ដោយ: គង់ លាងហួរ
សៀងហៃ: ក្រុមនិយតករមូលបត្ររបស់ប្រទេសចិន គ្រោងពិនិត្យយ៉ាងពេញលេញនូវតម្រូវការហិរញ្ញប្បទានរបស់ក្រុមហ៊ុនមូលបត្រនានា ។
ចំណាត់ការនេះធ្វើឡើង បន្ទាប់ពីក្រុមហ៊ុន Huatai Securities Co Ltd បានស្នើសុំផែនការដាក់ភាគហ៊ុនដែលវានឹងក្លាយជាផ្នែកមួយនៃឧស្សាហកម្មឈ្មួញកណ្តាលដ៏ធំបំផុតរបស់ប្រទេសចិន។
គណៈកម្មាធិការនិយតកម្មមូលបត្រចិន (CSRC) បានឱ្យដឹង នៅក្នុងសេចក្តីថ្លែងការណ៍មួយនៅថ្ងៃអង្គារនេះថា ខ្លួននឹងយកចិត្តទុកដាក់យ៉ាងពេញលេញចំពោះភាពចាំបាច់ និងហេតុផលនៃការផ្តល់ហិរញ្ញប្បទានរបស់ក្រុមហ៊ុនមូលបត្រ ដែលជាផ្នែកនៃដំណើរការត្រួតពិនិត្យរបស់ខ្លួន។
CSRC បានបញ្ជាក់ថា ខ្លួនបានកត់សម្គាល់នូវ សកម្មភាពផ្តល់ហិរញ្ញប្បទានរបស់ក្រុមហ៊ុនឈ្មួញកណ្តាល ដែលបានចុះបញ្ជីជាក់លាក់ និងលើកទឹកចិត្តឱ្យឈ្មួញកណ្តាល ផ្តោតលើអាជីវកម្មចម្បងរបស់ពួកគេ ការសន្សំដើមទុន និងការអភិវឌ្ឍប្រកបដោយគុណភាពខ្ពស់។
ក្រុមនិយតករចិនបានឱ្យដឹងថា ក្រុមឈ្មួញកណ្តាល ដែលបានចុះបញ្ជី គួរតែកំណត់ដោយសមហេតុផលនូវផែនការ និងវិធីសាស្រ្តហិរញ្ញប្បទាន ហើយការពារសិទ្ធិ និងផលប្រយោជន៍ស្របច្បាប់របស់វិនិយោគិនគ្រប់ប្រភេទ ជាពិសេសវិនិយោគិនខ្នាតតូច និងមធ្យម។
CSRC ក៏បានអះអាងផងដែរថា ខ្លួនគាំទ្រការផ្តល់ហិរញ្ញប្បទានសមហេតុផលសម្រាប់ក្រុមហ៊ុនមូលបត្រ។
ផ្សារហ៊ុនរបស់ក្រុមហ៊ុន Huatai Securities បានធ្លាក់ចុះប្រហែល៧ភាគរយ នៅទីក្រុងសៀងហៃ និងប្រហែល២ភាគរយ នៅក្នុងទីក្រុងហុងកុង ខណៈទីផ្សារបានបើកឡើងវិញបន្ទាប់ពីថ្ងៃឈប់សម្រាកចូលឆ្នាំថ្មី។
ក្រុមហ៊ុន Huatai គ្រោងប្រើប្រាស់ប្រាក់ចំណូល ដែលបានមកពីការដាក់ភាគហ៊ុន ដើម្បីស្តារដើមទុន ក៏ដូចជាដើមទុនបង្វិល និងសម្រាប់ការអភិវឌ្ឍផ្នែកហិរញ្ញវត្ថុ អាជីវកម្មផ្តល់ប្រាក់កម្ចីមូលបត្រ ប្រាក់ចំណូលថេរ និងភាគហ៊ុន ព្រមទាំងផ្តល់មូលនិធិដល់ក្រុមហ៊ុនបុត្រសម្ព័ន្ធផងដែរ៕