ដោយៈសិរីជេស៊ីកា
ភ្នំពេញៈ តំណាងរាស្រ្តខេត្តកំពង់ស្ពឺនិងជាប្រធានសហភាពសហព័ន្ឋយុវជនកម្ពុជា លោកហ៊ុន ម៉ានីបានមានប្រសាសន៍ឲ្យដឹងថា កីឡដ្ឋានខេត្តកំពង់ស្ពឺនឹងបញ្ចប់នៅឆ្នាំ២០២២ឆាប់ៗខាងមុខនេះ។
លោកហ៊ុន ម៉ានីបានសរសេរលើបណ្តាញទំនាក់ទំនងសង្គមរបស់ខ្លួនកាលពីចុងសប្តាហ៍មុនថា “បើទោះជាខ្ញុំមិនបានចូលរួមដំណើរដោយផ្ទាល់ក្តី (due to direct contact) ការយកចិត្តទុកដាក់លើដំណើរការសាងសង់ កីឡដ្ឋានខេត្តកំពង់ស្ពឺយើង នៅតែជាអាទិភាពមួយសម្រាប់ខ្ញុំ”។
លោកបន្តថា តាមការឲ្យដឹងពីក្រុមការងារ ដែលបានចុះផ្ទាល់ ដំណើរការសាងសង់បាន និងកំពុងប្រព្រឹត្តិទៅយ៉ាងសស្រាក់សស្រាំ ឈានឆ្ពោះទៅការបិទបញ្ចប់ជាស្ថាពរនៅក្នុងឆ្នាំ២០២២ ឆាប់ៗខាងមុខនេះ។
លោកហ៊ុន ម៉ានីបានបន្តទៀតថា “ជាថ្មីម្តងទៀត ខ្ញុំសូមអរគុណដល់ក្រុមការងារខ្ញុំផ្ទាល់ និងក្រុមការសារសាងសង់ ដែលបានយកចិត្តទុកដាក់តាមភារកិច្ចរបស់ខ្លួន”។លោកបន្តថា “ខ្ញុំក៏មិនភ្លេច ចូលរួមជាថ្មីម្តងទៀត អបអរសាទរដល់អ្នកកំពង់ស្ពឺយើង ចំពោះសមិទ្ធិផលថ្មីមួយទៀត ដែលនឹងលេចចេញជារូបរាងនៅក្នុងពេលដ៏ខ្លីខាងមុខនេះ”៕