រដ្ឋាភិបាលពន្យាពេលអនុវត្តន៍របបសន្តិសុខសង្គមផ្នែកប្រាក់សោធនដោយសារវិបត្តិកូវីដ១៩

ដោយៈលក្ខិណា

ភ្នំពេញៈ ដោយសារតែវិបត្តិកូវីដ១៩ បន្តញាំញីនិងបង្កជាវិបត្តិទាំងសេដ្ឋកិច្ច និងសុខភាពសាធារណៈច្បាប់ស្ដីពី របបសន្តិសុខសង្គម ផ្នែកប្រាក់សោធន ត្រូវបានពន្យារពេលក្នុងការដាក់ឱ្យដំណើរ និងត្រូវបានដាក់តាមដានបន្តទៀត។

យោងតាមសេចក្តីប្រកាសព័ត៌មាន ក្រោយប្រជុំពិភាក្សារក្រុមប្រឹក្សារជាតិគាំពារសង្គម ដឹកនាំដោយលោកអូន ព័ន្ធមុនីរ័ត្នកាលពីថ្ងៃទី៤ មិថុនាកន្លងមកបានបង្ហាញថា ដោយសារតែវិបត្តិកូវីដ១៩ រដ្ឋាភិបាល បានសម្រេចពន្យារពេលដាក់ឱ្យអនុវត្តន៍ របបសន្តិសុខសង្គមផ្នែកប្រាក់សោធន សម្រាប់បុគ្គលទាំងឡាយ ដែលស្ថិតនៅក្រោមបទប្បញ្ញត្តិនៃច្បាប់ស្ដីពី ការដល់ដំណាច់ឆមាសទី១ឆ្នាំ២០២១នេះ ដោយតាមដាន និងពិនិត្យមើលស្ថានភាពជាក់ស្ដែង នៃឥទ្ធិពលរបស់ជំងឺកូវីដ១៩នេះ យ៉ាងយកចិត្តទុកដាក់។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

ក្នុងសេចក្តីប្រកាសបានឱ្យដឹងទៀតថា តាមស្ថានការនៃការបន្តប្រឈមនឹងការរីករាលដាលនៃជំងឺកូវីដ១៩ ជាពិសេសឥទ្ធិពលស្ថានភាពសង្គម សេដ្ឋកិច្ច នៃព្រឹត្តិការណ៍២០កុម្ភៈ២០២១ កិច្ចប្រជុំបានពិនិត្យ និងពិភាក្សាទាំងក្នុងទិដ្ឋភាពបច្ចេកទេស និងទិដ្ឋភា​ព​នយោបាយ បានឯកភាពគ្នាថា ស្ថានភាពបច្ចុប្បន្ននៅមិនទាន់មានអំណោយផល សម្រា​ប់ការដាក់ឱ្យអនុវត្តន៍ របបសន្តិសុខសង្គមផ្នែកប្រាក់សោធន សម្រាប់បុគ្គលទាំង​ឡា​យដែលស្ថិតនៅក្រោមបទប្បញ្ញត្តិ នៃច្បាប់ស្ដីពីការងារនេះនៅឡើយ។

ក្នុងន័យនេះ កិច្ចប្រជុំបានសម្រេចថានឹងស្នើសុំរាជរដ្ឋាភិបាល ដើម្បីបន្តពន្យារពេលការដាក់ឱ្យអនុវត្តនិងបន្តសិក្សា និងវាយតម្លៃស្ថានភាព នៃឥទ្ធិពលរបស់ជំងឺកូវីដ១៩ ជាប្រចាំនិងជាបន្តបន្ទាប់ ហើយក៏បានផ្ដល់ការណែនាំដល់ស្ថាប័ន ដែលជាប់ពាក់ព័ន្ធដល់ការអនុវត្តរបបសន្តិសុខសង្គម ផ្នែកប្រាក់សោធននេះ ធ្វើការផ្សព្វផ្សាយឱ្យបានទូលំទូលាយ មុននឹងដាក់ឱ្យអនុវត្តន៍ដើម្បីជាការបង្កើនចំណេះដឹង ទាំងទៅលើគោលការណ៍ និងជាពិសេសទៅលើអត្ថប្រយោជន៍ ដែលជាការផ្ដល់ការគាំពារដល់កម្មករ និយោជិត ដោយរបបសន្តិសុខសង្គមផ្នែកប្រាក់សោធន ។

គិតមកដល់ដើមខែមិថុនា ២០២១នេះ ស្ថានភាពកូវីដ១៩នៅក្នុងប្រទេសកម្ពុជានិងប្រទេសជិតខាងនៅតែបន្តមានភាពធ្ងន់ធ្ងរ និងមានតួលេខឆ្លងនៅតែខ្ពស់ក្នុងមួយថ្ងៃៗ ជាក់ស្ដែងថ្ងៃទី៤មិថុនា ២០២១នេះ កម្ពុជារកឃើញអ្នកឆ្លងថ្មីរហូតដល់៨៨៧នាក់ ហើយនៅយប់ថ្ងៃទី០៤មិថុនា ២០២១នេះដែរ ក្រសួងសុខាភិបាលកម្ពុជា ក៏បានប្រកាសពីការរកឃើញមេរោគកូវីដ១៩បំប្លែងខ្លួនថ្មី មានប្រភពមកពីប្រទេសឥណ្ឌា អាចមានសមត្ថភាពចម្លងពីមនុស្សទៅម្នាក់ទៀតលឿនរហ័ស ដែលត្រូវមានការប្រុងប្រយ័ត្នខ្ពស់៕

LEAVE A REPLY

Please enter your comment!
Please enter your name here