ដោយ: គង់ លាងហួរ
អន្តរជាតិ: តម្លៃប្រេងឆៅបានធ្លាក់ចុះក្នុងការជួញដូរនៅព្រឹកថ្ងៃអង្គារនេះ ខណៈក្រុមពាណិជ្ជករបានសម្រុកលក់ប្រេងចេញដើម្បីទទួលបានប្រាក់ចំណេញ បន្ទាប់ពីតម្លៃប្រេងបានកើនឡើងដល់កម្រិតខ្ពស់បំផុតមិនធ្លាប់មានក្នុងរយៈពេលជាង១ខែកន្លងមកកាលពីថ្ងៃច័ន្ទម្សិលមិញ។
តម្លៃប្រេងឆៅ Brent futuresបានធ្លាក់ចុះ២៣សេន ឬ០,៣% មកនៅត្រឹម៨០,៧០ដុល្លារក្នុងមួយបារ៉ែលគិតត្រឹមម៉ោងសកល 0029 GMT ខណៈតម្លៃប្រេងឆៅអាមេរិក West Texas Intermediate futuresបានធ្លាក់ចុះ២០សេន ឬ០,៣% មកនៅត្រឹម៧៦,៩៤ដុល្លារក្នុងមួយបារ៉ែល។
យោងតាមឧបករណ៍ CME FedWatch បានឱ្យដឹងថា បច្ចុប្បន្ន ទីផ្សារមើលឃើញឱកាស៨៦ភាគរយ ដែលធនាគារកណ្តាលអាមេរិក(Fed) អាចនឹងបញ្ចុះអត្រាការប្រាក់ចំនួន០,២៥ភាគរយបន្ថែមទៀតក្នុងកិច្ចប្រជុំគោលនយោបាយប្រចាំខែវិច្ឆិកាខាងមុខ។
សន្ទស្សន៍ប្រាក់ដុល្លារ ដែលវាស់វែងរូបិយប័ណ្ណប្រាក់ដុល្លារអាមេរិក ធៀបនឹងរូបិយប័ណ្ណធំៗចំនួន៦ ដូចជាប្រាក់យ៉េន និងប្រាក់អឺរ៉ូ បានធ្លាក់ថ្លៃចុះមកនៅត្រឹម១០២,៤០ពិន្ទុនៅព្រឹកថ្ងៃអង្គារនេះ បន្ទាប់ពីបិទការជួញដូរត្រឹម១០២,៥៤ពិន្ទុកាលពីថ្ងៃច័ន្ទម្សិលមិញ។
ចំណែក ផ្សារហ៊ុននៅតំបន់អាសុីក៏បានធ្លាក់ថ្លៃចុះផងដែរនៅព្រឹកថ្ងៃអង្គារនេះ ដោយសារការស្ទុះងើបឡើងថ្លៃនៃផ្សារហ៊ុនរបស់តំបន់ចិនដីគោកមិនអាចជះឥទ្ធិពលវិជ្ជមានដល់ភាគហ៊ុនរបស់បណ្តាប្រទេសផ្សេងទៀតនៅក្នុងតំបន់។
តាមរយៈការជួញដូរនៅលើទីផ្សារ សន្ទស្សន៍ផ្សារហ៊ុននៅតំបន់អាស៊ីរបស់ក្រុមហ៊ុនអាមេរិក MSCI នៅក្រៅប្រទេសជប៉ុន បានធ្លាក់ថ្លៃចុះចំនួន១,៨៣ភាគរយ គិតត្រឹមម៉ោង១០:៥៣នាទីព្រឹក។
ជាមួយគ្នានេះ ផ្សារហ៊ុន Nikkei របស់ប្រទេសជប៉ុនបានធ្លាក់ថ្លៃចុះ១,២១ភាគរយ ខណៈពេលសន្ទស្សន៍ផ្សារហ៊ុន Hang Seng របស់ទីក្រុងហុងកុងបានធ្លាក់ថ្លៃចុះ៦,០៣ភាគរយ។
ដោយឡែក សន្ទស្សន៍ផ្សារហ៊ុនបន្ទះឈីប CSI300 របស់ប្រទេសចិនបានងើបឡើងថ្លៃ៦,១០ភាគរយ ខណៈសន្ទស្សន៍ផ្សារហ៊ុន Shanghai Composite បានងើបឡើងថ្លៃ៤,៨១ភាគរយ។
រីឯ ផ្សារហ៊ុនរបស់ប្រទេសអូស្ត្រាលី S&P /ASX 200 បានធ្លាក់ថ្លៃចុះ០,៣៨ភាគរយ ខណៈពេលដែលសន្ទស្សន៍ផ្សារហ៊ុន KOSPI របស់ប្រទេសកូរ៉េខាងត្បូងបានធ្លាក់ថ្លៃចុះ០,៥៨ភាគរយ៕