ដោយៈ ម៉ាណា
ប្រទេសឡាវៈ ក្រុមមន្រ្តីសាធារណៈការរបស់អាស៊ាន បានបើកកិច្ចប្រជុំក្រុមការងារ Logistics and Transport Service Sector Working Group (LTSSWG) នៅក្រោមកិច្ចប្រជុំលើកទី១១០ នៃគណៈកម្មាធិការសម្របសម្រួលអាស៊ានស្តីពី សេវាកម្ម (CCS) នៅទីក្រុងវៀងចន្ទន៍ ប្រទេសឡាវ។
លោកឈៀង ពេជ្រ អនុរដ្ឋលេខាធិការ បានដឹកនាំគណៈប្រតិភូក្រសួងសាធារណការ និងដឹកជញ្ជូន អញ្ជើញចូលរួមកិច្ចប្រជុំក្រុមការងារ Logistics and Transport Service Sector Working Group (LTSSWG) នៅក្រោមក្របខ័ណ្ដកិច្ចប្រជុំលើកទី១១០ នៃគណៈកម្មាធិការសម្របសម្រួលអាស៊ាន ស្តីពីសេវាកម្ម (CCS) ដែលមានសមាសភាពចូលរួមផ្ទាល់ ដោយតំណាងនៃប្រទេសឡាវ ហ្វីលីពីន និងថៃ និងបណ្តាប្រទេសជាអាស៊ានផ្សេងទៀតនៅតាមប្រព័ន្ធអនឡាញ។
កិច្ចប្រជុំនេះ បានរៀបចំឡើងក្នុងគោលបំណង៖ (១). ពិនិត្យឡើងវិញការអនុវត្តផែនការសកម្មភាពនៃក្រុមការងារ LTSSWG ឆ្នាំ២០១៦-២០២៥ និងយន្តការសម្របសម្រួល (Coordinating Mechanism) ក្នុងវិស័យភស្តុភារកម្ម នៃប្រទេសជាសមាជិកអាស៊ាន (២). ការពិនិត្យជាជំហានដំបូងនូវផែនការសកម្មភាព LTSSWG ឆ្នាំ២០២៥-២០៣០ និង(៣). ការពិនិត្យផែនការសកម្មភាពឆ្នាំ២០២៥-២០២៦។
ក្នុងកិច្ចពិភាក្សានោះដែរ លោកអនុរដ្ឋលេខាធិការ បានធ្វើបទបង្ហាញអំពីយន្តការសម្របសម្រួល ក្នុងវិស័យភស្តុភារកម្មនៅកកម្ពុជា ព្រមទាំងផែនការមេគ្រប់ជ្រុងជ្រោយ ស្តីពីប្រព័ន្ធដឹកជញ្ជូនអន្តរមធ្យោបាយ និងភស្តុភារកម្មកម្ពុជា ២០២៣-២០៣៣ ដោយបានគូសបញ្ជាក់អំពីសារៈសំខាន់ នៃការពង្រឹងការសម្របសម្រួលគោលនយោបាយ និងយន្តការអន្តរស្ថាប័ន ក៏ដូចជា កិច្ចសហប្រតិបត្តិការ និងការកៀរគរថវិកា និងវិនិយោគ ដើម្បីអនុវត្តគម្រោងហេដ្ឋារចនាសម្ព័ន្ធ៕