តើសង្កាត់ហិរញ្ញវត្ថុដែលមានតម្លៃជាង៥០ពាន់លានដុល្លារអាមេរិក របស់សិង្ហបុរី នឹងប្រែប្រួលទៅជាយ៉ាងណាក្រោយវិបត្តិកូវីដ-១៩?

ដោយ សុខុម

សិង្ហបុរី: សង្កាត់ហិរញ្ញវត្ថុដ៏ត្រចះត្រចង់នៃប្រទេសសិង្ហបុរី កំពុងប្រឈមមុខនឹងបញ្ហាធំបំផុតមិនធ្លាប់មានរបស់ខ្លួន។ បញ្ហានោះគឺថា តើសង្កាត់ហិរញ្ញវត្ថុមួយនេះនឹងកែប្រែខ្លួនឯងបែបណាដើម្បីឱ្យក្លាយជាកន្លែងដែលមានវប្បធម៌ធ្វើការចម្រុះក្នុងបរិបទកូវីដ ពោលគឺធ្វើការងារឆ្លាស់គ្នាពីផ្ទះខ្លះ និងធ្វើនៅការិយាល័យខ្លះក្រោយសម័យកូវីដ។

ក្នុងរយៈពេលជាងពាក់កណ្តាលសតវត្សរ៍មកនេះ ប្រទេសសិង្ហបុរី ដែលកាលពីមុនគ្រាន់តែជាកោះតូចមួយដែលមានសភាពស្ងាត់ជ្រងំ និងមានអគារសុទ្ធតែចាស់ទ្រុឌទ្រោមមានការរីកចម្រើនយ៉ាងឆាប់រហ័សដោយអគារការិយាល័យខ្ពស់ៗរីកដូចផ្សិតល្បីល្បាញពេញពិភពលោក និងថែមទាំងធ្លាប់បង្ហាញវត្តមានក្នុងឈុតឆាកខ្សែភាពយន្តហូលីវូដ មួយចំនួនទៀតផង។ ប្រទេសសិង្ហបុរី ក៏ដើរតួនាទីសំខាន់ជាមជ្ឈមណ្ឌលហិរញ្ញវត្ថុមួយដែលគ្រប់គ្រងទ្រព្យសកម្មមានតម្លៃ៣,៥ទ្រីលានដុល្លារអាមេរិក ផងដែរគិតត្រឹមឆ្នាំ២០២០។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

ប៉ុន្តែគំរូ ឬម៉ូឌែលធ្វើការងារនៅការិយាល័យកំពុងរងការគំរាមកំហែងនៅពេលនេះ។ សូម្បីមុនពេលដាក់ចេញវិធានការរឹតបន្តឹងជាថ្មីកាលពីថ្ងៃទី២៧ កញ្ញា ដើម្បីទប់ស្កាត់ការរីករាលដាលវីរុសកូវីដ-១៩ ប្រទេសសិង្ហបុរី ហាក់មានការប្រយ័ត្នប្រយែងណាស់ចំពោះការបើកប្រទេសឡើងវិញ។ ថ្វីបើខ្លួនស្ថិតក្នុងចំណោមប្រទេសដែលមានអត្រាចាក់វ៉ាក់សាំងខ្ពស់បំផុតក្នុងពិភពលោកក្ដី ក៏អត្រានៃការត្រលប់ចូលធ្វើការនៅការិយាល័យវិញគឺទាបខ្លាំងណាស់រហូតមកទល់ពេលនេះ។ យោងតាមទិន្នន័យរបស់ក្រុមហ៊ុន Google បង្ហាញថា សកម្មភាពនៅកន្លែងធ្វើការបានធ្លាក់ចុះ២៥%គិតត្រឹមសប្តាហ៍ចុងក្រោយនៃខែកញ្ញា បើធៀបនឹងកម្រិតមុនពេលផ្ទុះការវិបត្តិកូវីដ-១៩។ ការធ្លាក់ចុះនេះគឺខ្ពស់ជាងឆ្ងាយ បើធៀបទៅនឹងការធ្លាក់ចុះ៧%នៅក្នុងទីក្រុងហុងកុង ដែលជាមជ្ឈមណ្ឌលហិរញ្ញវត្ថុប្រជែងនឹងប្រទេសសិង្ហបុរី។

ការប្រែក្លាយសង្កាត់ហិរញ្ញវត្ថុដ៏សំខាន់របស់សិង្ហបុរី ទៅជាកន្លែងដែលកាន់តែមានភាពទាក់ទាញសម្រាប់ការរស់នៅ ព្រមទាំងសម្រាប់ការងារ បានស្ថិតក្នុងរបៀបវារៈរបស់ក្រុមអ្នករៀបចំផែនការទីក្រុងរួចទៅហើយ។ ភាពចាំបាច់នោះបានក្លាយជាបញ្ហាកាន់តែបន្ទាន់ដែលត្រូវដោះស្រាយចាប់តាំងពីផ្ទុះវិបត្តិកូវីដ-១៩ មកដែលបានធ្វើឱ្យតម្រូវការលំនៅដ្ឋានកើនឡើងខ្ពស់។ ផែនការទាក់ទាញអ្នករស់នៅ និងអាជីវកម្មថ្មីៗមកកាន់សង្កាត់ហិរញ្ញវត្ថុនេះរួមមានការបន្ថែមភាពងាយស្រួលក្នុងការរស់នៅដូចជាផ្សារទំនើប និងហាងកាហ្វេជាដើម ព្រមទាំងការជំរុញលើកទឹកចិត្តឱ្យបង្កើតបារ និងភោជនីយដ្ឋានឱ្យបានកាន់តែច្រើនផងដែរ។

ក្រុមអ្នកជំនាញបានលើកឡើងថា ហានិភ័យពិតជាមានខ្ពស់ណាស់សម្រាប់ប្រទេសសិង្ហបុរី។ យោងតាមការវិភាគរបស់សារព័ត៌មាន Bloomberg ទៅលើការិយាល័យជោគជ័យនានាក្នុងរបាយការណ៍ហិរញ្ញវត្ថុរបស់បណ្ដាក្រុមហ៊ុនអភិវឌ្ឍន៍បង្ហាញថា ភាពជោគជ័យផ្នែកសេដ្ឋកិច្ចរបស់ប្រទេសនេះពឹងផ្អែកលើការរក្សាភាពទាក់ទាញរបស់ខ្លួនចំពោះក្រុមហ៊ុនបរទេសកំពូលៗ នៅក្នុងសង្កាត់ហិរញ្ញវត្ថុខាងលើដែលបច្ចុប្បន្នមានតម្លៃជាង៥០ពាន់លានដុល្លារអាមេរិក។

នៅពេលនិយាយដល់សកម្មភាពទាក់ទាញក្រោយចប់ម៉ោងធ្វើការ ប្រទេសសិង្ហបុរី កំពុងប្រឹងប្រែងកែលម្អ ធ្វើយ៉ាងណាដើម្បីដើរតាមឱ្យទាន់ទីក្រុងលំដាប់ថ្នាក់ពិភពលោកផ្សេងៗទៀត។ នៅក្នុងទីក្រុងឡុងដ៍ នៃប្រទេសអង់គ្លេស បុគ្គលិកការិយាល័យអាចទៅលម្ហែខួរក្បាលដោយចូលញ៉ាំអីនៅភោជនីយដ្ឋាន និងដើរទិញអីវ៉ាន់តាមហាងនានាក្នុងផ្សារដ៏ធំឈ្មោះ Leadenhall Market ចំណែកឯនៅក្រុងហុងហុង គឺសប្បាយណាស់នៅពេលរាត្រី ព្រោះសម្បូរដោយបារ និងក្លឹបកម្សាន្តនៅក្បែរៗការិយាល័យធ្វើការ។ ទន្ទឹមនេះ នៅសង្កាត់ហិរញ្ញវត្ថុ Wall Street ក្នុងក្រុងញូវយ៉ក សហរដ្ឋអាមេរិក ធនាគារិក និងភ្ញៀវទេសចរអាចដើរលេងនៅកំពង់ផែក្បែរនោះដើម្បីស្តាប់តន្ត្រី ឬគយគន់ថ្ងៃលិចនៅឧទ្យាន Battery Park យ៉ាងស្រស់ស្រាយ។

ប៉ុន្តែស្ថានភាពទាក់ទាញក្នុងប្រទេសសិង្ហបុរី ក៏កំពុងមានភាពប្រសើរឡើងខ្លះហើយនៅពេលនេះ។ នៅក្នុងឆ្នាំ២០១៩ រដ្ឋាភិបាលសិង្ហបុរី បានដាក់ចេញកម្មវិធីមួយដើម្បីលើកទឹកចិត្តឱ្យម្ចាស់អគារប្រែក្លាយការិយាល័យចាស់ៗទៅជាសណ្ឋាគារ ភោជនីយដ្ឋាន និងនៅលំនៅដ្ឋានជាដើម។ ពេលនេះអាជ្ញាធរក៏តម្រូវឱ្យបណ្ដាក្រុមហ៊ុនអភិវឌ្ឍន៍បង្កើតកន្លែងសាធារណៈឯកជន (Public Space) នៅក្នុងបរិវេណអគារការិយាល័យឱ្យបានកាន់តែច្រើនផងដែរ។ ជាឧទាហរណ៍អគារ The Cube@Asia Square មានបារជាជួររង់ចាំស្វាគមន៍បណ្ដាធនាគារិក និងអ្នកបច្ចេកទេស ហើយអគារនេះស្ថិតនៅចន្លោះអាគារ២ដែលមានក្រុមហ៊ុនល្បីៗជ្រកកោនដូចជាក្រុមហ៊ុនអាមេរិក Citigroup Inc និងក្រុមហ៊ុនអាមេរិក Amazon.com Inc ជាដើម។

ផែនការដើម្បីធ្វើឱ្យសិង្ហបុរី មានសកម្មភាពរស់រវើកក៏រួមបញ្ចូលទាំងការស្ថាបនាផ្លូវសម្រាប់ជិះកង់ និងតំបន់សម្រាប់អ្នកថ្មើរជើងបន្ថែមទៀតផងដែរ។ ហើយសិង្ហបុរី កំពុងទាក់ទាញក្រុមហ៊ុនបច្ចេកវិទ្យាខ្នាតយក្សនានាឱ្យមកកាន់សង្កាត់ហិរញ្ញវត្ថុខាងលើនេះ។ ជាលទ្ធផល កាលពីពេលថ្មីៗនេះក្រុមហ៊ុន ByteDance Ltd ដែលជាម្ចាស់របស់បណ្ដាញទំនាក់ទំនងសង្គម TikTok បានបើកការិយាល័យថ្មីយ៉ាងធំមួយនៅក្នុងសង្កាត់ហិរញ្ញវត្ថុនេះ ហើយក្រុមហ៊ុន Alibaba Group Holding Ltd ក៏កំពុងសាងសង់អគារថ្មីនៅតំបន់ Shenton Way ដែលជាផ្នែកមួយនៃសង្កាត់ហិរញ្ញវត្ថុនេះផងដែរ។

លោក Alan Cheong នាយកប្រតិបត្តិផ្នែកស្រាវជ្រាវប្រចាំក្រុមហ៊ុនអចលនទ្រព្យ Savills Plc ក្នុងប្រទេសសិង្ហបុរី បានលើកឡើងថា “មិនយូរទៀតឡើយ ការខកខានក្នុងការស្ដារឡើងនូវផ្នែកចាស់ទ្រុឌទ្រោមនៃសង្កាត់ហិរញ្ញវត្ថុនេះនឹងធ្វើឱ្យតំបន់ទាំងនោះកាន់តែដាច់ឆ្ងាយពីគេ និងលែងមានភាពទាក់ទាញចំពោះក្រុមហ៊ុននានាដែលរកស៊ីផ្នែកសេដ្ឋកិច្ចថ្មី និងហិរញ្ញវត្ថុឌីជីថល”។

រដ្ឋាភិបាលក៏ចង់នាំយកលំនៅដ្ឋានសាធារណៈ (អាផាតម៉ិនតម្លៃសមរម្យដែលប្រជាជនសិង្ហបុរី ជាង៨០%រស់នៅ) មកកាន់សង្កាត់ហិរញ្ញវត្ថុនេះផងដែរ។ លោកស្រី Indranee Rajah រដ្ឋមន្ត្រីអភិវឌ្ឍន៍ជាតិបានសរសេរចុះផ្សាយក្នុងសារព័ត៌មាន The Straits Times ថា លំនៅដ្ឋាននៅក្នុងតំបន់ដីមានហាងឆេងខ្ពស់មិនគួរត្រូវបានរឹតបន្តឹងតែចំពោះអ្នកមាននោះឡើយ។

គំរូ ឬម៉ូឌែលលំនៅដ្ឋានសាធារណៈរបស់សិង្ហបុរី នឹងត្រូវការការកែសម្រួលមួយចំនួនដើម្បីឱ្យសមស្របជាលំនៅដ្ឋានក្នុងតំបន់ដីមានហាងឆេងខ្ពស់។ ប៉ុន្តែនៅមានបញ្ហាផ្ទួនគ្នាដូចជាការធានាឱ្យលំនៅដ្ឋាននៅតែមានតម្លៃសមរម្យ ហើយម្ចាស់ផ្ទះមិនទិញផ្ទះសម្រាប់រស់នៅពិតប្រាកដ ពោលគឺពួកគេគ្រាន់តែទិញទុកលក់យកចំណេញប៉ុណ្ណោះ។ បច្ចុប្បន្នអាជ្ញាធរកំពុងសិក្សាពីផែនការទាំងនេះ និងពិគ្រោះយោបល់ជាសាធារណជន។

លោកស្រី Christine Sun អនុប្រធានជាន់ខ្ពស់ផ្នែកស្រាវជ្រាវ និងវិភាគប្រចាំក្រុមហ៊ុនអចលនទ្រព្យ OrangeTee & Tie ដែលមានមូលដ្ឋាននៅប្រទេសសិង្ហបុរី បានថ្លែងថា លំនៅដ្ឋាននៅកណ្ដាលក្រុងមានភាពទាក់ទាញខ្លាំងសម្រាប់ពលរដ្ឋសិង្ហបុរី វ័យក្មេង។ លោកស្រីបានបន្ថែមថា សាលារៀន កន្លែងក្មេងលេង និងអាហារដ្ឋានដែលមានតម្លៃធូរថ្លៃក៏ចាំបាច់ត្រូវមានផងដែរដើម្បីបង្កើនភាពទាក់ទាញ៕ Bloomberg

LEAVE A REPLY

Please enter your comment!
Please enter your name here