ក្រសួងកសិកម្មដាក់ដំណើរការមុខងារស្នើសុំអាជ្ញាប័ណ្ណ លិខិតអនុញ្ញាត និងវិញ្ញាបនបត្រក្នុងទម្រង់អេឡិចត្រូនិក

ដោយៈ សាវុធ
ភ្នំពេញៈ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានដាក់ឱ្យអនុវត្តជំហានដំបូងនូវមុខងារស្នើសុំអាជ្ញាប័ណ្ណ លិខិតអនុញ្ញាត និងវិញ្ញាបនបត្រ ក្នុងទម្រង់អេឡិចត្រូនិក នៃប្រព័ន្ធបញ្ជរតែមួយជាតិកម្ពុជា ក្នុងវិស័យកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ។ នេះបើតាមសេចក្តីជូនដំណឹងរបស់ក្រសួង ដែលចេញផ្សាយនៅថ្ងៃទី២៧ ខែឧសភា ឆ្នាំ២០២១នេះ។

សេចក្ដីជូនដំណឹង ដែលចុះហត្ថលេខាដោយលោកវេង សាខុនរដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានឲ្យដឹងថា ដើម្បីចូលរួមលើកកម្ពស់បន្ថែមទៀត នូវប្រសិទ្ធភាពនៃកិច្ចសម្រួលពាណិជ្ជកម្ម និងស្របតាមគោលនយោបាយ របស់រាជរដ្ឋាភិបាល ប្រព័ន្ធបញ្ជរតែមួយជាតិកម្ពុជា នៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ត្រូវបានរៀបចំដាក់ឲ្យអនុវត្តជំហានដំបូង ដែលមានមុខងារសំខាន់ ក្នុងការស្នើសុំអាជ្ញាប័ណ្ណ លិខិតអនុញ្ញាត និងវិញ្ញាបនបត្រក្នុងទម្រង់អេឡិចត្រូនិក។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

ក្នុងន័យ ដូចបានជម្រាបជូនខាងលើ និងអនុលោមទៅតាមប្រកាស លេខ៥៧៥ សហវ.ប្រក ចុះថ្ងៃទី២៥ ខែមិថុនា ឆ្នាំ២០១៩ របស់ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ក៏បានសម្រេចដាក់ឲ្យអនុវត្តជំហានដំបូង លើមុខងារស្នើសុំអាជ្ញាប័ណ្ណ លិខិតអនុញ្ញាត និងវិញ្ញាបនបត្រ ក្នុងទម្រង់អេឡិចត្រូនិក (https://live.nSW.gov.kh) ចាប់ពីថ្ងៃជូនដំណឹងនេះតទៅ សម្រាប់អង្គភាពទាំង៣ រួមមាន៖

១៖ អគ្គនាយកដ្ឋានសុខភាពសត្វ និងផលិតកម្មសត្វ៖ អនុវត្តលើគោលការណ៍ផ្សេងៗ ក្នុងផ្នែកចំណីសត្វ និងបសុឱសថ។

២៖ អគ្គនាយកដ្ឋានកសិកម្ម៖ អនុវត្តលើការដាក់ពាក្យស្នើសុំវិញ្ញាបនបត្រ ភូតគាមអនាម័យ សម្រាប់ការនាំចេញការនាំចេញទៅវិញ និងវិញ្ញាបនបត្រភូតគាមអនាម័យ សម្រាប់ការនាំចូលទំនិញជាកម្មវត្ថុ នៃការត្រួតពិនិត្យភូតគាមអនាម័យ។

៣៖ រដ្ឋបាលជលផល៖ អនុវត្តលើការស្នើសុំអាជ្ញាប័ណ្ណនាំចេញ នាំចូល និងឆ្លងកាត់ផល ផលិតផលជលផល៕

LEAVE A REPLY

Please enter your comment!
Please enter your name here