ដោយ: គង់ លាងហួរ
អន្តរជាតិ: ផ្សារហ៊ុននៅតំបន់អាសុីបានធ្លាក់ថ្លៃចុះក្នុងការជួញដូរនាព្រឹកថ្ងៃចន្ទដើមសប្តាហ៍នេះ បន្ទាប់ពីការវាយប្រហាររបស់សហរដ្ឋអាមេរិកលើទីតាំងនុយក្លេអ៊ែរចំនួន៣នៅប្រទេសអុីរ៉ង់បាននាំឱ្យបណ្តាអ្នកវិនិយោគព្រួយបារម្ភខ្លាំងអំពីសង្គ្រាមនៅក្នុងតំបន់មជ្ឈិមបូព៌ា។
តាមរយៈការជួញដូរនៅលើទីផ្សារ សន្ទស្សន៍ផ្សារហ៊ុននៅតំបន់អាស៊ីរបស់ក្រុមហ៊ុនអាមេរិក MSCI នៅក្រៅប្រទេសជប៉ុនបានធ្លាក់ថ្លៃចុះចំនួន១,១ភាគរយ គិតត្រឹមម៉ោង១០:៣៨នាទីព្រឹក។
ជាមួយគ្នានេះ សន្ទស្សន៍ផ្សារហ៊ុន Nikkei របស់ប្រទេសជប៉ុនបានធ្លាក់ថ្លៃចុះ០,៥៩ភាគរយ ខណៈផ្សារហ៊ុន Topix បានធ្លាក់ថ្លៃចុះ០,៦២ភាគរយ។ ចំណែក សន្ទស្សន៍ផ្សារហ៊ុន Hang Seng របស់ទីក្រុងហុងកុងបានធ្លាក់ថ្លៃចុះ០,០១៣ភាគរយ។
ដោយឡែក សន្ទស្សន៍ផ្សារហ៊ុនបន្ទះឈីប CSI300 របស់ប្រទេសចិនបានធ្លាក់ថ្លៃចុះ០,២ភាគរយ ខណៈពេលដែលសន្ទស្សន៍ផ្សារហ៊ុនក្រុងសៀងហៃ Shanghai Composite បានងើបឡើងថ្លៃ០,១៥ភាគរយ។
ចំណែក ផ្សារហ៊ុន S&P /ASX 200 របស់ប្រទេសអូស្ត្រាលីបានធ្លាក់ថ្លៃចុះ០,៥២ភាគរយ ខណៈពេលដែលសន្ទស្សន៍ផ្សារហ៊ុន KOSPI របស់ប្រទេសកូរ៉េខាងត្បូងបានធ្លាក់ថ្លៃចុះ០,៧៥ភាគរយ៕