ក្រុមហ៊ុន Orsted គ្រោងបោះទុនវិនិយោគបន្ថែម ៥៧ពាន់លានដុល្លារ លើការផលិតថាមពលកកើតឡើងវិញ

ដោយ សុខុម

អន្តរជាតិ: ក្រុមហ៊ុន Orsted ដែលជាក្រុមហ៊ុនសាងសង់កសិដ្ឋានថាមពលដើរដោយកម្លាំងខ្យល់ធំបំផុតរបស់ពិភពលោក កំពុងបង្កើនការវិនិយោគរបស់ខ្លួនលើថាមពលកកើតឡើងវិញឱ្យឈានដល់៥៧ពាន់លានដុល្លារអាមេរិក នៅត្រឹមឆ្នាំ២០២៧។ នេះបើយោងតាមទីភ្នាក់ងារព័ត៌មាន Reuters ចុះផ្សាយកាលពីថ្ងៃទី០២ មិថុនា។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

ក្រុមហ៊ុនដាណឺម៉ាក ដែលបានលក់អាជីវកម្មប្រេង និងហ្គាសរបស់ខ្លួនក្នុងឆ្នាំ២០១៧ មួយនេះទទួលបានអត្ថប្រយោជន៍យ៉ាងច្រើនសន្ធឹកសន្ធាប់ពីគោលនយោបាយអនុវត្តន៍កិច្ចព្រមព្រៀងទីក្រុងប៉ារីស ឆ្នាំ២០១៥ ដែលត្រូវបានបង្កើតឡើងក្នុងបំណងកាត់បន្ថយការកើនឡើងកម្ដៅរបស់ភពផែនដី។

ប៉ុន្តែការប្រកួតប្រជែងមានកាន់តែខ្លាំងឡើង នៅពេលក្រុមហ៊ុនថាមពលនានារួមមានទាំងក្រុមហ៊ុនប្រេងធំៗដូចជាក្រុមហ៊ុន TOTAL ក្រុមហ៊ុន BP និងក្រុមហ៊ុន SHELL ជាដើមបង្កើនល្បឿនវិនិយោគរបស់ខ្លួនលើថាមពលកកើតឡើងវិញ។

កាលពីដើមឆ្នាំនេះ ក្រុមហ៊ុន Iberdrola ដែលជាក្រុមហ៊ុនផលិតថាមពលដើរដោយកម្លាំងខ្យល់ធំបំផុតរបស់អឺរ៉ុប បានសន្យាបោះទុនវិនិយោគរហូតដល់ទៅ១៥០ពាន់លានដុល្លារ នៅត្រឹមឆ្នាំ២០៣០ ដើម្បីបង្កើតសមត្ថភាពរបស់ខ្លួន៣ដងនៅក្នុងការផលិតថាមពលកកើតឡើងវិញ និងបង្កើនទ្រព្យសកម្មរបស់ខ្លួនទ្វេដង។

ក្រុមហ៊ុន Orsted ដែលបានដំឡើងជាង១ភាគ៤នៃសមត្ថភាពផលិតថាមពលដើរដោយកម្លាំងខ្យល់ទូទាំងពិភពលោកបានប្រកាសកាលពីថ្ងៃពុធ ទី០២ មិថុនាថា ខ្លួនមានគម្រោងបោះទុនវិនិយោគក្នុងទំហំទឹកប្រាក់រហូតដល់ទៅ៥៧ពាន់លានដុល្លារ នៅត្រឹមឆ្នាំ២០២៧៕

LEAVE A REPLY

Please enter your comment!
Please enter your name here