ដោយគង់ ម៉ាលីនណា
កំពង់ចាមៈ ស្ពានមិត្តភាពកម្ពុជា ចិន ឆ្លងកាត់ទន្លេមេគង្គរវាងស្រុកស្ទឹងត្រង់ខេត្តកំពង់ចាម និងស្រុកក្រូចឆ្មារ ខេត្តត្បូងឃ្មុំបានតភ្ជាប់រួចហើយ ប៉ុន្តែមិនទាន់ដាក់ឲ្យដំនើររនៅឡើយទេ។
ការស្ថាបនាស្ពាននព បានសម្រេចប្រមាណ៩៥ភាគរយហើយ នៅឡើយតែការចាក់កៅស៊ូលើស្ពាន និងរៀបចំបង្កាន់ដៃ ដើម្បីលំអរស្ពាន ក៏ដូចជាដើម្បីបញ្ចៀសហានិភ័យនៃការកើតមានគ្រោះថ្នាក់ចរាចរណ៍ប៉ុណ្ណោះ។
សំណង់ស្ពានមិត្តកម្ពុជា – ចិន ឆ្លងកាត់ទន្លេមេគង្គ តភ្ជាប់រវាងស្រុកស្ទឹងត្រង់ខេត្តកំពង់ចាម និងស្រុកក្រូចឆ្មារ ខេត្តត្បូងឃ្មុំ បានប្រើប្រាស់ថវិកាហិរញ្ញប្បទានរបស់សាធារណរដ្ឋប្រជាមានិតចិនក្នុងទំហំទឹកប្រាក់៥៧លានដុល្លារអាមេរិក។
ស្ពាននេះមានប្រវែងសរុប១១៣១ម៉ែត្រ និងទទឹង១៣.៥០ម៉ែត្រ មានកម្ពស់ពីផ្ទៃទឹក១៥ម៉ែត្រ។ ស្ពាននេះបានចាប់ផ្ដើមដំណើរការសាងសង់ នៅក្នុងអំឡុងខែកុម្ភៈ ឆ្នាំ២០១៨ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និងឯកអគ្គរដ្ឋទូតសាធារណរដ្ឋប្រជាមានិតចិនប្រចាំនៅកម្ពុជា។
ស្ពានឆ្លងកាត់ទន្លេមេគង្គនេះ នៅត្រើយខាងលិចស្ថិតនៅក្នុងភូមិបឹងដែង ឃុំព្រែកកក់ ស្រុកស្ទឹងត្រង់ ខេត្តកំពង់ចាម ដែលមានផ្លូវតភ្ជាប់ពីក្បាលស្ពាន ត្រូវបានពង្រីកធំទូលាយក្រាលកៅស៊ូ និងមានរង្វង់មូលតភ្ជាប់ដោយផ្លូវខ្វាត់ខ្វែងទៀតផង។ អាជ្ញាធរខេត្ត កំពុងតែយកចិត្តទុកដាក់ បានចុះដោះស្រាយពីផលប៉ះពាល់នានា នៅតាមដងផ្លូវ ជាមួយនឹងប្រជាពលរដ្ឋរួចរាល់ និងផ្លូវត្រូវពង្រីកឱ្យធំជាងមុន តភ្ជាប់មកផ្លូវលេខ៧១ រហូតដល់ស្រុកចំការលើ។
តាមរយៈវត្តមាននៃស្ពានមួយនេះ បានដើរតួយ៉ាងសំខាន់ក្នុងនាមជាដង្ហើមសេដ្ឋកិច្ចមួយរវាងខេត្តកំពង់ចាម និងត្បូងឃ្មុំ ក្នុងការដឹកកសិផល និងវិស័យផ្សេងៗ ឆ្លងកាត់ពីតំបន់មួយទៅតំបន់មួយកាន់តែប្រសើរឡើង ដោយក្នុងនោះប្រជាពលរដ្ឋដែលរស់នៅខេត្តស្ទឹងត្រែង និងខេត្តក្រចេះ ក៏អាចដឹកទំនិញឆ្លងកាត់ស្ពានមិត្តភាពកម្ពុជា-ចិននេះបែងចែកទៅតាមបណ្តាខេត្តដទៃទៀត ក៏ដូចជាឆ្ពោះមកកាន់រាជធានីភ្នំពេញ បានយ៉ាងស្រួល។
រដ្ឋាភិបាលគ្រោងនឹងសាងសង់ស្ពានឆ្លងកាត់ទន្លេមេគង្គ នៅខេត្តក្រចេះនាពេលខាងមុខផងដែរ ដែលគម្រោងនេះបានសិក្សារួចហើយ រង់ចាំតែពេលវេលាបើកការដ្ឋានសាងសង់នាពេលខាងមុខប៉ុណ្ណោះ៕