ដោយៈលក្ខិណា
ភ្នំពេញៈ ក្នុងរយៈពេល៨ខែ ដើមឆ្នាំ២០២១នេះ កម្ពុជាបាននាំចេញផលិតផលកសិកម្មទៅកាន់ទីផ្សារអន្តរជាតិ សម្រេចបានទឹកប្រាក់សរុបចំនួនជាង៣ពាន់លានដុល្លារអាមេរិក។
ក្នុងចំណោមការនាំចេញទាំងនោះ ការនាំចេញអង្ករមានទឹកប្រាក់២៩១,៩២លានដុល្លារអាមេរិក ការនាំចេញស្រូវ មានទឹកប្រាក់៣៩៣,២១លានដុល្លារអាមេរិក និងការនាំចេញកសិផលក្រៅពីស្រូវ និងអង្ករមានទឹកប្រាក់ចំនួន២,៥៤ពាន់លានដុល្លារអាមេរិក។
យោងតាមរបាយការណ៍របស់ លោកវេង សាខុន រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់និងនេសាទបានបង្ហាញថា កម្ពុជាបាននាំចេញកសិផល ទៅកាន់ទីផ្សារក្រៅប្រទេសមានបរិមាណសរុបជាង៥,៥៤លានតោន ទៅកាន់គោលដៅប្រទេស៦៦ប្រទេស ធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន មានការកើនឡើង២,៦២លានតោន ឬប្រមាណ៨៩,៦៨ភាគរយ។
ផលិតផលសំខាន់ៗ ដែលកម្ពុជានាំចេញទៅកាន់ទីផ្សារអន្តរជាតិ រួមមាន អង្ករមានចំនួន៣៤៣.៤៤៧តោន ថយចុះ ២៣,៣៧ភាគរយ ស្រូវបាននាំចេញចំនួន២,៣៨លានតោន ទៅកាន់ប្រទេសវៀតណាមកើនឡើងរហូតដល់៨៥,៩៣ភាគរយ និងការនាំចេញកសិផលក្រៅពីស្រូវ អង្ករ ក្នុងរយៈពេល៨ខែដើមឆ្នាំនេះ មានបរិមាណ៣,៦៣លានតោន កើនឡើងដល់ទៅ៤៦,៩២ភាគរយ។
កសិផលក្រៅពីស្រូវ និងអង្ករ ដែលត្រូវបាននាំចេញ រួមមានចំណិតដំឡូងមីក្រៀម ចំនួនជាង១,២៨លានតោន ដំឡូងមីស្រស់មានចំនួន៤៦៩.៣០០តោន ម្សៅដំឡូងមី ១៨ពាន់តោន កាកសំណល់ដំឡូងមីជាង៥ពាន់តោន គ្រាប់ស្វាយចន្ទីរចំនួន៨៧៦ពាន់តោន គ្រាប់ពោតមានចំនួនជាង១៥២ពាន់តោន គ្រាប់សណ្ដែកបាយមានចំនួនជាង២៣ពាន់តោន ចេកស្រស់មានចំនួនជាង៣១០ពាន់តោន ស្វាយស្រស់ជាង១៦៣,៨២ពាន់តោន ម្រេចជាង២៤ពាន់តោន និងផលិតផលសំខាន់ៗមួយចំនួន៕