ក្រុមហ៊ុនជប៉ុនគ្រោងបើកដំណើរការToyota Academyនៅកម្ពុជានាពេលឆាប់ខាងមុខ

ដោយៈ ម៉ាណា

    ប្រទេសជប៉ុនៈ ជាមួយនឹងការបង្កើតរោងចក្រ ដំឡើងរថយន្តនៅកម្ពុជា ក្រុមហ៊ុនដ៏ធំរបស់ជប៉ុនToyota Tsusho Co., LTD (Japan)នឹងបើកដំណើរការToyota Academyនៅកម្ពុជានាពេលឆាប់ៗខាងមុខ។

លោកHarada Shigeru, Division CEO ក្រុមហ៊ុន Toyota Tsusho Co., LTD (Japan)បានថ្លែងបែបនេះ ក្នុងពេលជួបសម្តែងការគួរសម និងពិភាក្សាការងារជាមួយនិងលោកឧបនាយករដ្ឋមន្រ្តីសុខ ចិន្តាសោភាកាលពីចុងសប្តាហ៍មុន។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

លោក Harada Shigeru បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅជូនចំពោះ លោកឧបនាយករដ្ឋមន្ត្រី ដែលបានផ្តល់ពេលវេលាដ៏មមា​ញឹកអនុញ្ញាតឱ្យរូបលោក និងសហការី ចូលជួបសម្តែងការគួរសមនិងពិភាក្សាការងារ ព្រមទាំងជម្រាបជូនអំពីវឌ្ឍនភាព ការងាររបស់ក្រុមហ៊ុន ដំណើរការអាជីវកម្ម និងផែនការសកម្មភាពរបស់ខ្លួន នៅកម្ពុជាផងដែរ។

លោកក៏បានថ្លែងអំណរគុណ ចំពោះរាជរដ្ឋាភិបាលកម្ពុជា ដែលតែងតែផ្តល់ការគាំទ្រ និងសម្របសម្រួល ដល់ក្រុមហ៊ុនសម្រាប់ដំណើរការវិនិយោគនិងធុរកិច្ចរបស់ខ្លួននៅកម្ពុជា។

លោកបានជម្រាបជូនផងដែរថា បន្ទាប់ពីរយៈពេលមួយឆ្នាំ នៃការសម្ពោធជាផ្លូវការ នូវរោងចក្រដំឡើងរថយន្តរបស់ក្រុមហ៊ុនតូយ៉ូតានៅកម្ពុជា ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ សម្ដេចធិបតីនាយករដ្ឋមន្ត្រី កាលពីថ្ងៃទី២ ខែឧសភា ឆ្នាំ២០២៤ កន្លងទៅ ក្រុមហ៊ុនបានផ្គុំដំឡើងរថយន្ត Hilux (Pick up) និង Forturner (SUV) ប្រមាណជិត២០០០គ្រឿង និងក្រុមហ៊ុនបានបង្កើតឱកាសការងារជាច្រើនកន្លែង។

លោកបានបន្ថែមផងដែរថា ក្រុមហ៊ុនគ្រោងនឹងដាក់ដំណើរការ Toyota Academy ជាផ្លូវការក្នុងពេលឆាប់ៗខាងមុខនេះ ក្នុងគោលដៅជំរុញការអភិវឌ្ឍធនធានមនុស្ស និងជំនាញក្នុងវិស័យមេកានិក និងយានយន្ត។

ជាកិច្ចឆ្លើយតប លោកឧបនាយករដ្ឋមន្ត្រី បានគូសបញ្ជាក់អំពីការចូលរួមសំខាន់របស់ក្រុមហ៊ុន ក្នុងការជំរុញកំណើនសេដ្ឋកិច្ចកម្ពុជា តាមរយៈការវិនិយោគ បង្កើតឱកាសការងារ ការផ្ទេរបច្ចេកវិទ្យា ការអភិវឌ្ឍធនធានមនុស្ស និងជំនាញ។

លោកឧបនាយករដ្ឋមន្ត្រី ក៏បានលើកទឹកចិត្តឱ្យក្រុមហ៊ុនយកចិត្តទុកដាក់បន្ថែម លើសេវាកម្មក្រោយពេលទិញ (After Sale – Care Service) ដើម្បីបន្តជំរុញការប្រើប្រាស់ យានយន្តរបស់ក្រុមហ៊ុន Toyota ប្រកបដោយទំនុកចិត្ត និងកក់ក្តៅ ព្រមទាំងជំរុញឱ្យក្រុមហ៊ុនបន្តពង្រីកអាជីវកម្ម និងការវិនិយោគរបស់ខ្លួនបន្ថែមទៀតនៅកម្ពុជា ជាពិសេស ពិចារណាលើការនាំយករថយន្តEV ដើម្បីបង្កើនការចាប់យកឱកាសទីផ្សារ ជាពិសេសសម្រាប់ស្រទាប់យុវវ័យ និងបញ្ជាក់ជាថ្មីក្នុងការបន្តគាំទ្រ និងសម្របសម្រួលរបស់រាជរដ្ឋាភិបាល ក្នុងការវិនិយោគ និងធ្វើធុរកិច្ចនៅកម្ពុជា៕

LEAVE A REPLY

Please enter your comment!
Please enter your name here