ដោយៈគង់ សិរីម៉ាលីនណា
ភ្នំពេញៈ ប្រទេសកម្ពុជាទទួលបានពីការនាំចេញទំនិញ (ដកមាស) ក្នុងរយៈពេល ៨ ខែ ឆ្នាំ ២០២១ មានជាង ១១ ពាន់លានដុល្លារ កើនឡើងជាង២០ភាគរយ បើធៀបនឹងរយៈពេលដូចគ្នាឆ្នាំ ២០២០ ខណៈការនាំចូលទំនិញ (ដកមាស) កើនជាង ២៦ ភាគរយ។ នេះបើយោងតាមទិន្នន័យពីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ។
របាយការណ៍និន្នាការសេដ្ឋកិច្ច-សង្គម បានបង្ហាញឲ្យដឹងកាលពីសប្តាហ៍៍មុនថា ចាប់ពីខែមករា ដល់ខែសីហា ឆ្នាំ២០២១ ការនាំចេញទំនិញរបស់កម្ពុជា (ដកមាស) សម្រេចបានក្នុងទំហំទឹកប្រាក់១១,១០១លានដុល្លារ កើនl;G២០,៤ ភាគរយបើធៀបទៅនឹងរយៈពេលដូចគ្នាឆ្នាំ ២០២០។ កំណើននេះបានមកពីការនាំចេញកង់ គ្រឿងសង្ហារិមកៅស៊ូ ក្តារកុងប្លាកេ សូឡា ខ្សែភ្លើង,គ្រឿងផ្គុំខ្សែភ្លើង គ្រឿងអេឡិចត្រូនិក និងផលិតផលកសិផលជាដើម។
ដោយឡែកការនាំចូលទំនិញ (ដកមាស) មានទឹកប្រាក់១៤,៦ពាន់លានដុល្លារ កើន២៦,៧ភាគរយ។ កំណើននៃការនាំចូលនេះ ដោយសារការកើនឡើងការនាំចូលក្រណាត់, គ្រឿងសំណង់, ប្រេងឥន្ធនៈ និងទំនិញផ្សេងៗ។
យោងតាមរបាយការណ៍ដដែលបានឲ្យដឹងថា សេដ្ឋកិច្ចកម្ពុជានៅតែបន្តទទួលរងផលប៉ះពាល់ពីវិបត្តិជំងឺកូវីដ ១៩ ជាពិសេសព្រឹត្តិការណ៍សហគមន៍ ២០ កុម្ភៈ ដែលបានអូសបន្លាយរហូតមកដល់បច្ចុប្បន្ន និងបានដាក់សម្ពាធមកលើសូចនាករសំខាន់ៗនៃវិស័យជំរុញកំណើនសេដ្ឋកិច្ច។
អនុប្រធានសភាពាណិជ្ជកម្មកម្ពុជា លោកលឹម ហេង បានមានប្រសាសន៍ឲ្យដឹង ថា ទោះក្នុងអំឡុងពេលកូវីដ ១៩ បន្តការរីករាលដាល ក៏ការធ្វើពាណិជ្ជកម្មអន្តរជាតិរបស់កម្ពុជាមិនបានធ្លាក់ចុះនោះទេ។ លោកបន្តថា ការនាំចេញ និងនាំចូលរបស់កម្ពុជាសុទ្ធតែស្ថិតក្នុងរង្វង់កំណើនជាង ២០ ភាគរយដូចគ្នា នេះជាអត្រាកំណើនល្អ។
លោកបញ្ជាក់ថា “ខ្ញុំនៅតែមានសុទិដ្ឋិនិយម សម្រាប់ពាណិជ្ជកម្មអន្តរជាតិកម្ពុជា ជាពិសេសកំណើន នៃការនាំចេញផលិតផល តាមរយៈកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីទ្វេភាគីកម្ពុជា-ចិន និងជាមួយប្រទេសកូរ៉េខាងត្បូងក្នុងពេលឆាប់ៗ”។
ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្ដ្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ លោក អូន ព័ន្ធមុនីរ័ត្នបានមានប្រសាសន៍កាលពីពេលថ្មីៗនេះថា ផ្អែកលើការធ្លាក់ចុះជាបន្តបន្ទាប់នៃការឆ្លង ការឈឺធ្ងន់ធ្ងរ និងការស្លាប់ដោយសារកូវីដ១៩ កម្ពុជានឹងបើកសេដ្ឋកិច្ចសង្គមពេញលេញឡើងវិញក្នុងពេលឆាប់ៗ៕