ដោយៈសុខុម
អាមេរិកៈ អ្នកណាក៏ដឹងដែរថា សហរដ្ឋអាមេរិក គឺជាមហាអំណាចសេដ្ឋកិច្ចទី១ របស់ពិភពលោក ឬនិយាយដោយសាមញ្ញថា ជាប្រទេសដែលមានសេដ្ឋកិច្ចធំជាងគេបំផុតក្នុងពិភពលោក។
ប៉ុន្តែតើអ្នកទាំងអស់គ្នាដឹងទេថា ប្រទេសមហាអំណាចដ៏មានឥទ្ធិពលមួយនេះបោះពុម្ពក្រដាសប្រាក់ចំនួនប៉ុន្មានក្នុងមួយឆ្នាំៗ ហើយស្ថាប័នមួយណាជាអ្នកទទួលបន្ទុកបោះពុម្ព? តើវាជាធនាគារកណ្ដាល ឬក៏ជាស្ថាប័នផ្សេងពីនេះ? តោះ មកដឹងទាំងអស់គ្នា!
Federal Reserve គឺជាធនាគារកណ្ដាលរបស់សហរដ្ឋអាមេរិក ហើយស្ថាប័នមួយនេះ មានតួនាទីគ្រប់គ្រងការផ្គត់ផ្គង់ ក្រដាសប្រាក់ដុល្លារអាមេរិក។ ដោយសារតែហេតុផលនេះហើយ ទើបបានជាមនុស្សយ៉ាងច្រើនយល់ថា ធនាគារកណ្ដាលមួយនេះជាអ្នក “បោះពុម្ពក្រដាសប្រាក់”។ ប៉ុន្តែតាមពិតអ្នកដែលមានពុម្ពក្រដាសប្រាក់ និងជាអ្នកមានសិទ្ធិតែមួយគត់ នៅក្នុងការបោះពុម្ពក្រដាក់ប្រាក់ដុល្លារអាមេរិក គឺក្រសួងរតនាគារអាមេរិក។
*តើសហរដ្ឋអាមេរិក បោះពុម្ពក្រដាសប្រាក់ចំនួនប៉ុន្មានក្នុងមួយឆ្នាំៗ?
គណៈអភិបាល (Board of Governors) ដែលជាអាជ្ញាធរចេញក្រដាសប្រាក់សម្រាប់ធនាគារកណ្ដាល បានអនុម័ត និងដាក់សំណើឆ្នាំសារពើពន្ធ២០២១ របស់ខ្លួនជូនទៅការិយាល័យឌីហ្សាញ និងបោះពុម្ពក្រដាសប្រាក់ (Bureau of Engraving and Printing (BEP)) នៃក្រសួងរតនាគារសហរដ្ឋអាមេរិក នៅថ្ងៃទី១៤ ខែសីហា ឆ្នាំ២០២០។
សំណើសុំបោះពុម្ពក្រដាសប្រាក់ សម្រាប់ឆ្នាំសារពើពន្ធ២០២១នេះ គឺដោយសារការរងផលប៉ះពាល់ធ្ងន់ធ្ងរ ពីវិបត្តិឆ្លងរាលដាលវីរុសកូវីដ-១៩ នៅពេលធនាគារកណ្ដាលជួបប្រទះ នូវតម្រូវការក្រដាសប្រាក់ច្រើនសន្ធឹកសន្ធាប់មិនធ្លាប់មាន។ សំណើសុំបោះពុម្ពក្រដាសប្រាក់នេះ ឆ្លុះបញ្ចាំងពីការប៉ាន់ប្រមាណរបស់គណៈអភិបាល អំពីតម្រូវការក្រដាសប្រាក់ពីសំណាក់អតិថិជនក្នុងស្រុក និងអន្តរជាតិអំឡុងឆ្នាំសារពើពន្ធ២០២១។
ខុសពីឆ្នាំមុនៗ ដែលហេតុផលចម្បង នៃការចេញសំណើសុំបោះពុម្ព គឺដើម្បីជំនួយក្រដាសប្រាក់ចាស់ៗ ដែលត្រូវច្រៀកបំផ្លាញចោលនៅធនាគារកណ្ដាល។ សំណើសុំបោះពុម្ពក្រដាសប្រាក់ សម្រាប់ឆ្នាំសារពើពន្ធ២០២១ នេះធ្វើឡើងដោយសារការកើនឡើងនូវការទូទាត់សុទ្ធ (net payment)។
ដើម្បីដោះស្រាយឱ្យបានល្អប្រសើរ នូវការផ្លាស់ប្ដូរដែលអាចកើតមានក្នុងតម្រូវការ និងការផលិតក្រដាសប្រាក់ ដោយសារវិបត្តិឆ្លងរាតត្បាតវីរុសកូវីដ-១៩ សំណើសុំបោះពុម្ពក្រដាសប្រាក់សម្រាប់ឆ្នាំសារពើពន្ធ២០២១ នេះត្រូវបានសង្ខេបដោយបញ្ជាក់ពីចំនួននៃទំហំក្រដាសប្រាក់នីមួយៗដែលត្រូវបោះពុម្ព។
អំឡុងឆ្នាំសារពើពន្ធ២០២១ គណៈអភិបាល និងការិយាល័យឌីហ្សាញ និងបោះពុម្ពក្រដាសប្រាក់ នឹងធ្វើការកែសម្រួលការផលិត ទំហំក្រដាសប្រាក់នីមួយៗ ដើម្បីឱ្យស្របទៅតាមតម្រូវការជាក់ស្ដែងពេញមួយឆ្នាំ ដែលរាប់ចាប់ពីក្រដាសប្រាក់១ដុល្លារ ២ដុល្លារ ៥ដុល្លារ ១០ដុល្លារ ២០ដុល្លារ ៥០ដុល្លារ និង ១០០ដុល្លារ សរុបចន្លោះពី៧,៦ពាន់លានដុល្លារ ទៅ៩,៦ពាន់លានដុល្លារ បើធៀបនឹងសំណើសុំបោះពុម្ពក្រដាសប្រាក់ពី១,៧ពាន់លានដុល្លារ ទៅ៣,៨ពាន់លានដុល្លារ ក្នុងឆ្នាំសារពើពន្ធ២០២០ ពោលគឺកើនឡើងពី៣០,៦%ទៅ៦៥,៩%។
ក្រដាសប្រាក់ដែលកំពុងធ្វើចរាចរណ៍ ដែលជារង្វាស់ផ្ទាល់នៃតម្រូវការក្រដាសប្រាក់របស់ធនាគារកណ្ដាល បានកើនឡើងចំនួន៥,១ពាន់លានសន្លឹក ឬស្មើនឹង២២៦,៦ពាន់លានដុល្លារ ចន្លោះពីខែមិថុនា ឆ្នាំ២០១៩ ដល់ខែមិថុនា ឆ្នាំ២០២០។
ផ្ទុយមកវិញ អំឡុងរយៈពេលដូចគ្នានេះកាលពីឆ្នាំមុន ក្រដាសប្រាក់ដែលកំពុងធ្វើចរាចរណ៍បានកើនឡើង១,៣ពាន់លានសន្លឹក ឬស្មើនឹង៧៥,៨ពាន់លានដុល្លារ។ នេះបើយោងតាមទិន្នន័យ ដែលបានចុះផ្សាយក្នុងគេហទំព័រ federalreserve.gov របស់ធនាគារកណ្ដាលអាមេរិក៕