ដោយៈសុខុម
សេអ៊ូល: ក្រុមគ្រួសារសពលោក Lee Kun-hee ប្រធានក្រុមហ៊ុនយក្សរបស់កូរ៉េខាងត្បូង Samsung គ្រោងលក់ភាគហ៊ុន ក្នុងក្រុមហ៊ុនបុត្រសម្ព័ន្ធ ដែលមានតម្លៃ២ទ្រីលានវ៉ុន (១,៦ពាន់លានដុល្លារអាមេរិក) ដើម្បីប្រមូលលុយមកបង់ពន្ធមរតក។ នេះបើយោងតាមសារព័ត៌មាន Korea Times ចុះផ្សាយនៅថ្ងៃសៅរ៍ ទី៩ តុលាកន្លងមកនេះ។
យោងតាមឯកសារផ្លូវការបង្ហាញថា លោកស្រី Hong Ra-hee ដែលជាភរិយារបស់លោក Lee Kun-hee គ្រោងលក់១៩,៩លានភាគហ៊ុន នៅក្នុងក្រុមហ៊ុន Samsung Electronics Co ដែលមានតម្លៃប្រមាណ ១,៤ទ្រីលានវ៉ុន (១,១៧ពាន់លានដុល្លារអាមេរិក)។
ភាគហ៊ុនទាំងនេះ មានចំនួនស្មើប្រមាណ០,៣៣%នៃតម្លៃក្រុមហ៊ុន Samsung ដែលជាក្រុមហ៊ុនផលិតបន្ទះឈីបធំបំផុតរបស់ពិភពលោក។
ឯកសារដដែលបញ្ជាក់ថា ការលក់ភាគហ៊ុននេះ ធ្វើឡើងដើម្បីប្រមូលលុយយកមក “បង់ពន្ធមរតក”។
លោក Lee Kun-hee ដែលជាបុរសមានទ្រព្យសម្បត្តិច្រើនបំផុត នៅប្រទេសកូរ៉េខាងត្បូង បានបន្សល់ទុកទ្រព្យសម្បត្តិសុទ្ធច្រើន រហូតដល់ទៅ២៦ទ្រីលានវ៉ុន (២១,៧ពាន់លានដុល្លារអាមេរិក) ដោយរួមទាំងភាគហ៊ុនតម្លៃ១៩ទ្រីលានវ៉ុន (១៥,៨៨ពាន់លានដុល្លារអាមេរិក)ផងដែរ ក្រោយពីលោកទទួលមរណភាពកាលពីឆ្នាំ២០២០ ក្នុងឆ្នាំ៧៨ឆ្នាំ។
ក្នុងចំណងអាពាហ៍ពិពាហ៍ លោកមានកូនចំនួន៣នាក់ ដោយក្នុងនោះកូនប្រុសម្នាក់ឈ្មោះ Jae-yong និងកូនស្រី២នាក់ឈ្មោះ Boo-jin និង Seo-hyun។
នៅពេលដំណើរការលក់ភាគហ៊ុននេះ ត្រូវបានបញ្ចប់ជាស្ថាពរ ភាគហ៊ុនរបស់លោកស្រី Hong Ra-hee នឹងធ្លាក់ចុះពីចំនួន២.៣ភាគរយនាពេលបច្ចុប្បន្ន មកនៅត្រឹម១,៩៧%។
កូនស្រីឈ្មោះ Boo-jin ដែលជាប្រធានក្រុមហ៊ុនបុត្រសម្ព័ន្ធមួយទៀត Hotel Shilla Co ក៏បានប្រកាសតាមរយៈឯកសារផ្លូវការដែរថា លោកស្រីមានគម្រោងលក់ភាគហ៊ុនដែលមានតម្លៃ២៤២.២ពាន់លានវ៉ុន (២០២លានដុល្លារអាមេរិក) នៅក្នុងក្រុមហ៊ុន Samsung SDS Co។
ទន្ទឹមនេះកូនស្រីម្នាក់ទៀតឈ្មោះ Seo-hyun ដែលជាប្រធានមូលនិធិសុខុមាលភាពសាមសុង (Samsung Welfare Foundation) មានគម្រោងលក់ភាគហ៊ុនតម្លៃ២៤៧.៣ពាន់លានវ៉ុន (២០៦លានដុល្លារអាមេរិក) ក្នុងក្រុមហ៊ុនធានារ៉ាប់រងអាយុជីវិត Samsung Life Insurance Co និងភាគហ៊ុនតម្លៃ២៤២.២ពាន់លានវ៉ុន (២០២លានដុល្លារអាមេរិក) ក្នុងក្រុមហ៊ុន Samsung SDS Co។
ភាគហ៊ុនសរុបបញ្ចូលគ្នា ដែលសមាជិកគ្រួសារ Lee លក់មានចំនួនប្រមាណ២,១ទ្រីលានវ៉ុន (១,៧៥ពាន់លានដុល្លារអាមេរិក)។
កាលពីខែមេសា ដើមឆ្នាំ២០២១ នេះសមាជិកគ្រួសារ Lee បានទម្លាយឱ្យដឹងថា ពួកគេមានគម្រោងបង់ពន្ធមរតក រហូតដល់ប្រមាណ១២ទ្រីលានវ៉ុន (១០ពាន់លានដុល្លារអាមេរិក) ក្នុងរយៈពេល៥ឆ្នាំខាងមុខនេះ៕ Yonhap៕