ដោយៈលក្ខិណា
ភ្នំពេញៈ ប្រមុខរដ្ឋនៃប្រទេសទាំងពីរ បានឯកភាពក្នុងការជំរុញពង្រឹងនិងពង្រីកកិច្ចសហប្រតិបត្តិការលើវិស័យ ដែលមានសក្ដានុពលសម្រាប់ប្រទេសទាំងពីរ រួមមានវិស័យសេដ្ឋកិច្ច ពាណិជ្ជកម្ម ទេសចរណ៍ សុខាភិបាល និងវិស័យដទៃទៀត រួមទាំងការផ្លាស់ប្តូរដំណើរទស្សនកិច្ចរវាងប្រទេសទាំងពីរផង ដើម្បីជំរុញការងារឱ្យបានទទួលជោគជ័យ ។
លោកអ៊ាង សុផល្លែត ជំនួយការផ្ទាល់សម្តេចតេជោបានឱ្យដឹងថា ក្នុងក្របខ័ណ្ខទ្វេភាគី សម្តេចតេជោនិងលោក ជេណេស ចេនហ្សា នាយករដ្ឋមន្ត្រីនៃសាធារណរដ្ឋស្លូវេនីកាលពីល្ងាចថ្ងៃទី៩វិច្ឆិកា២០២១ ភាគីទាំងពីរបានឯកភាពគ្នាជម្រុញពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការលើវិស័យ ដែលមានសក្តានុពលសម្រាប់ប្រទេសទាំងពីរ រួមមាន វិស័យសេដ្ឋកិច្ចពាណិជ្ជកម្ម ទេសចរណ៍ សុខាភិបាល និងវិស័យដទៃទៀត រួមទាំងការផ្លាស់ប្ដូរដំណើរទស្សនកិច្ច រវាងប្រទេសទាំងពីរផង ដើម្បីជំរុញការងារនេះឲ្យទទួលបានជោគជ័យ។
លោកបន្តថា សម្ដេចតេជោ ហ៊ុន សែន និងលោក ចេនហ្សា បានឯកភាពគ្នាប្រគល់ការងារជូនក្រសួងការបរទេសទាំងពីរ ដើម្បីពិនិត្យ និងសហការគ្នាធ្វើយ៉ាងណារៀបចំការលើកលែងទិដ្ឋាការសម្រាប់អ្នកការទូត និងសម្រាប់អ្នកធ្វើដំណើរផ្លូវការ រវាងប្រទេសទាំងពីរ។
លោកបន្តថា “ក្នុងនាមជាប្រធានអាស៊ាន និងប្រធានប្ដូរវេន នៃសហភាពអឺរ៉ុប សម្ដេចតេជោ ហ៊ុន សែន និងលោក ចេនហ្សា បានឯកភាពគ្នាពង្រឹងកិច្ចសហប្រតិបត្តិការក្នុងការប្រយុទ្ធប្រឆាំងនឹងកូវីដ-១៩ ជំរុញកិច្ចចរចារពាណិជ្ជកម្មសេរីរវាងអាស៊ាន និងអឺរ៉ុប និងសហការធ្វើយ៉ាងណា ឱ្យដំណើរការកិច្ចប្រជុំអាស៊ី អឺរ៉ុប នាពេលខាងមុខទទួលបានជោគជ័យ”។
នៅក្នុងជំនូបនេះ លោក ចេនហ្សា បានគោរពអញ្ជើញសម្តេចតេជោដើម្បីទៅធ្វើការទស្សនាកិច្ចនៅប្រទេសស្លូវេនី ហើយសម្ដេចក៏បានទទួលយកនូវការអញ្ជើញនេះ សម្តេចបានជម្រាបជូនលោកនាយករដ្ឋមន្ត្រីស្លូវេនីថា “សម្តេចនឹងអញ្ជើញទៅបំពេញទស្សនកិច្ចនៅប្រទេសស្លូវេនីនៅដើមឆ្នាំក្រោយ”៕