ដោយៈ សាវុធ
ភ្នំពេញៈ អាជីវកម្មខ្នាតតូចទាំងអស់ ចាប់ផ្តើមដោយស្រដៀងគ្នា ជាមួយនឹងតម្រូវការ នៃការបង្កើនចរាចរណ៍វេបសាយ ដើម្បីទាក់ទាញអតិថិជនឱ្យកាន់តែច្រើន។
ទោះជាយ៉ាងណាក៏ដោយ ដើម្បីបង្កើនចំនួនអតិថិជនទាំងនៅលើអ៊ីនធឺណិត និងដោយផ្ទាល់ អ្នកចាំបាច់ត្រូវការអភិវឌ្ឍន៍ម៉ាកយីហោ និងវេទិការបស់អ្នក ដើម្បីបង្កភាពងាយស្រួលដល់អតិថិជន ក្នុងការស្វែងរកអាជីវកម្មរបស់អ្នក និងចង់បន្តត្រឡប់មកវិញម្ដងទៀត។
ពេលខ្លះមនុស្សទូទៅ មិនមែនគ្រាន់តែចូលទៅកាន់ក្រុមហ៊ុន សម្រាប់ជាវផលិតផលនោះទេ ប៉ុន្ដែពួកគេក៏កំពុងស្វែងយល់ ពីបទពិសោធន៍ក្នុងការទិញផងដែរ។ អាជីវកម្មដែលអាចកំណត់អត្តសញ្ញាណ អតិថិជនរបស់ខ្លួន និងតម្រូវការដែលពួកគេចង់បាននោះនឹងអាចធ្វើឱ្យប្រ៊េនរបស់ពួកគេ មានការប្រកួតប្រជែងបានកាន់តែទូលំទូលាយ ព្រមទាំងទទួលបានអតិថិជនកាន់តែច្រើននិងការលក់ក្នុងរយៈពេលវែង។
ស្វែងរក – និងកំណត់គោលដៅ – អតិថិជនរបស់អ្នក
មុនពេលដែលអ្នកអាចប្រមូលបានអតិថិជន ដែលចាប់អារម្មណ៍ចង់ចូលទៅកាន់វេបសាយឬហាងរបស់យើង អ្នកត្រូវស្វែងយល់ជាមុនសិនថា មនុស្សបែបណាដែលអ្នកចង់ទាក់ទាញ? ហេតុអ្វីបានជាពួកគេជ្រើសយកអាជីវកម្ម របស់អ្នកជាងអ្នកដទៃ? វិធីល្អបំផុតដើម្បីធ្វើបែបនេះ គឺចងក្រងសំណួរសួរទៅកាន់ពួកគេ។
កត់ត្រាទុកការឆ្លើយតបរបស់អតិថិជនអ្នកនីមួយៗ ហើយប្រៀបធៀបភាពស្រដៀងគ្នា និងភាពខុសគ្នា រវាងអ្វីដែលនាំពួកគេចាប់អារម្មណ៍ លើអាជីវកម្មរបស់អ្នក។ នៅពេលចាប់ផ្តើម អ្នកត្រូវកត់សំគាល់ប្រជាសាស្ត្រ ដែលគួរចែករំលែកដូចជា – មនុស្សចាស់ ក្មេង និស្សិត ជនបរទេស ។ល។
នោះអ្នកអាចរកវិធី ដើម្បីអំពាវនាវដោយផ្ទាល់ ទៅក្រុមមនុស្សទាំងនោះ ឧទាហរណ៍ អ្នកអតិថិជនវ័យចាស់ អាចចូលហាងរបស់អ្នក ដោយសារតែពួកគេឃើញសញ្ញាតាមចិញ្ចើមថ្នល់ហើយបានឮការនិយាយតគ្នា ខណៈដែលអតិថិជនវ័យក្មេងរកឃើញអ្នកតាមរយៈ Instagram។
ការយល់ដឹងពីគោលដៅ និងប្រភេទអតិថិជន ក៏ជួយអ្នកក្នុងការកំណត់ថា តើអ្នកគួរតែផ្តល់សេវាកម្មទូទៅជាភាសាខ្មែ រឬអង់គ្លេស ឬទាំងពីរជម្រើសតែម្តង។
បង្កើតបណ្តាញឱ្យបានច្រើនសម្រាប់ទំនាក់ទំនង
ទោះបីជាអតិថិជនរបស់អ្នក គ្រាន់តែតាមដានអាជីវកម្មរបស់អ្នកនៅលើ Facebook ក៏ដោយ តែវាមានសារៈសំខាន់ណាស់ ដើម្បីឱ្យមានផ្លូវបើកចំហជាច្រើនដល់ក្រុមហ៊ុនរបស់អ្នកតាមដែលអាចធ្វើទៅបាន។
នៅពេលអ្នកបើកទូលាយនៃទំនាក់ទំនង អ្នកចាំបាច់ត្រូវតែឆ្លើយតបទៅនឹងសារដែលអ្នកទទួលបាន។ អ្នកគួរតែឧស្សាហ៍ពិនិត្យអ៊ីម៉ែល និងហ្វេសប៊ុករបស់ក្រុមហ៊ុនយ៉ាងហោចណាស់មួយដងក្នុងមួយថ្ងៃ ឬប្រាកដប្រជាជាងនេះទៀត។ ប្រសិនបើអ្នកមិនអាចឆ្លើយសំណួររបស់អតិថិជនបានភ្លាមៗ ឬរហ័ស អ្នកគួរតែប្រាប់ដំណឹងដល់ពួកគេថាអ្នកកំពុងព្យាយាមឆ្លើយតប។
អតិថិជនមានអារម្មណ៍ថា ពួកគេសំខាន់នៅពេលពួកគេទទួលបាន ការឆ្លើយតបពីក្រុមហ៊ុន ហើយពួកគេនឹងបង្ហាញភាពស្មោះត្រង់ ចំពោះក្រុមហ៊ុនណាដែលឆ្លើយតបឆាប់រហ័សចំពោះតម្រូវការតែមួយគត់របស់ពួកគេ។
ចាក់ដោតអារម្មណ៍របស់អតិថិជនរបស់អ្នក
វិធីដ៏ល្អមួយដើម្បីទទួលបានចំណាប់អារម្មណ៍ និងការគោរពពីអតិថិជនរបស់អ្នកគឺ ការទាញយកចំណាប់អារម្មណ៍របស់ពួកគេ ហើយភ្ជាប់ពួកគេទៅក្រុមហ៊ុនរបស់អ្នក។
វាត្រូវការពេលវេលាខ្លះ ដើម្បីតភ្ជាប់ទំនាក់ទំនងទាំងនេះ ប៉ុន្តែក្រុមហ៊ុនតូចមួយអាចចាប់ផ្តើមដោយអំពាវនាវ ដោយប្រើចំណាប់អារម្មណ៍ផ្សេងៗនៅក្នុង បណ្តាញសង្គមរបស់ខ្លួន។ ការសរសេររឿងរ៉ាវវិជ្ជមាន និងរឿងសប្បាយអាចមានអំណោយផលច្រើនទៅលើ Facebook និង Instagram Newsfeed។
អ្នកគួរតែចំណាយពេលខ្លះ ដើម្បីបង្ហោះរឿងដែលឡូយៗ និងរឿងដែលជួយបំផុសគំនិតអំពីជំនួញរបស់អ្នក នោះបុគ្គលិក ឬអតិថិជន ព្រមនឹងអ្នកអានមួយចំនួននឹងចែករំលែកបន្ត។
ប្រព័ន្ធផ្សព្វផ្សាយសង្គមគឺជាវិធីមួយផ្សេងទៀត ដើម្បីតភ្ជាប់ជាមួយអតិថិជនថ្មីរបស់អ្នក ឧទាហរណ៍ ហាងសត្វចិញ្ចឹមមួយ បង្ហោះរូបថតរបស់កូនឆ្កែ ដែលពួកគេចិញ្ចឹមម្តងទៀត ហើយម្ចាស់ឆ្កែថ្មីដែលទិញ ទៅនឹងមានភាពរំភើបរីករាយ ចំពោះភាពល្បីល្បាញរបស់ឆ្កែគេ។
ការប្រាស្រ័យទាក់ទងជាមួយអតិថិជន អាចជាការផ្តល់ព័ត៌មាន និងការផ្តល់អត្ថប្រយោជន៍ផ្សេងៗ អំពីដំណើរការអាជីវកម្មរបស់អ្នក ឬការចូលរួមជាមួយអតិថិជន ដោយការចែករំលែកការកំសាន្តផ្សេងៗ៕