ដោយៈសុខុម
ញូវដេលី: ក្រុមហ៊ុន Facebook កំពុងចាប់ដៃគូ សហការជាមួយក្រុមហ៊ុនផ្តល់ប្រាក់កម្ចី តាមប្រព័ន្ធអនឡានមួយរបស់ឥណ្ឌា ដើម្បីផ្តល់ប្រាក់កម្ចីដល់អាជីវកម្មខ្នាតតូចក្នុងស្រុក ដើម្បីជំរុញឱ្យអាជីវកម្មកាន់តែច្រើន ងាកមកផ្សាយពាណិជ្ជកម្មលើ Platform របស់ខ្លួន។ នេះបើយោងតាមសារព័ត៌មាន CNA ចុះផ្សាយថ្ងៃសុក្រ ទី២០ សីហា។
លោក Ajit Mohan នាយកគ្រប់គ្រងក្រុមហ៊ុន Facebook ប្រចាំប្រទេសឥណ្ឌា បានថ្លែងក្នុងសន្និសីទសារព័ត៌មាន តាមបណ្ដាញអ៊ីនធឺណិតថា ក្រុមហ៊ុនបណ្ដាញសង្គមយក្សរបស់សហរដ្ឋអាមេរិក មួយនេះកំពុងចាប់ដៃគូសហការជាមួយក្រុមហ៊ុន Indifi ដើម្បីផ្តល់ប្រាក់កម្ចីចាប់ពី៦.៧០០ដុល្លារ ដល់៦៧.០០០ដុល្លារអាមេរិក ជាមួយនឹងអត្រាការប្រាក់ប្រចាំឆ្នាំរហូតដល់ទៅ២០%។
ក្រុមហ៊ុន Facebook និយាយថា ខ្លួននឹងជួយពង្រឹងសេដ្ឋកិច្ច អាជីវកម្មខ្នាតតូចក្នុងប្រទេសឥណ្ឌាឱ្យកាន់តែរឹងមាំ នៅពេលអាជីវកម្មទាំងនេះប្រើប្រាស់ App របស់ខ្លួនកាន់តែច្រើនរួមមាន Instagram និង WhatsApp ដើម្បីជំរុញការរីកចម្រើនរបស់ពួកគេ។
លោក Ajit Mohan បានលើកឡើងថា “យើងមិនរំពឹងរកលុយបានពីកម្មវិធីនេះទេ យើងគ្មានចំណែកប្រាក់ចំណូលទេ ប៉ុន្តែយើងសង្ឃឹមថា កម្មវិធីនេះនឹងជួយជំរុញកំណើនក្នុងឧស្សាហកម្មអាជីវកម្មខ្នាតតូច ដែលជាចុងក្រោយនឹងផ្ដល់អត្ថប្រយោជន៍ ត្រលប់មកយើងវិញ”។
ប្រាក់កម្ចីទាំងនេះ គឺសម្រាប់ផ្ដល់ឱ្យអាជីវកម្មខ្នាតតូចនានា ដែលបាននិងកំពុងផ្សាយពាណិជ្ជកម្ម លើបណ្ដាញទំនាក់ទំនងសង្គម Facebook ឬ Group Chat App នានារបស់ខ្លួនយ៉ាងតិចរយៈពេល១៨០ថ្ងៃ។ កម្មវិធីនេះ អាចជួយជំរុញឱ្យមានអាជីវកម្មបែបនេះកាន់តែច្រើន ផ្សព្វផ្សាយពាណិជ្ជកម្ម លើបណ្តាញសង្គមយក្សមួយនេះ និង App នានារបស់ខ្លួន ដែលមានប្រជាប្រិយខ្ពស់នៅក្នុងប្រទេសឥណ្ឌា។
ឥណ្ឌា គឺជាទីផ្សារកំណើនដ៏សំខាន់របស់ក្រុមហ៊ុន Facebook ដែលមានអ្នកប្រើប្រាស់ជាង៤១០លាននាក់ ហើយ App ផ្ញើសារ WhatsApp របស់ខ្លួនបានចាត់ទុកប្រទេសនេះ ជាទីផ្សារធំបំផុតរបស់ខ្លួន ជាមួយចំនួនអ្នកប្រើប្រាស់ជាង៥៣០លាននាក់។ Instagram ដែលជារបស់ក្រុមហ៊ុនFacebook ដែរនោះមានអ្នកប្រើប្រាស់ជាង២១០លាននាក់នៅក្នុងប្រទេសឥណ្ឌា ហើយក៏កំពុងទទួលផលល្អ ពីបម្រាមដែលរដ្ឋាភិបាលឥណ្ឌា បានដាក់លើ TikTok ដែលជា Platform បង្ហោះវីដេអូខ្លីៗកាលពីឆ្នាំមុនផងដែរ។
កាលពីឆ្នាំមុន ក្រុមហ៊ុនFacebook បានបោះទុន៥,៧ពាន់លានដុល្លារអាមេរិក ដើម្បីវិនិយោគ ក្នុងក្រុមហ៊ុន Jio Platforms របស់មហាសេដ្ឋីឥណ្ឌា Mukesh Ambani ដែលនឹងអនុញ្ញាតឱ្យWhatsApp ផ្ដល់សេវាទូទាត់ប្រាក់ទៅដល់ហាងតូចៗ ជាលក្ខណៈគ្រួសាររាប់លានហាង៕