ដោយៈសុខុម
សេអ៊ូល: ក្រុមហ៊ុនកូរ៉េខាងត្បូង Lotte Chemical Corp នឹងបោះទុនវិនិយោគ៣,៨ពាន់លានដុល្លារអាមេរិក នៅត្រឹមឆ្នាំ២០៣០ ដើម្បីបង្កើនសមត្ថភាពផលិត និងផ្គត់ផ្គង់ឧស្ម័នអ៊ីដ្រូសែន។ នេះបើយោងតាមសារព័ត៌មាន The Edge Markets ចុះផ្សាយកាលពីថ្ងៃទី១៣ កក្កដា។
ក្រុមហ៊ុនដែលមានមូលដ្ឋាននៅក្រុងសេអ៊ូលនេះ មានបំណងផ្គត់ផ្គង់ឱ្យបាន៣០% នៃតម្រូវការឧស្ម័នអ៊ីដ្រូសែនក្នុងប្រទេសកូរ៉េខាងត្បូង តាមរយៈការបង្កើនសមត្ថភាពផលិតឧស្ម័ននេះ ឱ្យបាន៦០០.០០០តោនក្នុងមួយឆ្នាំ។ ក្រុមហ៊ុននេះបានបញ្ជាក់តាមរយៈសេចក្ដីថ្លែងការណ៍មួយ កាលពីថ្ងៃអង្គារ ទី១៣ កក្កដា ថា ទំហំលក់ឧស្ម័ននេះប្រចាំឆ្នាំអាចឈានដល់២,៦ពាន់លានដុល្លារអាមេរិក នៅត្រឹមដំណាច់ទសវត្សរ៍នេះ។
កូរ៉េខាងត្បូង ស្ថិតក្នុងចំណោមប្រទេសជាង១០ ដែលមានយុទ្ធសាស្ត្រផលិតឧស្ម័នអ៊ីដ្រូសែន ជាឧស្ម័នគ្មានកាបូនម្យ៉ាងដែលអាចដុត ឬប្រើប្រាស់ក្នុងកោសិកាឥន្ធនៈ (fuel cell) សម្រាប់ផលិតថាមពលអគ្គិសនី ឬវិស័យដឹកជញ្ជូន។
ការប្រើប្រាស់ឧស្ម័នអ៊ីដ្រូសែន សម្រាប់ឧស្សាហកម្មធុនធ្ងន់ និងការដឹកជញ្ជូនផ្លូវឆ្ងាយ ឬអាកាសចរណ៍ ត្រូវបានគេចាត់ទុកវិធីដ៏មានសក្តានុពលមួយ សម្រាប់បណ្ដាប្រទេសបំពេញមហិច្ឆតារបស់ខ្លួន នៅក្នុងការកាត់បន្ថយការបំភាយឧស្ម័នកាបូន ឱ្យមកនៅកម្រិតសូន្យនៅត្រឹមពាក់កណ្តាលសតវត្សរ៍នេះ។
ក្រុមហ៊ុនកូរ៉េ គ្រាក់ៗចំនួន៥រួមមានទាំងក្រុមហ៊ុន SK Group និងក្រុមហ៊ុន Hyundai Motor Co ផងធ្លាប់បានប្រកាសថា ពួកគេនឹងបោះទុនក្នុងទំហំទឹកប្រាក់សរុបចំនួន៣៨ពាន់លានដុល្លារអាមេរិក ដើម្បីវិនិយោគលើបច្ចេកវិទ្យាឧស្ម័នអ៊ីដ្រូសែន នៅត្រឹមឆ្នាំ២០៣០។ ក្រុមហ៊ុននានារួមទាំងក្រុមហ៊ុន Lotte Chemical Corp ផងបានកំណត់គោលដៅ បំភាយឧស្ម័នកាបូនរបស់ខ្លួនរៀងៗខ្លួន ក្រោយពីរដ្ឋាភិបាលកូរ៉េខាងត្បូង បានប្ដេជ្ញាកាត់បន្ថយការបំភាយឧស្ម័នកាបូន ឱ្យមកនៅកម្រិតសូន្យនៅត្រឹមឆ្នាំ២០៥០។
ក្រុមហ៊ុន Lotte Chemical Corp មានបំណងផលិតឧស្ម័នអ៊ីដ្រូសែនពណ៌ខៀវ (blue hydrogen) ឱ្យបានចំនួន១៦០,០០០តោននៅត្រឹមឆ្នាំ២០២៥ និងឧស្ម័នអ៊ីដ្រូសែនពណ៌បៃតង (green hydrogen) ឱ្យបាន ៤៤០.០០០តោននៅត្រឹមឆ្នាំ២០៣០។ ក្រុមហ៊ុននេះ ក៏មានផែនការសាងសង់ស្ថានីយបញ្ចូលឧស្ម័នអ៊ីដ្រូសែន ឱ្យបានចំនួន៥០ស្ថានីយ និងអាងស្តុកឧស្ម័នអ៊ីដ្រូសែនសម្ពាធខ្ពស់ ឱ្យបាន១០០.០០០អាងនៅត្រឹមឆ្នាំ២០២៥ផងដែរ៕