ជប៉ុនផ្ដល់ហិរញ្ញប្បទានឥតសំណងដល់កម្ពុជាចំនួន៧២លានដុល្លារបន្ថែមសម្រាប់អភិវឌ្ឍន៍សេដ្ឋកិច្ចកម្ពុជា

ដោយៈវឌ្ឍនៈ

ភ្នំពេញៈ ប្រទេសជប៉ុនបានបន្តផ្ដល់កម្ចី និងជំនួយឥតសំណងដល់កម្ពុជាប្រមាណ៧២លានដុល្លារបន្ថែមទៀត សម្រាប់ឱ្យកម្ពុជាយកមកអភិវឌ្ឍន៍ប្រទេស ក្នុងពេលដែលកម្ពុជា កំពុងត្រូវការជំនួយសម្រាប់ស្ដារសេដ្ឋកិច្ចឡើងវិញពីវិបត្តិកូវីដ១៩។

យោងតាមសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិនៅថ្ងៃទី១១តុលា ២០២១នេះឱ្យដឹងថា លោកប្រាក់សុខុន រដ្ឋមន្ត្រីក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ និងលោកមិកាមិ ម៉ាសាហ៊ីរ៉ូឯកអគ្គរាជទូតជប៉ុនប្រចាំប្រទេសកម្ពុជា បានចុះហត្ថលេខាលើលិខិតប្តូរសារ និងឯកសារពាក់ព័ន្ធស្ដីពីការផ្ដល់ឥណទានសម្បទាន និងហិរញ្ញប្បទានឥតសំណងរបស់ជប៉ុន ក្នុងទំហំទឹកប្រាក់សរុបទាំងអស់ ៧.៩៣៩លានយ៉េន ឬប្រមាណ៧២លានដុល្លារអាមេរិក ដើម្បីរួមចំណែកដល់ការលើកកម្ពស់ការអភិវឌ្ឍសេដ្ឋកិច្ចសង្គម ប្រទេសកម្ពុជា សម្រាប់អនុវត្តន៍គម្រោងចំនួន៦។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

ថ្លែងនៅក្នុងពិធីចុះហត្ថលេខាលើលិខិតប្ដូរសារ និងឯកសារពាក់ព័ន្ធ ស្តីពីការផ្តល់ឥណទានសម្បទាន និងហិរញ្ញប្បទានឥតសំណង របស់ជប៉ុននេះ  លោក ឧបនាយករដ្ឋមន្រ្តីប្រាក់ សុខុន បានគូសបញ្ជាក់ថា ពិធីចុះហត្ថលេខានៅក្នុងថ្ងៃនេះ គឺជាសក្ខីភាពនៃការបន្ត ជួយគាំទ្ររបស់ជប៉ុនដល់កម្ពុជា បើទោះបីជាមានការរីករាលដាលនៃជំងឺកូវីដ-១៩ក្តី ហើយដែលជាការជួយគាំទ្រយ៉ាងរឹងមាំ ដល់ការអភិវឌ្ឍន៍នៅកម្ពុជា។

លោកបន្តថា “ប្រទេសជប៉ុនបាននិងកំពុងជួយគាំទ្រដល់កម្ពុជា ក្នុងការប្រយុទ្ធ ប្រឆាំងនឹងជំងឺកូវីដ-១៩ តាមរយៈការផ្តល់ឥណទានសម្បទាន ហិរញ្ញប្បទានឥតសំណង និងវ៉ាក់សាំង ហើយដែលជំនួយសប្បុរសធម៌”។ លោកបន្តថា “ទាំងនេះឆ្លុះបញ្ចាំងនូវទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការដ៏ជិតស្និទ្ធ រវាងប្រទេសកម្ពុជា និងជប៉ុន ព្រមទាំងបានរួមចំណែកដល់យុទ្ធនាការ ចាក់វ៉ាក់សាំងនៅទូទាំងប្រទេសរបស់កម្ពុជាផង”។

លោកប្រាក់ សុខុនបានបន្តថា ជំនួយរបស់ជប៉ុនបាន និងកំពុងរួមចំណែកយ៉ាងសំខាន់ដល់ការអភិវឌ្ឍន៍សង្គម និងធនធានមនុស្សនៅកម្ពុជា   ហើយជំនួសមុខឱ្យរដ្ឋា​ភិបាលនិងប្រជាជនកម្ពុជា សូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ចំពោះរដ្ឋាភិបាល និងប្រជាជនជប៉ុនដែលតែងតែបន្តជួយដល់កម្ពុជា។

លោកបន្ថែមថា ប្រទេសជប៉ុនគឺជាស្ថាបត្យករ ដ៏សកម្មនៅក្នុងដំណើរការស្វែងរកសន្តិភាព នៅក្នុងប្រទេសកម្ពុជា ហើយនិងបានរួមចំណែកយ៉ាងសំខាន់បំផុត ដល់ដំណើរការកសាងប្រទេសកម្ពុជាឡើងវិញ ក្រោយសង្រ្គាមហែកហួរប្រទេស និងការបំផ្លិចបំផ្លាញអស់ជាច្រើនទសវត្សរ៍៕

LEAVE A REPLY

Please enter your comment!
Please enter your name here