ក្រុមប្រឹក្សាពិគ្រោះយោបល់ធុរកិច្ចអាស៊ាន ជំរុញឱ្យម៉ាឡេស៊ី ផ្តល់សច្ចាប័នដល់កិច្ចព្រមព្រៀង RCEP និង CPTPP ត្រឹមដំណាច់ឆ្នាំនេះ

ដោយៈ សុខុម

គូឡាឡាំពួ: ក្រុមប្រឹក្សាពិគ្រោះយោបល់ធុរកិច្ចអាស៊ាន (ASEAN-BAC) បានជំរុញឱ្យរដ្ឋាភិបាលម៉ាឡេស៊ី ផ្តល់សច្ចាប័នដល់កិច្ចព្រមព្រៀងភាពជាដៃគូសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយតំបន់ (RCEP) និងកិច្ចព្រមព្រៀងភាពជាដៃគូសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយសម្រាប់ភាពជាដៃគូអន្តរប៉ាស៊ីហ្វិក (CPTPP) នៅត្រឹមដំណាច់ឆ្នាំនេះ។ នេះបើយោងតាមសារព័ត៌មាន The Edge Markets ចុះផ្សាយនៅថ្ងៃទី២២ មិថុនា នេះ។

លោក Tan Sri Dr Mohd Munir Abdul Majid ដែលជាប្រធានប្ដូរវេនម៉ាឡេស៊ី នៃក្រុមប្រឹក្សានេះបានលើកឡើងថា ប្រទេសម៉ាឡេស៊ី បានបាត់បង់អត្ថប្រយោជន៍ដំបូងរបស់ខ្លួន នៅពេលប្រទេសនេះមិនទាន់ផ្តល់សច្ចាប័នលើកិច្ចព្រមព្រៀងទាំង២នេះ។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

ដូចនេះ នៅថ្ងៃនេះក្រុមប្រឹក្សាពិគ្រោះយោបល់ធុរកិច្ចអាស៊ាន បានផ្ដល់អនុស្សរណៈនៃការយោគយល់ (MoU) មួយដល់ក្រសួងពាណិជ្ជកម្ម និងឧស្សាហកម្មអន្តរជាតិ ដើម្បីគាំទ្រដល់ការផ្តល់សច្ចាប័នដល់កិច្ចព្រមព្រៀង RCEP និងកិច្ចព្រមព្រៀង CPTPP។

លោក Mohd Munir បានថ្លែងថា សមាគមពាណិជ្ជកម្ម សភាពាណិជ្ជកម្ម អង្គភាពជំនាញ ក៏ដូចជាក្រុមប្រឹក្សាធុរកិច្ចបានទទួលស្គាល់សារៈសំខាន់នៃដំណើរការផ្តល់សច្ចាប័ននេះ ដែលអាចធ្វើឱ្យប្រទេសម៉ាឡេស៊ី ក្លាយជាច្រកចេញចូលទៅកាន់ទីផ្សារ RCEP និង CPTPP។

លោកលើកឡើងថា រដ្ឋាភិបាលចាំបាច់ត្រូវចាត់វិធានការបន្ទាន់ដើម្បីអនុញ្ញាតឱ្យក្រុមហ៊ុនសហគ្រាសនានាទទួលបានផលប្រយោជន៍ពីកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីទាំង២នេះ ដែលប្រទេសម៉ាឡេស៊ី បានចុះហត្ថលេខារួចហើយ។ លោកបានបន្ថែមទៀតថា “យើងស្នើសុំឱ្យរដ្ឋាភិបាលផ្តល់សច្ចាប័នដល់កិច្ចព្រមព្រៀង RCEP និងកិច្ចព្រមព្រៀង CPTPP ត្រឹមដំណាច់ឆ្នាំ២០២១ ដើម្បីទទួលបានផលប្រយោជន៍ដំបូង និងពង្រឹងសេដ្ឋកិច្ច”។

លោកស្រី Tan Sri Dr Rebecca Fatima Sta Maria នាយកប្រតិបត្តិនៃលេខាធិការដ្ឋានសហប្រតិបត្តិការសេដ្ឋកិច្ចអាស៊ី-ប៉ាស៊ីហ្វិក (APEC) បានគូសបញ្ជាក់ថា ទិន្នន័យអំពីការវិនិយោគផ្ទាល់ពីបរទេស (FDI) បានបង្ហាញថា ប្រទេសវៀតណាម ទទួលបានផលប្រយោជន៍រួចទៅហើយពីការក្លាយជាប្រទេសមុនគេដែលផ្ដល់សច្ចាប័នដល់កិច្ចព្រមព្រៀង CPTPP។

លោកស្រីបានបន្ថែមទៀតថា “ការស្ទង់មតិមួយកាលពីពេលថ្មីៗនេះដោយសារព័ត៌មាន The Economist បានបង្ហាញថា អ្នកឆ្លើយសំណួរមានសុទិដ្ឋិនិយមចំពោះប្រទេសវៀតណាម ច្រើនជាងប្រទេសជាសមាជិកអាស៊ាន ដទៃទៀត”។

ទន្ទឹមនឹងនេះដែរ លោក Tan Sri Soh Thian Lai ប្រធានសហព័ន្ធសហគ្រាសផលិតម៉ាឡេស៊ី បានលើកឡើងថា ការផ្តល់សច្ចាប័នលើកិច្ចព្រមព្រៀងពាណិជ្ជកម្មទាំង២ពិតជាមានសារៈសំខាន់ណាស់សម្រាប់ការស្តារសេដ្ឋកិច្ចរបស់ប្រទេសម៉ាឡេស៊ី ក្រោយវិបត្តិកូវីដ-១៩ បញ្ចប់៕

LEAVE A REPLY

Please enter your comment!
Please enter your name here