អ្នកជំនាញថាតម្លៃដីនៅផ្លូវ៥១ នៅបន្តទ្រឹង តែរំពឹងថានឹងកើនឡើងនាពេលអនាគត

ដោយៈ សុផារី

ភ្នំពេញៈ លោកឧកញ៉ាសំ សុខនឿន ប្រធានសមាគមអចលនទ្រព្យសកល បានមានប្រសាសន៍ថា ការរីករាលដាលជំងឺកូវីដ១៩ បានធ្វើឱ្យតម្លៃដីនៅតាមផ្លូវ៥១ជាប់នៅទ្រឹងនៅឡើយ ប៉ុន្តែនឹងកើនឡើងខ្ពស់នាពេលអនាគត។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

យោងតាមការអះអាងរបស់លោកឧកញ៉ា តម្លៃដីធ្លីនៅតាមផ្លូវធំនិងកៀកនឹងថ្នល់ទទឹង តម្លៃអាចឡើងដល់១៥០ដុល្លារក្នុងមួយម៉ែត្រការ៉េ អាស្រ័យតាមទីតាំងកាន់តែឆ្ងាយកាន់អាចធ្លាក់ចុះរហូតត្រឹម៥០ដុល្លារក្នុងមួយម៉ែត្រការ៉េ។

លោកឧកញ៉ាបានលើកឡើងបន្តថា “ពិតមែនតែតម្លៃដីនៅមានលក្ខណៈទ្រឹង តែវានៅមានឱកាសកើនឡើង”។
លោកឧកញ៉ាបានពន្យល់ថា វាជាផ្លូវមានសក្តានុពលសេដ្ឋកិច្ចខ្ពស់ ព្រោះជាខេត្តដែលស្ថិតនៅចន្លោះក្រុងភ្នំពេញ និងផ្លូវក្រវាត់ក្រុងផង ដែលមានភាពងាយស្រួលក្នុងការដឹកជញ្ជូនមកកាន់រាជធានីភ្នំពេញ ឬឆ្លងទៅកាន់កំពង់ផែក្រុងព្រះសីហនុ ហេតុនេះ គឺមានឥទ្ធិពលខ្លាំងទៅលើតម្លៃដី។

លោកឧកញ៉ាសំ សុខនឿនបានបន្តថា យើងសង្កេតឃើញថាតំបន់ផ្លូវ៥១ បច្ចុប្បន្នមានគម្រោងមួយចំនួនកំពុង ដែលកំពុងកសាងបន្ថែមទៀត មានដូចជា លំនៅដ្ឋាន កន្លែងលក់ទំនិញ តំបន់ឧស្សាហកម្ម រោងចក្រ និងឃ្លាំងស្តុកទំនិញ ជាដើម ដូចជាតំបន់ឧស្សាហកម្មកាណាឌីយ៉ា និងតំបន់ឧស្សាហកម្មផ្សេងៗទៀតជាច្រើន ដោយសារការពង្រីកទីក្រុងភ្នំពេញ និងជាទីតាំងល្អអំណោយផល លើវិស័យឧស្សាហកម្មផងរោងចក្រផងដែរ។

លោកឧកញ៉ាបានបន្តថា ដោយឡែកអ្វីដែលអ្នកសាងសង់ គាត់ទុកចិត្តនោះគឺ ក្រោយវិបត្តិកូវីដ១៩ សម្ដេចតេជោ ហ៊ុន សែន យើងនឹងធ្វើការសហការយ៉ាងស្អិតរមួតជាមួយនឹងខាងភាគីចិន ដើម្បីជំរុញការវិនិយោគបន្ថែមថ្មីៗទៀត ដែលនាំឱ្យមានរោងចក្រចូលមកកាន់ប្រទេសកម្ពុជាយើងថ្មីៗទៀត។ នោះតម្លៃដីធ្លីតាមផ្លូវ 51 នេះនឹងមានការកើនឡើង ប៉ុន្តែនាពេលឥឡូវនេះវានៅមានតម្លៃត្រឹងនៅឡើយទេ។

ជាមួយគ្នានេះ លោកស្រីអាន សុធីតា អគ្គនាយិកាក្រុមហ៊ុន PropNex Cambodia បានបញ្ចាក់ថា ទាក់ទងជាមួយនឹងតម្លៃដីធ្លីនៅផ្លូវ៥១ គឺមានតម្លៃឱ្យចាប់ពី៥០ដុល្លារទៅ១០០ ដុល្លារក្នុងមួយម៉ែត្រការ៉េ អាស្រ័យតាមទីតាំងនិងទំហំដី។

លោកស្រីបន្តថា “ដោយសារតែកូវីត19 នៅមានស្ថានការណ៍តានតឹងនៅឡើយ តម្លៃដីក្នុងឆ្នាំ២០២១ នេះ មិនបានឡើងខ្ពស់គួរអោយកត់សម្គាល់នោះទេ ព្រោះផ្លូវ៥១ បានឡើងខ្ពស់ ក្នុងរយៈពេលពីរបីឆ្នាំចុងក្រោយនេះ ព្រោះផ្លូវនេះបានផ្លាស់ប្តូរមុខមាត់ពីតំបន់ឧស្សាហកម្ម មកតំបន់អចលនទ្រព្យលំនៅដ្ឋាន”។

លោកស្រីអាន សុធីតាបានបន្តថា ក្នុងរយៈពេលពីរឆ្នាំចុងក្រោយនេះ តម្លៃសឹងតែបានឡើងមួយគុណនឹងពីរទៅហើយ អញ្ចឹងការឡើងវានៅមានកម្រិត ហើយវាហ្នឹងទ្រឹង ដោយសារយើងជួបបញ្ហាកូវីដ១៩ ធ្ងន់ធ្ងរក្នុងឆ្នាំ ២០២១ ផងនោះ។

ដោយឡែកសម្រាប់សក្តានុពលសេដ្ឋកិច្ចរបស់ផ្លូវ៥១ លោកស្រីអាន សុធីតារំពឹងថា វាអាចនឹងមានសក្តានុពលជាងនេះហ្នឹង នៅក្នុងរយៈពេល២ ទៅ៣ឆ្នាំខាងមុខទៀត៕

LEAVE A REPLY

Please enter your comment!
Please enter your name here