ដោយៈ សុផារី
សៀមរាបៈ លោកទេសរដ្ឋមន្រ្តី ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន និងជាអនុប្រធានប្រចាំការ នៃគម្រោងស្ថាបនាហេដ្ឋារចនាសម្ព័ន្ធផ្លូវ៣៨ខ្សែនៅក្នុងក្រុងសៀមរាប ខេត្តសៀមរាបបានអះអាងថា ផ្លូវទាំងនេះនឹងបញ្ចប់នៅខែធ្នូ ចុងឆ្នាំ២០២១នេះ។
ក្នុងឱកាសអញ្ជើញដឹកនាំក្រុមការងារបច្ចេកទេស ចុះពិនិត្យវឌ្ឍនភាពគម្រោងស្ថាបនាហេដ្ឋារចនាសម្ព័ន្ធផ្លូវ៣៨ខ្សែ នៅក្រុងសៀមរាប ខេត្តសៀមរាបកាលពីថ្ងៃទី២៥ តុលាកន្លងមកនេះ លោកស៊ុន ចាន់ថុលបានឲ្យដឹងថា ការចុះត្រួតពិនិត្យការស្ថាបនាផ្លូវនេះធ្វើឡើង ក្នុងគោលបំណងដើម្បីពិនិត្យមើលគុណភាពផ្លូវ ការងារអ៊ុតកៅស៊ូ (AC) ស្របតាមលក្ខណៈបច្ចេកទេស ដែលនឹងធ្វើឱ្យឃើញយ៉ាងច្បាស់នូវមុខមាត់ថ្មី នៃក្រុងមួយនេះ ព្រមទាំងការតភ្ជាប់ប្រព័ន្ធលូចាស់-ថ្មី ដើម្បី សម្រួលកុំឱ្យលិចទឹក និងអាចឱ្យបងប្អូនប្រជាពលរដ្ឋអាចអាស្រ័យប្រើប្រាស់បាន។
លោកបន្តថា ការចុះពិនិត្យនេះក៏ក្នុងគោលបំណង ដើម្បីពិនិត្យមើលវឌ្ឍនភាពការងាររួម និងផ្តល់គោលការដោះស្រាយនូវបញ្ហាប្រឈមនានា ជំរុញឱ្យអង្គភាពសាងសង់ អនុវត្តតាមលក្ខណៈបច្ចេកទេស សៀវភៅបន្ទុកឱ្យបានត្រឹមត្រូវ និងស្តង់ដារ ដែលអាចទទួលយកបាន ពោលគឺធ្វើផ្លូវឱ្យមានគុណភាពរឹងមាំ អាចប្រើប្រាស់ជាប់បានយូរអង្វែង និងបញ្ចប់តាមផែនការគ្រោងទុក។
យោងតាមរបាយការណ៍របស់អគ្គនាយកដ្ឋានបច្ចេកទេស នៃក្រសួងសាធារណការ និងដឹកជញ្ជូនឱ្យដឹងថា វឌ្ឍនភាពគម្រោងសាងសង់ ហេដ្ឋារចនាសម្ព័ន្ធផ្លូវ៣៨ខ្សែនៅក្រុងសៀមរាប ខេត្ត សៀមរាបនេះ គិតត្រឹមថ្ងៃទី១៥ ខែតុលា ឆ្នាំ២០២១ ឬរយៈពេលជាង ១១ខែ សម្រេចបាន៨៣,៨៧%នៃទំហំការងារសរុប (២% លឿនជាងផែនការ)។ គម្រោងនេះគ្រោងបញ្ចប់ការស្ថាបនា នៅចុង ខែធ្នូ ឆ្នាំ២០២១ ខាងមុខនេះ។
គម្រោងសាងសង់ផ្លូវចំនួន៣៨ខ្សែ ក្នុងទីរួមខេត្តសៀមរាប នេះមានគោលដៅប្រែក្លាយក្រុងសៀមរាបខេត្តសៀមរាប ឱ្យក្លាយជាទីក្រុងដ៏ទំនើប ពោរពេញដោយសោភ័ណភាព បរិស្ថានល្អ សម្រាប់ការរស់នៅឱ្យសក្តិសមជាទីក្រុងទេសចរណ៍ វប្បធម៌ និងប្រវត្តិសាស្ត្រ អាចទាក់ទាញភ្ញៀវទេសចរណ៍បានកាន់តែច្រើន សំដៅលើកស្ទួយសេដ្ឋកិច្ចជាតិឱ្យកាន់តែមានការរីកចម្រើន ព្រមទាំងធ្វើឱ្យប្រសើរឡើងដល់ តភ្ជាប់ពីទីប្រជុំជនក្រុងសៀមរាបទៅកាន់តំបន់ដាច់ស្រយាលផងដែរ។
គម្រោងកែលម្អហេដ្ឋារចនាសម្ព័ន្ធ ក្នុងក្រុងសៀមរាបខេត្តសៀមរាប ចំនួន៣៨ខ្សែនេះមានប្រវែងសរុប១០៦,៤២៤គីឡូម៉ែត្រ ប្រើប្រាស់ថវិកាជាតិសរុបប្រមាណ ១៤៩លានដុល្លារអាមេរិក ដោយក្នុងនោះចំនួន៩លានដុល្លារអាមេរិក ចំណាយលើការងារចាំបាច់ក្នុងការរៀបចំ ស្ថាបនាប្រព័ន្ធបង្ហូរទឹកភ្លៀងនិងទឹកកខ្វក់៕