ដោយៈសុខុម
សេអ៊ូល: យោងតាមការចុះផ្សាយរបស់សារព័ត៌មាន Korea Times ឱ្យដឹងថា បណ្ដាក្រុមហ៊ុនកូរ៉េខាងត្បូង ហាក់ស្ទាក់ស្ទើរក្នុងការពង្រីកការវិនិយោគរបស់ខ្លួន នៅក្នុងប្រទេសចិន បើទោះបីជាសេដ្ឋកិច្ចរបស់មហាយក្សនេះ ទទួលបានកំណើនខ្ពស់មិនធ្លាប់មានរហូតដល់ទៅ១៨,៣%ក្នុងត្រីមាសទី១ ដើមឆ្នាំ២០២១ និងកំពុងទាក់ទាញក្រុមហ៊ុនទាំងនោះ ឱ្យចូលរួមក្នុងការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធយ៉ាងណាក្ដី។
ក្រុមអ្នកជំនាញបាននិយាយកាលពីថ្ងៃអង្គារ ទី១ មិថុនាកន្លងមកថា ក្រុមហ៊ុនទាំងនោះ ព្រួយបារម្ភអំពីជម្លោះរវាងសហរដ្ឋអាមេរិក និងមហាយក្សចិន ថាអាចនឹងធ្វើឱ្យប៉ះពាល់ដល់អាជីវកម្មរបស់ពួកគេ ប្រសិនបើពួកគេវិនិយោគនៅក្នុងប្រទេសចិន។
ក្រុមហ៊ុនទាំងនោះលើកឡើងថា ក្រុមហ៊ុនជាច្រើនបានដឹងអំពីការសងសឹករបស់ប្រទេសចិន ផ្នែកសេដ្ឋកិច្ចដែលពួកគេមើលឃើញថា “កំពុងបន្តកើតមាន”។ ពួកគេបានសំដៅទៅលើការចាត់វិធានការរបស់ប្រទេសចិន ដើម្បីឆ្លើយតបទៅនឹងការដាក់ពង្រាយប្រព័ន្ធខែលមីស៊ីល THAAD របស់សហរដ្ឋអាមេរិក នៅក្នុងប្រទេសកូរ៉េខាងត្បូង ក្នុងឆ្នាំ២០១៧។
ទោះជាយ៉ាងណា រដ្ឋាភិបាលកូរ៉េខាងត្បូង និងរដ្ឋាភិបាលចិន បានប្រកាសថា ជម្លោះជុំវិញខែលមីស៊ីល THAAD នោះត្រូវបានដោះស្រាយរួចរាល់ហើយ។
លោក Jun Bo-hee អ្នកសិក្សាស្រាវជ្រាវជាន់ខ្ពស់នៅសមាគមពាណិជ្ជកម្មអន្តរជាតិកូរ៉េ (Korea International Trade Association (KITA)) បានលើកឡើងថា “ភាពតានតឹងរវាងសហរដ្ឋអាមេរិក និងប្រទេសចិន ផ្នែកនយោបាយ និងសេដ្ឋកិច្ចត្រូវបានរំពឹងថា នឹងអូសបន្លាយរយៈពេលវែង។ ដូចនេះអាចនិយាយបានថា ក្រុមហ៊ុនទាំងនេះនឹងគិតសាជាថ្មី ប្រសិនបើពួកគេចង់បោះទុនវិនិយោគនៅក្នុងប្រទេសចិន”។
ទាក់ទិននឹងកំណើនសេដ្ឋកិច្ចខ្ពស់ មិនធ្លាប់មានរបស់ប្រទេសចិន នៅក្នុងត្រីមាសទី១ ដើមឆ្នាំ២០២១នេះ លោកJun Bo-hee បានលើកឡើងថា កំណើននេះត្រូវបាន “បំប៉ោង” ព្រោះសេដ្ឋកិច្ចរបស់ចិន បានដាំក្បាលចុះ៦,៨%អំឡុងត្រីមាសទី១ ដើមឆ្នាំ២០២០ ជាពេលដែលវីរុសកូវីដ-១៩ ដំបូងបានផ្ទុះចេញពីទីក្រុងវូហាន (Wuhan) ប្រទេសចិន ហើយបន្ទាប់មកបានឆ្លងរាតដាល់ពាសពេញពិភពលោក។
និយាយក្នុងលក្ខខណ្ឌអនាមិក អ្នកសិក្សាស្រាវជ្រាវម្នាក់ មកពីស្ថាប័នមួយដែលគាំទ្ររដ្ឋាភិបាលបានលើកឡើងថា “មេរៀនទទួលបានពីខែលមីស៊ីលTHAAD កំពុងបំភិតបំភ័យក្រុមហ៊ុនកូរ៉េ នានាមិនឱ្យហ៊ានបើកដំណើរការអាជីវកម្មយ៉ាងសកម្ម នៅក្នុងប្រទេសចិន ដូចដែលពួកគេធ្លាប់ធ្វើពីមុន”៕