ដោយៈ ម៉ាណា
ភ្នំពេញៈ មន្រ្តីជាន់ខ្ពស់កម្ពុជា និងថ្នាក់ដឹកនាំជាន់ខ្ពស់ធនាគារពិភពលោក បានលើកឡើងនូវចំណុចជាយុទ្ឋសាស្រ្តចំនួន៩ ដើម្បីជម្រុញកំណើនសេដ្ឋកិច្ចកម្ពុជា និងការសម្រេចគោលដៅនៃចក្ខុវិស័យឆ្នាំ ២០៥០។
ការលើកឡើងនេះធ្វើឡើង ក្នុងពេលលោកវង្សី វិស្សុត ឧបនាយករដ្ឋមន្ត្រីប្រចាំការ ទទួលជួបលោកជំទាវ Manuela V. Ferro, អនុប្រធានធនាគារពិភពលោក ទទួលបន្ទុកតំបន់អាស៊ីខាងកើតនិងប៉ាស៊ីហ្វិក។
ក្នុងឱកាសនោះ លោកវង្សី វិស្សុត បានគូសរំលេចពីកិច្ចសហប្រតិបត្តិការ និងសមិទ្ធផលការងារ ដែលរាជរដ្ឋាភិបាលកម្ពុជា និងធនាគារពិភពលោកសម្រេចបានក្នុងរយៈពេល៣០ឆ្នាំកន្លងមក។
លោកឧបនាយករដ្ឋមន្ត្រីប្រចាំការ ក៏បានវាយតម្លៃខ្ពស់លើកិច្ចសហប្រតិបត្តិការ និងភាពជាដៃគូររវាងរាជរដ្ឋាភិបាលកម្ពុជា និងធនាគារពិភពលោក ក្នុងការរៀបចំក្របខ័ណ្ឌភាពជាដៃគូ សម្រាប់អភិវឌ្ឍន៍កម្ពុជា (Country Partnership Framework) និងជាពិសេសឯកសារ “របាយការណ៍ចក្ខុវិស័យកម្ពុជាឆ្នាំ២០៥០” ដែលនឹងប្រមូលផ្តុំនូវធាតុចូលសំខាន់ សម្រាប់រៀបចំឯកសារចក្ខុវិស័យ២០៥០ របស់កម្ពុជាខ្លួនឯង ដែលជាការកសាងជាតិ (Nation building) និងការកសាងរដ្ឋ (State building) របស់កម្ពុជាសម្រាប់រយៈពេលវែង។
ក្នុងជំនួបពិភាក្សានេះ លោកវង្សី វិស្សុត និងលោកជំទាវ Manuela V. Ferro បានពិភាក្សានិងផ្លាស់ប្តូរមតិ លើប្រធានបទសំខាន់ៗមួយចំនួន ដូចជា កិច្ចសហប្រតិបត្តិការនិងភាពជាដៃគូ រវាងរាជរដ្ឋាភិបាលកម្ពុជា និងធនាគារពិភពលោកទៅថ្ងៃមុខ ការកែទម្រង់រចនាសម្ព័ន្ធ ការកែលម្អបរិយាកាសធុរកិច្ច ការកសាងមូលធនមនុស្ស ការពង្រឹងអភិបាលកិច្ច ការបង្កើនផលិតភាព និងការជំរុញសេដ្ឋកិច្ចនិងពាណិជ្ជកម្មក្នុងតំបន់ ព្រមទាំងការធ្វើសមាហរណកម្មជាដើម។
ភាគីទាំងពីរបានពិភាក្សាស៊ីជម្រៅ អំពីភាពចាំបាច់នៃការអភិវឌ្ឍមូលធនមនុស្ស និងការកែលម្អអភិបាលកិច្ច ដើម្បីសម្រេចចក្ខុវិស័យកម្ពុជាឆ្នាំ២០៥០ ទោះបីនៅក្នុងបរិការណ៍លំបាក និងស្មុគស្មាញយ៉ាងណាក៏ដោយ។
លោកឧបនាយករដ្ឋមន្ត្រីប្រចាំការ បានគូសរំលេចអំពីឆន្ទៈដ៏ម៉ឺងម៉ាត់រាជរដ្ឋាភិបាលកម្ពុជា នីតិកាលទី៧ ដែលដឹកនាំដោយ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា ក្នុងការខិតខំប្រឹងប្រែងអភិវឌ្ឍលើគ្រប់វិស័យ ពិសេសការលើកកម្ពស់គុណភាពអប់រំ ដែលជាមូលដ្ឋានចាំបាច់ ក្នុងការអភិវឌ្ឍសង្គម-សេដ្ឋកិច្ចជាតិ ក្នុងរយៈពេលវែង ប្រកបដោយភាពប្រកួតប្រជែង និងភាពធន់៕