ហេដ្ឋារចនាសម្ព័ន្ឋកម្រិតជាតិធំៗចំនួន៦ស្ថិតក្នុងផែនការអាទិភាពសំរាប់ឆ្នាំ២០២២

ដោយៈគង់ សូរិយា

ភ្នំពេញៈ រដ្ឋាភិបាលបាននិងកំពុងដាក់ចេញ ផែនការចខ្ចីឥណទាន ដើម្បីអភិវឌ្ឍន៍​វិស័យជាច្រើននៅកម្ពុជា ក្នុងនោះហេដ្ឋារចនាសម្ព័ន្ឋកម្រិតជាតិធំៗចំនួន៦ បានស្ថិតក្នុងផែនការអាទិភាព។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

ហេដ្ឋារចនាសម្ព័ន្ឋធំៗជាគំរោងអាទិភាពទាំងនោះរួមមានដូចជា ទី១ គម្រោងសាងសង់ស្ពានទន្លេមេគង្គ និងផ្លូវតភ្ជាប់ខេត្តក្រចេះ ទី២ គម្រោងពង្រីកកំណាត់ផ្លូវជាតិលេខ៧ (ស្គន់ កំពង់ចាម) ទី៣ គម្រោងរៀបចំច្រកទ្វារអន្តរជាតិស្ទឹងបត់ និងផ្លូវតភ្ជាប់ផ្លូវជាតិលេខ៥ ជំហានទី២ ទី៤ គម្រោងធ្វើឱ្យប្រសើរឡើងនូវកំណាត់ផ្លូវជាតិលេខ៥ ពីធ្លាម្អមខេត្តពោធិ៍សាត់ ទៅក្រុងបាត់ដំបង និងក្រុងសិរីសោភ័ណ (កញ្ចប់ឥណទានដំណាក់កាលទី៣) គម្រោងកែលម្អបណ្ដាញតភ្ជាប់ជនបទដោយចីរភាព និងទី៦ គម្រោងសាងសង់ស្ពានមិត្តភាពកម្ពុជា កូរ៉េ។

យោងតាមសេចក្តីព្រាងច្បាប់ស្តីពី ហិរញ្ញវត្ថុសម្រាប់ការគ្រប់គ្រងឆ្នាំ២០២២ ដែលត្រូវបានកិច្ចប្រជុំពេញអង្គគណៈរដ្ឋមន្ត្រីអនុម័ត នៅព្រឹកថ្ងៃទី២២ ខែតុលា ឆ្នាំ២០២១នេះ ក្រោមអធិបតីភាព សម្តេចតេជោហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានកំណត់ទំហំនៃការខ្ចីប្រាក់ពីដៃគូអភិវឌ្ឍន៍ ក្នុងកម្រិត១៦០០លាន SDR គឺមានការកើនឡើង១០០លាន SDR ធៀបនឹងច្បាប់ថវិកាឆ្នាំ២០២១ ដោយឈរលើមូលដ្ឋាននៃការគិតគូរ និងផ្អែកលើទិដ្ឋភាពសំខាន់ៗ រួមមាន: ១. តម្រូវការវិនិយោគសាធារណៈ ដែលមានទំហំកាន់តែធំ ដើ ម្បីស្តារនិងជំរុញកំណើនសេដ្ឋកិច្ចឡើងវិញ នៅក្រោយពេលមានការរីករាលដាលនៃជំងឺកូវីដ១៩ សាកស្រាន្ត។

២គម្រោងអភិវឌ្ឍន៍ដែលនឹងចុះកិច្ចព្រមព្រៀងឥណទាន សម្បទានក្នុងឆ្នាំ២០២១ ជាគម្រោងវិនិយោគសាធារណៈក្នុងវិស័យអាទិភាព ហើយចេះតែរំកិលពីឆ្នាំមុនៗមក តែមានចរិតយុទ្ធសាស្ត្រ ក្នុងការទ្រទ្រង់ដល់ចីរភាព នៃកំណើនសេដ្ឋកិច្ចក្នុងរយៈពេលមធ្យមនិងវែង។ ៣. ឥណទានមានកម្រិតសម្បទានខ្ពស់។ ៤. ស្ថានភាពបំណុលសាធារណៈកម្ពុជាបច្ចុប្បន្ន និងក្នុងរយៈពេលមធ្យមនៅតែមានចីរភាព និងហានិភ័យកម្រិតទាប។ ៥. ការបន្តបង្កើនប្រសិទ្ធភាពខ្ពស់ ក្នុងការគ្រប់គ្រងនិងអនុវត្តគម្រោង៕

LEAVE A REPLY

Please enter your comment!
Please enter your name here