ដោយៈ គង់ សូរិយា
ភ្នំពេញៈ ការផ្គត់ផ្គង់ការិយាល័យ កំពុងមាននិន្នាការឆ្ពោះទៅរក ការលើសតម្រូវការហើយ ដែលបានទាញតម្លៃជួលឲ្យមានការធ្លាក់ចុះ។
ការសិក្សាថ្មីមួយរបស់ក្រុមហ៊ុនCBRE Cambodia ដែលបានចេញផ្សាយកាលពីសប្តាហ៍មុនបានរកឃើញថា អគារការិយាល័យ ដែលបានបញ្ចប់ការសាងសង់ នៅរាជធានីភ្នំពេញ ក្នុងឆមាសទី១ រួមមានអគារ Chief Tower មួយប៉ុណ្ណោះ។ ចំណែកអត្រាគ្របដណ្តប់ការជួលការិយាល័យជាមធ្យម(Occupancy Rate) នៅទូទាំងរាជធានីភ្នំពេញសម្រេចបានចំនួន៦៤ភាគរយ។
ការសិក្សាបានរកឃើញថា តម្លៃជួលការិយាល័យកម្រិតA បានធ្លាក់ចុះ៧,៥ភាគរយ ធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន មកនៅត្រឹមជាង៣០ដុល្លារ ក្នុងមួយម៉ែត្រការ៉េ ក្នុងឆមាសទី១ឆ្នាំ២០២៥ ខណៈតម្លៃជួលការិយាល័យកម្រិតB ក្នុងតំបន់ពាណិជ្ជកម្មកណ្តាល បានធ្លាក់ចុះ០,១ភាគរយធៀបនឹងឆ្នាំមុន មកនៅត្រឹមប្រហែល២៥ដុល្លារក្នុងមួយម៉ែត្រការ៉េ។
អ្នកនាង គឹម កិនកេសា នាយិកាជាន់ខ្ពស់របស់ក្រុមហ៊ុន CBRE Cambodia បានលើកឡើងថា ទីផ្សារមានសញ្ញាមិនច្បាស់លាស់នៅឆមាសទីមួយនៃឆ្នាំនេះ។ ទោះជាយ៉ាងណា ទីផ្សារអចលនទ្រព្យពាណិជ្ជកម្ម ដូចជា ការិយាល័យ បានជួបប្រទះការប្រែប្រួលជាបន្តបន្ទាប់ទាំងតម្រូវការ និងតម្លៃជួល៕