ដោយ ណេត
ភ្នំពេញ ៖ ការទិញលក់ដីធ្លីនៅខេត្តកំពត ទោះបីជាកម្ពុជាជួបវិបត្តិដោយសារតែកូវីដ១៩ក្ដី តែសកម្មភាពនៅតែបន្តជាពិសេសដីធ្លី ស្ថិតនៅជាប់មាត់ព្រែកខេត្តកំពត បានក្លាយជាដីដែលពេញនិយមសម្រាប់វិនិយោគិនជិតឆ្ងាយ ក្នុងការបណ្ដាក់ទុនវិនិយោគលើគម្រោងនានា ។
លោកសុខ គែន ប្រធានក្រុមហ៊ុនអចលនទ្រព្យ Kampot Street Real Estate បានឱ្យដឹងថា បច្ចុប្បន្ននេះ ដីធ្លីនៅជាប់មាត់ព្រែក និងឆ្នេរក្នុងខេត្តកំពត កំពុងក្លាយជាដីដែលមានការទិញលក់ច្រើនជាង និងចាត់ទុកជាដីពេញនិយមសម្រាប់វិនិយោគិន ។ វិនិយោគិនដែលទិញដីនៅតំបន់ជាប់មាត់ព្រែក សម្រាប់ទុកអភិវឌ្ឍន៍ ហើយវិនិយោគិនខ្លះទៀតទិញទុកដើម្បីលក់បន្តយកចំណេញនៅពេលអនាគត ។
លោកបន្តថា បើនិយាយពីតម្លៃដីធ្លីនៅតំបន់នេះ វិញ គឺមិនទាន់មានការប្រែប្រួលខុសពីតម្លៃឆ្នាំចាស់នៅឡើយទេ បើទោះបីជាមានការទិញលក់ច្រើនយ៉ាងនេះក្ដី ដោយសារតែកូវីដ១៩ នៅមិនទាន់បានបញ្ចប់ទាំងស្រុងនៅឡើយ ហើយវានៅតែចោទជាបញ្ហាដដែល ដោយមិនទាន់មានវិនិយោគិនបរទេសចូលមកវិនិយោគ នៅឡើយ ។
លោកបន្ថែមថាក្រៅពីដីនៅតាមមាត់ព្រែកហើយនោះ ដីនៅឆ្ងាយពីមាត់ព្រែកក៏មានការទិញលក់ដែរ និងមានតម្លៃទាបជាងដីនៅជាប់មាត់ព្រែក ។ អ្នកវិនិយោគមកពីភ្នំពេញភាគច្រើនបានចូលមកកាន់ទឹកដីខេត្តកំពត ដើម្បីរកដីធ្លីទុកសម្រាប់លក់វិញនៅពេលអនាគត ហើយអ្នកវិនិយោគខ្លះដែលមានលុយស្រាប់បានទិញដីទុកដើម្បីអភិវឌ្ឍន៍ខ្លួនឯងនៅពេលក្រោយ ។
លោកសំ សុខនឿនប្រធានសមាគមអចលនទ្រព្យសកល បានលើកឡើងកន្លងមកថា ក្នុងពេលមានវិបត្តិបែបនេះអ្នកមានលុយគឺមានឱកាស ក្នុងការទិញអចលនទ្រព្យនៅទីតាំងល្អៗ និងមានតម្លៃទាបជាងទីផ្សារ ។ លោកថា៖« នៅក្នុងពេលមានវិបត្តិ អ្នកត្រូវការលុយគឺច្រើន ហើយតែងតែចង់លក់អចលនទ្រព្យដើម្បីយកលុយមកដោះស្រាយជីវភាព ឬដោះស្រាយអាជីវកម្ម ដូច្នេះដើម្បីលក់ដាច់បានលឿន ពួកគេត្រូវលក់ក្នុងតម្លៃទាបជាងទីផ្សារ » ។
លោកបន្តថា វិស័យអចលនទ្រព្យឆ្នាំ ២០២០មានការថមថយសកម្មភាព គួរឱ្យកត់សម្គាល់ តែបើធៀបនឹងប្រទេសជិតខាង កម្ពុជានៅតែមានការទិញលក់ហូរហែ និងមិនស្ងាត់ដូចបណ្ដាប្រទេសមួយចំនួន ក្នុងតំបន់ឡើយ ។ ក្នុងឆ្នាំ២០២១ លោករំពឹងថាវិស័យអចលនទ្រព្យអាចនឹងងើបឡើងវិញបើសិនជាការរីករាលដាលនៃជំងឺកូវីដ១៩ ត្រូវបានទប់ស្កាត់ ៕