ដោយៈគង់់ ម៉ាលីនណា
ភ្នំពេញៈ មានកត្តាសំខាន់ជាច្រើន បាននិងកំពុងធ្វើឲ្យខេត្តចំនួន៤ នៅតែមានសកម្មភាពទិញលក់ដីធ្លីយ៉ាងសកម្ម ជាងបណ្តារាជធានីខេត្តចំនួន២១ទៀត ដែលបណ្តាខេត្តទាំងនោះរួមមាន ខេត្តកណ្តាល កំពង់ស្ពឺ កំពត និងខេត្តសៀមរាប។
អ្នកតាមដានការវិវត្តន៍នៃវិស័យសេដ្ឋកិច្ច និងអចលនទ្រព្យកម្ពុជា លោកយិន លាងគង់ ដែលជាស្ថាបនិកនិងជាអគ្គនាយក នៃគេហទំព័រ Propertyarea.asia បានមានប្រសាសន៍ឲ្យដឹងកាលពីរសៀលថ្ងៃទី២៣ មិនាកន្លងមកថា ការបន្តសកម្មភាពនៃការដោះដូរដីធ្លី នៅតាមបណ្តាខេត្តដូចលើកឡើងលើ មិនមែនជារឿងចៃដនយនោះទេ ប៉ុន្តែវាកើតឡើងដោយសារកត្តាសំខាន់ៗមួយចំនួនដូចជា កត្តាភូមិសាស្ត្រ ហេដ្ឋារចនាសម្ព័ន្ឋ គោលនយោបាយរបស់រដ្ឋាភិបាល និងជំនឿទុកចិត្តរបស់អ្នកវិនិយោគនៅក្នុងវិស័យនេះ។
លោកបន្តថា “ខេត្តកណ្តាល កំពត កំពង់ស្ពឺ និងខេត្តសៀមរាប ប្រៀបបីដូចជាតារាកំពុងរះថ្មី ដែលជាទីទាក់ទាញការចាប់អារម្មណ៍ ដោយសារការវិនិយោគលើហេដ្ឋារចនាសម្ព័ន្ឋរបស់រដ្ឋាភិបាល ដូចជាផ្លូវ ព្រលានយន្តហោះ និងគោលនយោបាយឧស្សាហកម្ម ដែលបានដាក់ចេញ” ។ លោកបន្តថា “គ្មានចក្ខុវិស័យដឹកនាំប្រទេសច្បាស់លាស់ទេ ប្រទេសជាតិមិនអាចរីកចម្រើនបានទេ ហើយគ្មានមូលដ្ឋានច្បាប់រឹងមាំ ក៏មិនអាចទាក់ទាញលំហូរទុកវិនិយោគក្នុងស្រុក និងមកពីបរទេសនោះដែរ” ។
លោកយិន លាងគង់បានបន្តថា នៅកម្ពុជាហេដ្ឋារចនាសម្ព័ន្ឋ បានបន្ថែមនូវគុណតម្លៃ និងបង្កើតតម្លៃបន្ថែមយ៉ាងច្រើនដល់ការអភភិវឌ្ឍនានា ពិសេសបានធ្វើឲ្យតម្លៃអចលនទ្រព្យកើនឡើងយ៉ាងគំហុក ដោយសារហេដ្ឋារចនាសម្ព័ន្ឋ ត្រូវបានប្មុខរដ្ឋាភិបាលចាត់ទុកជាសសៃឈាមនៃសេដ្ឋកិច្ចជាតិ។
ប្រធានសមាគមអ្នកវាយតម្លៃ និងភ្នាក់ងារអចលនវត្ថុកម្ពុជា លោកច្រឹក សុខនីមដែលបានចុះសិក្សា និងអង្កេតចរន្តទិញលក់ក្នុងវិស័យអចលនទ្រព្យ ជាប់ជាប្រចាំបាមានប្រសាសន៍ថា ចរន្តដោះដូរដីធ្លីបានកើតឡើងច្រើន នៅលើបណ្តាខេត្តទាំងបួននេះ បើគិតកំឡុងត្រីមាសទី១នៃឆ្នាំ២០២១នេះ ប៉ុន្តែខេត្តដទៃក្រៅពីខេត្តទាំងបួននេះ អ្វីៗហាក់មានសភាពស្ងប់ស្ងាត់បន្តិច ដោយសារវិបត្តិកូវីដ១៩ ដែលបាននិងកំពុងអូសបន្លាយ ប៉ុន្តែយើងជឿជាក់ថាអ្វីៗនឹងមានភាពប្រសើរឡើង ហើយព្រឹត្តិការណ៍នេះនឹងបិទបញ្ចប់នាពេលឆាប់ៗខាងមុខ។
លោកបន្តថា “ទោះជាមានការដោះដូរដីធ្លីកើនឡើង ប៉ុន្តែតម្លៃមិនបានហក់ឡើងនោះទេ ដោយសារវិបត្តិសេដ្ឋកិច្ចកំពុងកើតមាន ហើយចរន្តសេដ្ឋកិច្ចមិនវិលមករកភាពប្រក្រតីលឿនពេកនោះទេ ទោះជាព្រឹត្តិការណ៍២០កុម្ភៈ ត្រូវបិទបញ្ចប់នាពេលខាងមុខក្តី។លោកបន្តថា “ទោះជាយ៉ាងណាកំឡុងពេលមានវិបត្តិបែបនេះ អ្នកមានធនធានបានចាប់ផ្តើមប្រមួលទិញដីធ្លី ព្រោះជាពេលវេលាដែលតម្លៃដីធ្លី ស្ថិតក្នុងដំណាក់កាលអាចចចាបាន” ៕