ដោយៈគង់ សូរិយា
ភ្នំពេញៈ ព្រលានយន្តហោះភ្នំពេញថ្មីជាប្រភេទ 4F គឺប្រភេទព្រលានយន្តហោះធំ ដែលអាចនឹងស្រូបយក និងទទួលបានការហោះហើរពីឆ្ងាយឆ្លងទ្វីប ដែលអាចឲ្យប្រភេទយន្តហោះធុនយក្ស រហូតដល់ Airbus A380-800 និង យន្តហោះ Boeing 747-800 ចុះចតបាន។
ក្រុមហ៊ុនវិនិយោគមានមហិច្ឆិតា អភិវឌ្ឍន៍ជាព្រលានយន្តហោះថ្មីនេះឲ្យធំ និងទំនើបជាងគេនៅតំបន់អាស៊ី។
អ្នកឧកញ៉ាពុង ឃាវសែ អគ្គនាយកក្រុមហ៊ុន OCIC ដែលជាអ្នកទទួលបានសិទ្ធិសាងសង់ អាកាសយានដ្ឋានអន្តរជាតិថ្មីនេះ ធ្លាប់បានបង្ហាញមហិច្ឆតារបស់ខ្លួន សាងសង់អាចនឹងរួចរាល់នៅឆ្នាំ២០២៣ ដែលរហូតមកដល់ពេលបច្ចុប្បន្នេះ ដំណើរការសាងសង់សម្រេចបាន ប្រមាណ២៧ភាគរយហើយ នៃគម្រោងទាំងមូល។
អគ្គនាយកក្រុមហ៊ុន OCIC ដែលជាក្រុមហ៊ុនបានចូលរួម កសាងសមិទ្ធផលជាច្រើននៅកម្ពុជានេះបានឱ្យដឹងថា សំណង់ដែលកំពុងសាងសង់នាពេលបច្ចុប្បន្ននេះរួមមាន ស្ថានីយអ្នកដំណើរ មានផ្ទៃក្រឡា ២៤៣គីឡូម៉ែត្រក្រឡា មជ្ឈមណ្ឌលផ្គត់ផ្គង់ថាមពល ទីលានចំណតយន្តហោះទំហំ១៨៩ហិកតា ស្ថានីយត្រួតពិនិត្យចរាចរណ៍ ផ្លូវអាកាសកម្ពស់ ១១៨ម៉ែត្រ ការងារតភ្ជាប់ផ្លូវពីអាកាសយានដ្ឋានអន្តរជាតិភ្នំពេញថ្មី ទៅមហាវិថីសម្តេចតេជោ ហ៊ុន សែន ដោយមានផ្លូវប្រវែងជាង១១គីឡូម៉ែត្រ និងស្ពានបេតុងឆ្លងកាត់ស្ទឹងព្រែកត្នោតចំនួន២ ជីកប្រឡាយព័ទ្ធទំនប់ជុំវិញ អាកាសយានដ្ឋានប្រវែង២០គីឡូម៉ែត្រ សាងសង់អគារផ្សេងៗចំនួន១៩ មានដូចជា អគារស្ថានីយអ្នកដំណើរសម្រាប់ភ្ញៀវជាន់ខ្ពស់ ស្ថានីយកែច្នៃប្រព័ន្ធទឹកកខ្វក់ ស្ថានីយ៍ស្តុកសំណល់រឹង ស្ថានីយជួសជុលយានយន្ត ស្ថានីយស្តុកប្រេង ស្ថានីយស្តុកទំនិញ ស្ថានីយពន្លត់អគ្គិភ័យ និងអនុស្ថានីយអគ្គិសនី។ល។
គម្រោងក៏កំពុងដំណើរការ លើការងារស្តារបឹងជើងលោក ដោយសម្រេចបានទំហំ១៨ហិកតា ក្នុងជម្រៅពី៥ម៉ែត្រ ទៅ២២ម៉ែត្រ។ ក្រុមហ៊ុនគ្រោងនឹងស្តារបឹងបន្ថែមក្នុងទំហំ១០០ហិកតា។
បើតាមអ្នកឧកញ៉ា ពុង ឃាវសែ បច្ចុប្បន្នការដ្ឋានសំណង់អាកាសយានដ្ឋានអន្តរជាតិថ្មីនេះ បាននិងកំពុងប្រើប្រាស់កម្លាំងបុគ្គលិក និងកម្មករសរុប៣,៧៤០នាក់។ ក្នុងនោះកម្លាំងបុគ្គលិក និងកម្មករក្នុងស្រុកប្រមាណ៣,១២៥នាក់ និងបុគ្គលិក កម្មករមកពីបរទេសមកពីប្រទេសចំនួន៩ នៅអឺរ៉ុប និងអាស៊ីចំនួន៦១៥នាក់៕