ដោយ:លាងហួរ
ប៉េកាំង:ចាប់ពីការកសាងផ្លូវល្បឿនលឿនថ្មី រហូតដល់ការជួសជុលបណ្តាញដឹកជញ្ជូន ប្រទេសចិនបាននឹងកំពុងពង្រីក និងធ្វើទំនើបកម្មបណ្តាញដឹកជញ្ជូនរបស់ខ្លួនយ៉ាងឆាប់រហ័ស ក្នុងឆ្នាំនេះ ក្នុងកិច្ចខិតខំប្រឹងប្រែងជំរុញការវិនិយោគ និងជំរុញការអភិវឌ្ឍ។
អ្នកនាំពាក្យក្រសួងដឹកជញ្ជូនបានថ្លែង នៅក្នុងសន្និសីទសារព័ត៌មាន កាលពីថ្ងៃពុធម្សិលមិញនេះថា ការសាងសង់គម្រោងដឹកជញ្ជូនសំខាន់ៗបានរីកចម្រើន យ៉ាងរលូនក្នុងឆ្នាំនេះ ដែលបានជំរុញការវិនិយោគប្រកបដោយប្រសិទ្ធភាព។
ការវិនិយោគទ្រព្យសកម្មថេរ ក្នុងវិស័យដឹកជញ្ជូន បានកើនឡើង៦,៦ភាគរយធៀបនឹងឆ្នាំមុន ក្នុងអំឡុងខែមករាដល់ខែសីហា កើនឡើងដល់២,៣៤ពាន់ពាន់លានយ័ន (ប្រហែល៣២៩ពាន់លានដុល្លារអាមេរិក)ដែលជំរុញការស្ទុះងើបឡើងវិញ នៃសេដ្ឋកិច្ចប្រឈមមុខនឹងបញ្ហាដែលកំពុងកើនឡើង នៅក្នុងប្រទេស និងក្រៅប្រទេស។
ការវិនិយោគលើការសាងសង់ផ្លូវថ្នល់ បានកើនឡើងយ៉ាងរឹងមាំចំនួន៩,៥ភាគរយ ពីមួយឆ្នាំទៅមួយឆ្នាំ ឈានដល់១,៧៧ពាន់ពាន់លានយ័ន ក្នុងរយៈពេលនោះ។
ការសាងសង់ផ្លូវល្បឿនលឿន និងផ្លូវហាយវេមានប្រវែងសរុប៨១០០គីឡូម៉ែត្រត្រូវបានបញ្ចប់នៅឆ្នាំនេះ ដោយមានការបើកការដ្ឋានសាងសង់៧៤០០គីឡូម៉ែត្របន្ថែមទៀត។
ការសាងសង់ផ្លូវដែក និងផ្លូវទឹកឈានដល់៤០២,៨ពាន់លានយ័ននិង៩៩,៧ពាន់លានយន់ ក្នុងការវិនិយោគ ហើយដើមទុនសរុប៦៧,១ពាន់លានយន់បានហូរចូល ទៅក្នុងវិស័យអាកាសចរណ៍ស៊ីវិល។
ក្រុមអ្នកវិភាគបាននិយាយថា ជាមួយនឹងសន្ទុះកំណើនស្ថិរភាព ការវិនិយោគផ្នែកដឹកជញ្ជូននឹងដើរតួនាទីវិជ្ជមាន ក្នុងការពង្រីកការវិនិយោគ ប្រកបដោយប្រសិទ្ធភាព បង្កើតឱកាសការងារ និងស្ថិរភាពសេដ្ឋកិច្ច៕