ដោយសុខុម
ហុងកុង: សារព័ត៌មាន CNA បានចុះផ្សាយកាលពីថ្ងៃទី៦ ខែមករា ថា ក្រុមហ៊ុន Alibaba Group របស់កំពូលមហាសេដ្ឋីចិន Jack Ma មានគម្រោងប្រមូលទុនឱ្យបានយ៉ាងតិច ៥ ពាន់លានដុល្លារអាមេរិក តាមរយៈការលក់សញ្ញាប័ណ្ណនៅក្នុងខែនេះ ស្របពេលក្រុមហ៊ុនយក្សមួយនេះកំពុងស្ថិតក្រោមការស៊ើបអង្កេតរបស់ក្រុមនិយ័តករចិន។ នេះបើយោងតាមការទម្លាយការណ៍សម្ងាត់ពីមនុស្ស ៤ នាក់ដែលដឹងពីរឿងនេះ។
ប៉ុន្តែ តើសញ្ញាប័ណ្ណជាអ្វី?
សញ្ញាប័ណ្ណគឺជាប្រភេទមូលបត្របំណុល ដែលតំណាងឱ្យកិច្ចសន្យាខ្ចីប្រាក់រវាងបុគ្គលបោះផ្សាយមូលបត្របំណុល (រូមមានសាជីវកម្ម សហគ្រាសរដ្ឋ ឬរាជរដ្ឋាភិបាល) និងវិនិយោគិន (ម្ចាស់មូលបត្របំណុល)។ តាមរយៈកិច្ចសន្យានេះ បុគ្គលបោះផ្សាយមូលបត្របំណុលមានកាតព្វកិច្ចបង់ឱ្យវិនិយោគិននូវទឹកប្រាក់ជាក់លាក់មួយជាទៀងទាត់ដែលហៅថា “គូប៉ុង” ឬ “ការប្រាក់” (លើកលែងសម្រាប់សញ្ញាប័ណ្ណគ្មានការប្រាក់) ព្រមទាំងបង់ប្រាក់ដើម នៅពេលដែលសញ្ញាប័ណ្ណនោះដល់កាលកំណត់សងដែលហៅថា “ឥណប្រទិទាន។ ជំនួសឱ្យការខ្ចីប្រាក់ពីធនាគារ ក្រុមហ៊ុនឬអង្គភាពមួយអាចបោះផ្សាយសញ្ញាប័ណ្ណទៅឱ្យវិនិយោគិនដោយផ្ទាល់ នៅពេលដែលក្រុមហ៊ុននោះត្រូវការសាច់ប្រាក់ដើម្បីផ្តល់ហិរញ្ញប្បទានដល់គម្រោងថ្មីៗ បន្តប្រតិបត្ដិការក្រុមហ៊ុន ឬដើម្បីទូទាត់បំណុល។
ម្នាក់ក្នុងចំណោមជនអនាមិកទាំង ៤ នាក់នោះបាននិយាយថា ដោយផ្អែកលើការឆ្លើយតបរបស់វិនិយោគិន ចំណូលបានពីការលក់សញ្ញាប័ណ្ណនេះអាចកើនឡើងដល់ ៨ ពាន់លានដុល្លារអាមេរិក ដែលក្រុមហ៊ុនធ្វើអាជីវកម្មតាមប្រព័ន្ធអេឡិចត្រូនិក (E-commerce) មួយនេះទំនងជានឹងយកទៅប្រើប្រាស់ដើម្បីទប់ការចំណាយទូទៅរបស់ខ្លួន។
អ្នកវិភាគមើលឃើញថា ការប្រមូលដើមទុននេះគឺជាការធ្វើតេស្តទំនុកចិត្តរបស់វិនិយោគិនចំពោះក្រុមហ៊ុន Alibaba ក្រោយពីកំពូលមហាសេដ្ឋី Jack Ma បានលើកឡើងកាលពីខែតុលា ឆ្នាំ២០២០ អំពីនិយ័តកម្មរារាំងនវានុវត្តន៍ថ្មីដែលបានឈានទៅដល់ការផ្អាកការចុះបញ្ជីចូលទីផ្សារភាគហ៊ុនតម្លៃ ៣៧ ពាន់លានដុល្លារអាមេរិក របស់ក្រុមហ៊ុន Ant Group ដែលជាបុត្រសម្ព័ន្ធនៃក្រុមហ៊ុន Alibaba។
ហើយដោយសារកំពូលមហាសេដ្ឋី Jack Ma បានបាត់ដំណឹងឈឹង លែងបង្ហាញមុខជាសាធារណៈដូចសព្វដងក្នុងមួយរយៈពេលចុងក្រោយនេះ បណ្ដាអ្នកប្រើប្រាស់បណ្ដាញទំនាក់ទំនងសង្គមបានងឿងឆ្ងល់យ៉ាងខ្លាំង ហើយបានធ្វើការប៉ាន់ស្មានយ៉ាងក្ដៅគគុកថា តើពេលនេះលោកកំពុងសម្ងំលាក់ខ្លួននៅទីណាឱ្យប្រាកដ។
ប្រភពខាងលើដែលសុំមិនបញ្ចេញអត្តសញ្ញាណបានប្រាប់ប្រព័ន្ធផ្សព្វផ្សាយថា ផែនការលក់សញ្ញាប័ណ្ណដែលបានដាក់បញ្ចូលកាលបរិច្ឆេទចាប់ផ្ដើមនេះមិនទាន់សម្រេចជាចុងក្រោយនៅឡើយទេ ហើយអាចនឹងមានការកែប្រែ។
ទោះជាយ៉ាងណា ក្រុមហ៊ុន Alibaba បានបដិសេធមិនឆ្លើយបំភ្លឺឡើយជុំវិញបញ្ហានេះ៕