពីភាគីកម្ពុជា ដែលដឹកនាំដោយ លោកស្រីប៊ុន នារី និងលោក រ័ត្ន មុនី ជាអគ្គនាយករងនៃអគ្គនាយកដ្ឋានពន្ធដារ និងភាគីប្រទេសអេមីរ៉ាតអារ៉ាប់រួមដឹកនាំដោយ លោក AbdallaAl Obaidli ប្រធាននាយកដ្ឋានទំនាក់ទំនងហិរញ្ញវត្ថុអន្តរជាតិ និងអង្គការនៃក្រសួងសេដ្ឋកិច្ច។
ក្នុងកិច្ចប្រជុំនេះភាគីទាំង២ បានលើកយកបញ្ហាជាច្រើនទាក់ទង នឹងវិស័យពន្ធដារមកពិភាក្សាគ្នា ដើម្បីឈានឆ្ពោះទៅបង្កើតបាននូវកិច្ចព្រមព្រៀងទ្វេភាគី ជាមួយគ្នាស្តីពីការចៀសវាងការយកពន្ធត្រួតគ្នា។
បន្ទាប់ពីការពិភាក្សាលម្អិត និងស៊ីជម្រៅលើគ្រប់មាត្រាទាំងអស់ នៃសេចក្តីព្រាងកិច្ចព្រមព្រៀង DTA ជាលទ្ធផលមាត្រាភាគច្រើននៃកិច្ចព្រមព្រៀងនេះ ត្រូវបានភាគីទាំង ២ ទទួលឯកភាពរៀងៗខ្លួន។ ចំណែកចំណុចនៅសេសសល់ភាគីទាំង២ បានសន្យានឹងបន្តជួបចរចាជាមួយគ្នាក្នុងពេលឆាប់ៗ ដើម្បីធ្វើយ៉ាងណាជំរុញឱ្យកិច្ចព្រមព្រៀងនេះឆាប់ចេញជារូបរាង។
រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្មកម្ពុជាលោក ប៉ាន សូរស័ក្តិ នៅក្នុងជំនួបពិភាក្សាជាមួយលោកស្រី REEM Al Hashimy រដ្ឋមន្ត្រីក្រសួងសហប្រតិបត្តិការអន្តរជាតិប្រទេសអេមីរ៉ាតអារ៉ាប់រួម កាលពីពេលកន្លងមក ធ្លាប់បានលើកឡើងថា កម្ពុជាចង់ឱ្យវិនិយោគិនអេមីរ៉ាតអារ៉ាប់រួម ចូលមកបណ្តាក់ទុននៅកម្ពុជាលើវិស័យមួយចំនួនដូចជា កសិកម្ម ទេសចរណ៍ ឧស្សាហកម្ម និងហេដ្ឋារចនាសម្ព័ន្ធ ជាដើម៕