ក្រសួងពាណិជ្ជកម្មនិងសាលាអន្តរជាតិមួយរៀបចំវគ្គបណ្តុះបណ្តាលអំពី “ការបណ្តាក់ទុនរួមគ្នា និងច្បាប់ស្តីពីការប្រកួតប្រជែង”

ដោយៈ ចំណាន

    ភ្នំពេញៈ រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម លោកវ៉េង សុធីបានអញ្ជើញចូលរួមជាអធិបតី ក្នុងពិធីបើកវគ្គបណ្តុះបណ្តាលស្តីពី “ការបណ្តាក់ទុនរួមគ្នា និងច្បាប់ស្តីពីការប្រកួតប្រជែង”។

វគ្គបណ្តុះបណ្តាលនេះ សហការរៀបចំដោយវិទ្យាស្ថានបណ្ដុះបណ្ដាលពាណិជ្ជកម្មនិងស្រាវជ្រាវ និងវិទ្យាស្ថានខេមអេដ ដោយមានការអញ្ជើញចូលរួម ពីសំណាក់ប្រតិភូអគ្គនាយក លោកអគ្គនាយករង សាស្រ្តាចារ្យនៅសាលាច្បាប់ Cornell Law School,USA លោកបណ្ឌិតប្រធានក្រុមប្រឹក្សា នៃវិទ្យាស្ថានខេមអេដ និងមន្ត្រីក្រោមឱវាទក្រសួងពាណិជ្ជកម្មជាច្រើនរូប។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

វគ្គបណ្តុះបណ្តាលនេះ មានគោលបំណងដើម្បីចែករំលែកបទពិសោធន៍ ការបង្កើតកិច្ចព្រមព្រៀង នៃការបណ្តាក់ទុនរួមគ្នារបស់សហរដ្ឋអាមេរិក និងចែករំលែកចំណេះដឹង អំពីទស្សនទានពាក់ព័ន្ធច្បាប់ស្តីពីការប្រកួតប្រជែងនៅកម្ពុជា និងបរទេស។

ថ្លែងក្នុងពិធីបើកវគ្គបណ្តុះបណ្តាល លោករដ្ឋលេខាធិការ បានបង្ហាញថា កម្ពុជានៅពេលចូលជាសមាជិក របស់អង្គការពាណិជ្ជកម្មពិភពលោក (WTO) តម្រូវឱ្យកម្ពុជារៀបចំលិខិតបទដ្ឋានគតិយុត្តពាក់ព័ន្ធនានា ស្របតាមអង្គការWTO នោះ  ជាពិសេសគឺ ច្បាប់ស្តីពីការប្រកួតប្រជែង ដែលបានប្រកាសដាក់ឱ្យប្រើប្រាស់រួចរាល់។ ដូច្នេះគឺទាមទារឱ្យមន្ត្រីរាជការក្រសួង ស្វែងយល់ពីអត្ថន័យ និងទទួលនូវចំណេះដឹងបន្ថែម ទាក់ទងនឹងទិដ្ឋភាពច្បាប់ នៃបណ្តាប្រទេសអភិវឌ្ឍន៍បន្ថែមទៀត៕

LEAVE A REPLY

Please enter your comment!
Please enter your name here