ដោយៈសុខហេង
ភ្នំពេញៈ ប្រទេសកម្ពុជាចង់ចូលរួមវេទិកាដឹកជញ្ជូនអន្តរជាតិ ខណៈដែលប្រជាជនកម្ពុជាចន្លោះពី៤ទៅ៥នាក់បានស្លាប់រាល់ថ្ងៃដោយសារគ្រោះថ្នាក់ចរាចរណ៍ និងបាត់បង់ទ្រព្យសម្បត្តិប្រមាណ៣០០លានដុល្លារក្នុងមួយឆ្នាំ។
ក្នុងវេទិកាជួបពិភាក្សាការងារជាមួយលោក Young Tae Kim អគ្គលេខាធិការនៃវេទិកាដឹកជញ្ជូនអន្តរជាតិ(International Transport Forum) តាមប្រព័ន្ធវីដេអូពីចម្ងាយ លោកទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល រដ្ឋមន្ត្រី ក្រសួងសាធារណការ និងដឹកជញ្ជូន បានជម្រាបជូនវេទិកាដឹក ជញ្ជូនអន្តរជាតិ អំពីការបិទបញ្ចប់កិច្ចប្រជុំឧត្តមមន្ត្រីដឹកជញ្ជូនអាស៊ាន (STOM) ដែលកម្ពុជាបានធ្វើជា ម្ចាស់ផ្ទះចាប់ពីថ្ងៃទី៨ ដល់ថ្ងៃទី៩ ខែមិថុនា នាពេលថ្មីៗកន្លងទៅនេះ។
ជាមួយគ្នានោះផងដែរ លោក Young Tae Kim បានធ្វើបច្ចុប្បន្នភាពអំពីសមាជិកភាពនៃវេទិកាដឹក ជញ្ជូនអន្តរជាតិ (ITS) ដោយក្នុងនោះលោកបានបញ្ជាក់ថា៖ ប៉ុន្មានឆ្នាំកន្លងទៅនេះ ITFទទួលបាន សមាជិកថ្មីមួយចំនួនទៀតរួមមាន ប្រទេស Mongolia ប្រទេស Obekistan និងបណ្តាប្រទេសចំនួន៧ទៀត មកពីទ្វីបអាស៊ី និងបានសម្តែងនូវការស្វាគមន៍ ចំពោះទំនាក់ទំនងរវាងបណ្តាប្រទេសអាស៊ីអាគ្នេយ៍ ជាពិសេសកម្ពុជា ដែលមានបំណងចង់ចូលជាសមាជិក របស់វេទិកាដឹកជញ្ជូនអន្តរជាតិ តាមរយៈអង្គការUNSCAP និងធនាគារអភិវឌ្ឍន៍អាស៊ី និងលេខាធិការដ្ឋានអាស៊ានផងដែរ។
លោកទេសរដ្ឋមន្ត្រី ក្នុងនាមជាប្រធានកិច្ចប្រជុំរដ្ឋមន្ត្រីដឹកជញ្ជូនអាស៊ាន បានស ម្តែងនូវការស្វាគមន៍ ចំពោះការចូលរួមដោយផ្ទាល់របស់វេទិកា ដឹកជញ្ជូនអន្តរជាតិនៅក្នុងកិច្ចប្រជុំ ថ្នាក់រដ្ឋមន្ត្រីដឹកជញ្ជូនអាស៊ាន ដែលកម្ពុជាគ្រោងនឹងធ្វើជាម្ចាស់ផ្ទះ នៅក្នុងខែវិច្ឆិកា ឆ្នាំ២០២១នេះ នៅពេលទទួលបានការយល់ព្រមជាទូទៅ ពីរដ្ឋសមាជិកអាស៊ានទាំងអស់ នៅក្នុងបរិបទនៃការរាតត្បាត ជំងឺកូវីដ-១៩។
លោកបន្តថា “បញ្ហាសុវត្ថិភាពចរាចរណ៍គឺជាបញ្ហាគួរឱ្យព្រួយបារម្ភ បំផុតរបស់កម្ពុជា ក៏ដូចជាអាស៊ានទាំងមូល ដោយហេតុថា បច្ចុប្បន្ននេះមានមនុស្សចំនួនពី៤ ទៅ៥នាក់ គិតជាមធ្យម បានស្លាប់ដោយសារគ្រោះថ្នាក់ចរាចរណ៍នៅកម្ពុជា”។
បើយោងតាមការប៉ាន់ស្មានរបស់ធនាគារពិភពលោក ដោយក្នុងនោះបានបង្កឱ្យខូចខាតទ្រព្យសម្បត្តិ ប្រមាណ៣០០លានដុល្លារក្នុងមួយឆ្នាំ ខាតបង់ពេលវេលា និងប៉ះពាល់ដល់សេដ្ឋកិច្ចជាតិផងដែរ និងបានសម្ដែងបំណងចង់ធ្វើការ យ៉ាងជិតស្និតជាមួយវេទិកាដឹកជញ្ជូនអន្តរជាតិ ដើម្បីដោះស្រាយបញ្ហានេះឱ្យមានប្រសិទ្ធភាព។
លោកស៊ុន ចាន់ថុលបានបន្តថា កម្ពុជាចង់រៀនសូត្របទពិសោធន៍របស់វេទិកាដឹក ជញ្ជូនអន្តរជាតិ ទាក់ទងនឹងគោលនយោបាយ យុទ្ធសាស្ត្រ ការដឹកជញ្ជូនបៃតង ដោយសារកម្ពុជា សព្វថ្ងៃនេះមិនទាន់មានយានយន្តដើរដោយអគ្គិសនី(Electric Vehicle) នៅឡើយទេ ប៉ុន្តែកម្ពុជាកំពុងធ្វើដំណើរឆ្ពោះទៅកាន់ទិសដៅនោះហើយ៕