ដោយៈ គង់ សូរិយា
ភ្នំពេញៈ ក្រុមការងាររដ្ឋ និងក្រុមការងារផ្នែកឯកជន “ឃ” “ផ្នែកនីតិកម្ម ពន្ធដារ និងអភិបាលកិច្ច” នៃវេទិការាជរដ្ឋាភិបាល-ផ្នែកឯកជនបានបើកកិច្ចប្រជុំ ដោយលើកឡើងបញ្ហាប្រឈមចាស់ ថ្មីចំនួន៥ចំណុចដើម្បីដាក់ជូនរដ្ឋាភិបាលដោះស្រាយ។
កិច្ចប្រជុំនេះធ្វើឡើង នៅអគ្គនាយកដ្ឋានសភាពាណិជ្ជកម្មកម្ពុជា ដោយមានការចូលរួមផងដែរ ពីតំណាងក្រុមការងារបច្ចេកទេសពន្ធដារផ្នែកឯកជន តំណាងក្រុមហ៊ុនធានារ៉ាប់រងអាយុជីវិត(Life Insurance), តំណាងក្រុមហ៊ុន CamGSM Plc, និងក្រុមហ៊ុនសហគ្រាសឯកជនពាក់ព័ន្ធ ក្នុងវិស័យពន្ធដារជាច្រើនទៀតផងដែរ។
កិច្ចប្រជុំនេះមានគោលបំណង ដើម្បីបន្តធ្វើការពិនិត្យ ពិភាក្សាលើបញ្ហាប្រឈមចាស់ ក៏ដូចជាបន្តលើកឡើងនូវបញ្ហាប្រឈមរបស់ផ្នែកឯកជនពាក់ព័ន្ធថ្មីៗបន្ថែមទៀត ទាក់ទងនឹងផ្នែកនីតិកម្ម ពន្ធដារ និងអភិបាលកិច្ច ដើម្បីដាក់សំណើ និងបញ្ហាប្រឈមទាំងនោះស្នើសុំការឆ្លើយតប និងដោះស្រាយពីសំណាក់ដៃគូគឺ ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ នាពេលខាងមុខនេះ។
ជាលទ្ធផលកិច្ចប្រជុំបានដំណើរការពិនិត្យ ពិភាក្សា និងលើកឡើងនូវបញ្ហាប្រឈមចាស់ និងថ្មីមួយចំនួនរួមមាន ទី១. សំណើលើកលែងពន្ធលើប្រាក់ចំណូល ទី២ អត្ថប្រយោជន៍នៃការបង់ពន្ធលើផ្ទះជួលសម្រាប់បុគ្គលិក និងកម្មករ ទី៣. ការស្នើសុំកម្រៃសេវារបស់ភ្នាក់ងារធានារ៉ាប់រង គឺជាចំណូលមិនជាប់អាករ ទី៤. ការកាត់ពន្ធលើការលើកទឹកចិត្តមិនមែនសាច់ប្រាក់ និងទី៥ ការគ្រប់គ្រងគ្រឿងបន្លាស់ដែលជាប់ធានា រួមនិងបញ្ហាប្រឈមមួយចំនួនផ្សេងទៀតផងដែរ៕