ដោយៈ ម៉ាណា
កោះកុងៈ រដ្ឋមន្ត្រីក្រសួងរ៉ែ និងថាមពល លោកកែវ រតនៈបានថ្លែងចេញពីខេត្តកោះកុងថា មកដល់ពេលនេះ ទាំងខេត្តកោះកុង និងកន្លែងដទៃទៀត ដែលជាប់ព្រំប្រទល់នឹងប្រទេសថៃទាំងអស់ គឺប្រើប្រាស់អគ្គិសនីដែលចេញពីបណ្តាញជាតិរបស់កម្ពុជា។
លោករដ្ឋមន្ត្រីបញ្ជាក់ឲ្យដឹងបែបនេះកាលពីថ្ងៃទី១៧ មិថុនាកន្លងមកនេះ។
លោកបន្តថា ចាប់តាំងពីការដឹកនាំរបស់សម្តេចតេជោ ហ៊ុន សែន កាលនៅជានាយករដ្ឋមន្ត្រី ការពង្រឹងឯករាជ្យភាពនៃថាមពលជាកត្តាសំខាន់ ហើយកត្តាគន្លឹះនេះ ក៏ស្ថិតនៅជាសរសេរស្តម្ភសំខាន់ ក្នុងការអភិវឌ្ឍន៍វិស័យអគ្គសិនី ក្រោមការដឹកនាំរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា គឺកម្ពុជាយើងអាចឈរជើងដោយខ្លួនឯង ដោយអាចទ្រទ្រង់ក្នុងផ្គត់ផ្គង់អគ្គិសនី ដល់បណ្តាខេត្តជាប់ព្រំប្រទល់កម្ពុជា-ថៃ១០០ភាគរយ ហើយថាមពលស្អាត៦២ភាគរយកំពុងចែកចាយទូទាំងប្រទេស។
ឆ្លើយតបនឹងការគំរាមរបស់ក្រុមជ្រុលនិយមថៃ ដែលចង់ផ្តាច់អគ្គីសនីកម្ពុជានោះ នៅយប់ថ្ងៃទី១២ ខែមិថុនា ឆ្នាំ២០២៥ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែតនាយករដ្ឋមន្រ្តីនៃកម្ពុជា បានសម្រេចឈប់ទិញអគ្គិសនីពីប្រទេសថៃ ដោយកម្ពុជាធានាការផ្គត់ផ្គង់អគ្គិសនីដោយខ្លួនឯង៕