អបអរសាទកញ្ញាពេជ្រ ចរណៃបានទទួលអំណោយសង្រ្គោះ ពីសម្តេចកិត្តិព្រឹទ្ឋបណ្ឌិត

ដោយៈ ម៉ាណា

    ភ្នំពេញៈ ពិតជាមានភព្វវាសនាខ្ពស់ កញ្ញាពេជ្រ ចរណៃបានទទួលអំណោយពីសម្តេចកិត្តិព្រឹទ្ឋបណ្ឌិតប៊ុន រ៉ានី ហ៊ុន សែន ដើម្បីរៀបចំ ដំណើរការសាលាបង្ហាត់បង្រៀន គុនល្បុក្កតោឆាប់ៗឡើងវិញ។

ការផ្តល់អំណោយជាថវិកានេះ ធ្វើឡើងក្រោយពីទទួលដំណឹងថា សាលាគុនល្បុក្កតោជ័យតេជៈ ដែលមានកីឡាការិនីគុនល្បុក្កតោ ពេជ្រ ចរណៃ ជាប្រធាន ត្រូវភ្លើងឆេះបំផ្លាញស្ទើងទាំងស្រុង។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

មាតាមនុស្សធម៌ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា បានចាត់ឲ្យលោកស្រី ម៉ែន នារីសោភ័គ អគ្គលេខាធិការរងទី១ កាកបាទក្រហមកម្ពុជា ធ្វើការទំនាក់ទំនងដោយផ្ទាល់ជាមួយកញ្ញា ពេជ្រ ចរណៃ ដើម្បីប្រគល់ថវិកាមួយចំនួន រួមចំណែក ក្នុងការរៀបចំដំណើរការសាលា បង្ហាត់បង្រៀនគុនល្បុក្កតោឆាប់ៗឡើងវិញ។

ព្រមជាមួយនេះក៏បានជជែក និងស្នើសុំជាមួយម្ចាស់ទីតាំងជួលឲ្យបានសម្រេចជោគជ័យ ដោយអាចបន្តដំណើរក្រោយមានលទ្ធភាពរៀបចំឡើងវិញបានផងដែរ។

សាលាគុនល្បុក្កតោជ័យតេជៈ ដែលត្រូវបានភ្លើងឆេះបំផ្លាញខ្ទេចខ្ទីស្ទើរតែទាំងស្រុងនេះ កាលពីវេលាម៉ោង៨៖៤៥នាទីយប់ ថ្ងៃទី១៨ ខែមិថុនា ឆ្នាំ២០២៥ ជាទីតាំងជួលគេ ដើម្បីបើកសាលាបង្ហាត់បង្រៀនគុនល្បុក្កតោ ដែលកំពុងដំណើរបាន២ថ្ងៃ និងអាហារដ្ឋាននឹងជិតបើកដំណើរការ ស្ថុិតនៅក្នុងសង្កាត់បឹងកក់២ ខណ្ឌទួលគោក រាជធានីភ្នំពេញ។

ក្នុងឱកាសនៃការផ្តល់ថវិកាឧបត្ថម្ភមួយចំនួន នៅទីស្នាក់ការកណ្តាល កាកបាទក្រហមកម្ពុជានាថ្ងៃចន្ទ ទី២៣ ខែមិថុនា ឆ្នាំ២០២៥នេះ លោកស្រី ម៉ែន នារីសោភ័គ អគ្គលេខាធិការរងទី១ បាននាំនូវប្រសាសន៍សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ដែលបានផ្តាំផ្ញើសួរសុខទុក្ខ និងលើកទឹកចិត្តឲ្យកញ្ញាកញ្ញា ពេជ្រ ចរណៃ ប្រឹងប្រែងបន្តដើម្បីសម្រេចសេចក្តីប្រាថ្នាដែរខ្លួនបានប៉ង។

លោកស្រី ម៉ែន នារីសោភ័គ បានឲ្យដឹងថា មូលហេតុដែលផ្តល់ថវិកាមួយចំនួន ដល់កីឡាការិនីគុនល្បុក្កតោ ពេជ្រ ចរណៃ នៅពេលនេះ គឺបន្ទាប់ពីសម្តេចកិត្តិព្រឹទ្ធបណ្ឌិត បានទទួលព័ត៌មានបូករួមទាំងការសួរនាំ និងក្តាប់ព័ត៌មានលំអិតទាក់ទង និងករណីគ្រោះអគ្គិភ័យនៅទីតាំងបង្ហាត់បង្រៀនគុនល្បុក្កតោ និងអាហារដ្ឋានជិតនឹងដំណើរការ ដែលបណ្តាលឲ្យខូតខាត និងបាត់បង់ទ្រព្យសម្បត្តិ ពិសេសសៀវភៅយុទ្ធគុនល្បុក្កតោ ដែលជាមរតកដ៏មានតម្លៃរបស់កម្ពុជារួចមក ទើបបានសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន បានសម្រេចជួយឧបត្ថម្ភថវិកា ដោយយោងលើគុណតម្លៃ នៃការលើកតម្កើងគុនល្បុក្កតោកម្ពុជារបស់ ពេជ្រ ចរណៃ ដែលបានខិតខំតស៊ូដើម្បីកសាងថែរក្សាគុនល្បុក្កតោកម្ពុជា។

លោកជំទាវបន្តថា ដូច្នេះទើបថ្ងៃនេះ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន បានចាត់លោកស្រីផ្ទាល់ ធ្វើការទំនាក់ទំនងប្រគល់ថវិកាមួយចំនួន ដើម្បីជាការរួមចំណែក ក្នុងការរៀបចំដំណើរការសាលាបង្ហាត់បង្រៀនគុនល្បុក្កតោឆាប់ៗឡើងវិញ។

កញ្ញា ពេជ្រ ចរណៃ បានសម្តែងនូវការថ្លែងអំណេរគុណយ៉ាងជ្រាលជ្រៅជាទីបំផុត គោរពជូនសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ដោយមិនដែរសោះនោះឡើយ ក្នុងការទុក្ខឲ្យប្រជាជនរបស់លោកមួយណា មិនទទួលបានការជួយសង្គ្រោះ ពីជួបទុក្ខលំបាក ជាក់ស្តែងដូចករណីកញ្ញាផ្ទាល់តែម្តង ដែរជាទុក្ខដ៏ធំមួយផងដែរ។

តាមការបញ្ជាក់របស់កញ្ញាបានឲ្យដឹងថា ទ្រព្យសម្បត្តិដែលបានបាត់បង់ ក្នុងគ្រោះអគ្គិភ័យនេះអស់ចំនួនជាច្រើន ប៉ុន្តែកញ្ញាមានការតក់ស្លុត និងសោកស្តោយបំផុតនោះ គឺការបាត់បង់នូវសៀវភៅដែលជាស្នាដៃបន្សល់ទុក ពីព្រឹទ្ធាចារ្យក្រមាមាសផ្ទាល់ជូនកញ្ញាផ្ទាល់ដៃ។

កីឡាការិនីគុនល្បុក្កតោ ពេជ្រ ចរណៃ ជាកូនសិស្សមួយរូបរបស់លោកព្រឹទ្ធាចារ្យក្រមាមាស សាន គឹមស៊ាន ដែលលោកព្រឹទ្ធាចារ្យទើបតែទទួលមរណៈភាពកាលពីថ្ងៃទី៣ ខែមិថុនាឆ្នាំ២០២៥។

ដោយសារតែមានគំនិតចង់លើកតម្កើង នឹងថែរក្សាការពារនូវគុនល្បុក្កតោ ឲ្យកាន់តែរីកចម្រើនឋិតថេរយូរអង្វែងនោះ ក៏បានបើកសាលារៀនមួយដែលមានឈ្មោះថា សាលាគុនល្បុក្កតោជ័យតេជៈ ដោយបច្ចុប្បន្នមានសិស្សប្រមាណ២៩នាក់ហើយ ក្នុងចំណោមនោះគឺប្រមាណជា៧០ភាគរយ គឺមិនមានបានបង់ថ្លៃនោះទេ ដោយសារតែជាសិស្សនិស្សិតដែលខ្វះខាត ហើយក្រៅពីនោះអ្នកដែលមានលទ្ធភាពក៏បានជួយបង់ថវិកា ដើម្បីសាលារៀនអាចដោះស្រាយ បង់ថ្លៃទឹកនិងភ្លើងប្រចាំខែផងដែរ។

ដូច្នេះដើម្បីមានលទ្ធភាព ក្នុងការទ្រទ្រង់និរន្តរភាពនៃដំណើរការសាលាគុនល្បុក្កតោជ័យតេជៈនេះ ពេជ្រ ចរណៃ ក៏សម្រេចរៀបចំបើកអាហារដ្ឋានប្ហូបបែបខ្មែរ នៅបរិវេណសាលាគុន ប៉ុន្តែមិនទាន់បានបើកដំណើរការផង ក៏ត្រូវអគ្គិភ័យបំផ្លាញខ្ទេចខ្ទីអស់តែម្តង៕

LEAVE A REPLY

Please enter your comment!
Please enter your name here