ដោយ សុខុម
សេអ៊ូល: ក្រុមហ៊ុនផលិតគ្រឿងបន្លាស់រថយន្តកូរ៉េខាងត្បូង Hyundai Mobis បានចាប់ផ្ដើមគម្រោងសាងសង់រោងចក្រផលិតកោសិកាឥន្ធនៈអ៊ីដ្រូសែន (hydrogen fuel cell) មួយដែលមានតម្លៃ១.០៩ពាន់លានដុល្លារអាមេរិក ហើយនៅពេលនេះ។ នេះបើយោងតាមសារព័ត៌មាន Korea Times ចុះផ្សាយកាលពីថ្ងៃសុក្រ ទី៨ តុលា។
ក្រុមហ៊ុន Hyundai Mobis ដែលជាបុត្រសម្ព័ន្ធរបស់ក្រុមហ៊ុនផលិតរថយន្ត Hyundai Motor Group កាលពីថ្ងៃព្រហស្បតិ៍ ទី៧ តុលា បានធ្វើពិធីបញ្ចុះបឋមសិលាបើកការដ្ឋានសាងសង់រោងចក្រផលិតថាមពលអ៊ីដ្រូសែនមួយនៅសង្កាត់ Cheongna ក្នុងទីក្រុង Incheon។
កោសិកាឥន្ធនៈគឺជាសមាសធាតុដ៏សំខាន់មួយនៅក្នុងការផលិតថាមពលអគ្គិសនីពីអ៊ីដ្រូសែន ដែលត្រូវបានប្រើប្រាស់ដើម្បីផ្តល់ថាមពលដល់រថយន្តអគ្គិសនីដែលដើរដោយកោសិកាឥន្ធនៈ (FCEV) ដែលក្រុមហ៊ុនផលិតរថយន្ត Hyundai Motor Group កំពុងអភិវឌ្ឍ។
បន្ទះកោសិកាឥន្ធនៈអ៊ីដ្រូសែនដែលផលិតនៅក្នុងទីក្រុង Incheon នាភាគខាងលិចនៃក្រុងសេអ៊ូល នេះនឹងត្រូវដឹកជញ្ជូនទៅដំឡើងនៅរោងចក្រថ្មីមួយទៀត ដែលគ្រោងនឹងសាងសង់នៅក្នុងទីក្រុងឧស្សាហកម្ម Ulsan នៅចម្ងាយប្រមាណ៤០០គីឡូម៉ែត្រនៅភាគអាគ្នយ៍នៃក្រុងសេអ៊ូល។
រោងចក្រនៅក្រុង Ulsan នឹងទទួលខុសត្រូវផលិតប្រព័ន្ធកោសិកាឥន្ធនៈ ការផ្គុំបន្ទះកោសិកាឥន្ធនៈ និងប្រព័ន្ធផ្សេងៗទៀតដែលនឹងត្រូវដំឡើងនៅក្នុងរថយន្ត FCEV។
ការសាងសង់រោងចក្រនៅក្រុង Incheon និងក្រុង Ulsan គ្រោងនឹងបញ្ចប់នៅឆមាសទី២ ឆ្នាំ២០២២ ហើយរោងចក្រទាំងនេះនឹងឆ្លងកាត់ការធ្វើតេស្តសាកល្បង មុននឹងដាក់ឱ្យដំណើរការពេញលេញចាប់ពីឆមាសទី២ ឆ្នាំ២០២៣។
រោងចក្រទាំង២នេះនឹងមានសមត្ថភាពផលិតប្រព័ន្ធកោសិកាឥន្ធនៈបានចំនួន១០០.០០០ក្នុងមួយឆ្នាំៗ បន្ថែមពីលើចំនួន២៣.០០០ដែលផលិតជារៀងរាល់ឆ្នាំចាប់តាំងពីឆ្នាំ២០១៨ មកនៅរោងចក្ររបស់ក្រុមហ៊ុន Hyundai Mobis ក្នុងទីក្រុង Chungju។
តាមការរំពឹងទុក រោងចក្រទាំង៣នេះនឹងពង្រឹងខ្សែសង្វាក់ផ្គត់ផ្គង់ប្រព័ន្ធកោសិកាឥន្ធនៈរបស់ក្រុមហ៊ុន Hyundai Motor Group នៅទូទាំងប្រទេសកូរ៉េខាងត្បូង៕ Korea Times