ដោយៈម៉ាលីនណា
ភ្នំពេញៈ អ្នកនាំចេញនៅកម្ពុជាមានសុទិដ្ឋិនិយមថា ការនាំទំនិញចេញពីទៅកាន់ប្រទេសអូស្រ្តាលី ជាពិសេសវិស័យស្រូវអង្ករ នឹងមានភាពល្អប្រសើរឡើងវិញ គ្រាដំណើរទស្សនកិច្ចរបស់ភាគីរដ្ឋាភិបាលអូស្រ្តាលីមកកាន់កម្ពុជា ត្រូវបានបញ្ចប់ជាស្ថាបពរ។
លោកឧកញ៉ាសុង សារ៉ន ប្រធានសហព័ន្ធស្រូវអង្ករកម្ពុជាបានមានប្រសាសន៍ឲ្យដឹងកាលពីថ្ងៃទី៨ ខែវិច្ឆិកា ឆ្នាំ២០២១កន្លងមកថា ក្នុងដំណើរទស្សនកិច្ចរបស់លោកស្រី ម៉ារីស ផេន រដ្ឋមន្រ្តីក្រសួងការបរទេស និងរដ្ឋមន្រ្តីក្រសួងកិច្ចការនារីរបស់អូស្រ្តាលី ក្នុងនាមវិស័យឯកជនលោកគិតថា ទំនាក់ទំនងពាណិជ្ជម្មនិងការវិនិយោគ ជាមួយអូស្រ្តាលី នឹងមានផលវិជ្ជមានល្អប្រសើរ ជំរុញឲ្យមានការអភិវឌ្ឍលើវិស័យកសិកម្ម និងការនាំចេញកាន់តែទៅមុខថែមទៀត ហើយនេះជាអ្វីដែលយើងសិក្សាស្រាវជ្រាវ អំពីតម្រូវការអូស្រ្តាលីបន្ថែម ដែលមានសក្តានុពលសម្រាប់កសិផល មិនថាតែអង្ករទេ។
លោកបានបន្តថា ការនាំអង្ករចេញពីកម្ពុជា ទៅទីផ្សារអន្តរជាតិ ក៏ដូចជាប្រទេសអូស្រ្តាលីបច្ចុប្បន្ននេះ ក្រៅពីជួបបញ្ហាការរាលដាលនៃជំងឺកូវីដ១៩ សម្រាប់វិស័យដឹកជញ្ជូនក៏នៅតែជួបបញ្ហាប្រឈមដែរ ដោយសារប្រទេសមួយៗមាននីតិវិធីប្រព័ន្ធនៃការអនុវត្តភូមភាគអនាម័យ, ប្រព័ន្ធនៃការគ្រប់គ្រងសុវត្ថិភាពចំណីអាហារខុសៗគ្នា។ លោកឲ្យដឹងទៀតថា ចំពោះទីផ្សារអូស្រ្តាលី កម្ពុជាទើបនាំចូលបានប្រមាណជាង១ឆ្នាំទេ ប៉ុន្តែមានការយល់ដឹងច្រើនអំពីប្រព័ន្ធសុវត្ថិភាពរបស់គាត់។
លោកឧកញ៉ាសុង សារ៉នបានសម្តែងសុទិដ្ឋិនិយមថា នាពេលខាងមុខ កម្ពុជានឹងអាចទាក់ទាញវិនិយោគទុនអូស្រ្តាលី បង្កើនការវិនិយោគទៅលើវិស័យ កែច្នៃចំណីអាហារ កសិកម្ម កសិ-ឧស្សាហកម្ម និងការបង្កើនការទិញអង្ករកម្ពុជា ជាពិសេសគឺអង្ករប្រភេទផ្ការំដួល ដែលជាអង្ករលេខ១របស់កម្ពុជា ដើម្បីឲ្យយើងមានលទ្ធភាពជួយដល់បងប្អូនកសិករដែលដាំផលិតផលអង្ករក្រអូបនេះ៕