ដោយ: គង់ លាងហួរ
អន្តរជាតិ: ការជួញដូរផ្សារហ៊ុននៅតំបន់អាសុីបានប្រឈមមុខជាមួយភាពមិនច្បាស់លាស់នាព្រឹកថ្ងៃសុក្រនេះ ខណៈប្រធានាធិបតីអាមេរិកលោក ដូណាល់ ត្រាំ បានប្រកាសដាក់របាំងពន្ធគយចំនួន៣៥ភាគរយលើការនាំចូលទំនិញមកពីប្រទេសកាណាដា ដោយចូលជាធរមានចាប់ពីថ្ងៃទី១ ខែសីហាខាងមុខ។
តាមរយៈការជួញដូរនៅលើទីផ្សារ សន្ទស្សន៍ផ្សារហ៊ុននៅតំបន់អាស៊ីរបស់ក្រុមហ៊ុនអាមេរិក MSCI នៅក្រៅប្រទេសជប៉ុនបានងើបឡើងថ្លៃចំនួន០,៥៨ភាគរយ គិតត្រឹមម៉ោង១០:៣៧នាទីព្រឹក។
យ៉ាងណាមិញ សន្ទស្សន៍ផ្សារហ៊ុន Nikkei របស់ប្រទេសជប៉ុនបានធ្លាក់ថ្លៃចុះ០,១៣ភាគរយ ខណៈផ្សារហ៊ុន Topix បានងើបឡើងថ្លៃ០,៧៤ភាគរយ។ ចំណែក សន្ទស្សន៍ផ្សារហ៊ុន Hang Seng របស់ទីក្រុងហុងកុងបានងើបឡើងថ្លៃ១,៧៨ភាគរយ។
ដោយឡែក សន្ទស្សន៍ផ្សារហ៊ុនបន្ទះឈីប CSI300 របស់ប្រទេសចិនបានងើបឡើងថ្លៃ១,១១ភាគរយ ខណៈពេលដែលសន្ទស្សន៍ផ្សារហ៊ុនក្រុងសៀងហៃ Shanghai Composite បានងើបឡើងថ្លៃ១,០៥ភាគរយ។
ចំណែក ផ្សារហ៊ុន S&P /ASX 200 របស់ប្រទេសអូស្ត្រាលីបានស្ថិតក្នុងសភាពទ្រឹង ខណៈពេលដែលសន្ទស្សន៍ផ្សារហ៊ុន KOSPI របស់ប្រទេសកូរ៉េខាងត្បូងបានស្ថិតក្នុងសភាពទ្រឹងដូចគ្នា៕