ដោយ: គង់ លាងហួរ
អន្តរជាតិ: តម្លៃប្រេងឆៅបានកើនឡើងក្នុងការជួញដូរនៅព្រឹកថ្ងៃសុក្រនេះ ខណៈរដូវក្តៅនៅសហរដ្ឋអាមេរិកចន្លោះពីខែមិថុនានេះដល់ខែកញ្ញាខាងមុខបានបង្កើនតម្រូវការប្រេងឥន្ធនៈ ស្របពេលប្រជាជនអាមេរិកសម្រុកចេញធ្វើដំណើរកំសាន្តទូទាំងប្រទេស។
តួយ៉ាង តម្លៃប្រេងឆៅ Brent futures បានកើនឡើង៣៤សេន ឬ០,៥ភាគរយដល់៦៨,០៧ដុល្លារក្នុងមួយបារ៉ែលគិតត្រឹមម៉ោងសកល 0111 GMT ខណៈតម្លៃប្រេងឆៅរបស់អាមេរិក West Texas Intermediate បានកើនឡើង៣៣សេន ឬ០,៥១ភាគរយ ដល់៦៥,៥៧ដុល្លារក្នុងមួយបារ៉ែល។
ការធ្លាក់ថ្លៃនៃប្រាក់ដុល្លារអាមេរិកក៏ជាកត្តាមួយ ដែលជំរុញឱ្យតម្លៃប្រេងឆៅកើនឡើង។ សន្ទស្សន៍ប្រាក់ដុល្លារបានដាំក្បាលចុះដល់កម្រិតទាបបំផុតក្នុងរយៈពេល៣ឆ្នាំ ក្រោយមានសេចក្តីរាយការណ៍ថា ប្រធានាធិបតីអាមេរិកលោក Donald Trump គ្រោងនឹងជ្រើសរើសប្រធានធនាគារកណ្តាលអាមេរិកថ្មីមកជំនួសលោក Jerome Powell មុនកាលកំណត់៕