ក្រុមហ៊ុនកូរ៉េ SK Innovation គ្រោងបោះទុនជាង១.០០០លានដុល្លារសាងសង់រោងចក្រផលិតអាគុយថ្មីមួយនៅប្រទេសចិន

ដោយៈសុខុម

សេអ៊ូល: ក្រុមហ៊ុន SK Innovation Co Ltd របស់កូរ៉េខាងត្បូង បានប្រកាសកាលពីថ្ងៃពុធ ទី១ កញ្ញា ថា ខ្លួននឹងបោះទុនវិនិយោគ១.២ទ្រីលានវ៉ុន (១.០៤ពាន់លានដុល្លារអាមេរិក) ដើម្បីសាងសង់រោងចក្រផលិតអាគុយថ្មីមួយ នៅប្រទេសចិន។ នេះបើយោងតាមការចុះផ្សាយរបស់សារព័ត៌មាន The Edge Markets។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

ការវិនិយោគនេះធ្វើឡើង ស្របពេលបណ្ដាក្រុមហ៊ុនផលិតរថយន្ត ទូទាំងពិភពលោកសម្រុក ងាកទៅផលិតរថយន្តអគ្គិសនី (EV) ដើម្បីគោរពតាមបទប្បញ្ញត្តិនានាស្ដីពីកិច្ចការពារបរិស្ថាន ដែលនាំឱ្យតម្រូវការអាគុយរថយន្តអគ្គិសនីកើនឡើងខ្លាំង។

ក្រុមហ៊ុនកូរ៉េខាងត្បូង ដែលផ្គត់ផ្គង់អាគុយរថយន្តអគ្គិសនី ដល់ក្រុមហ៊ុនផលិតរថយន្តជាច្រើន រួមមាន ក្រុមហ៊ុន Ford Motor Co ក្រុមហ៊ុន Volkswagen ក្រុមហ៊ុន Hyundai Motor Co និងក្រុមហ៊ុនមួយចំនួនទៀតនេះ មានរោងចក្រផលិតអាគុយនៅប្រទេសជាច្រើន រួមមាន សហរដ្ឋអាមេរិក ប្រទេសហុងគ្រី ប្រទេសចិន និងប្រទេសកូរ៉េខាងត្បូង ជាដើម។

ទោះជាយ៉ាងណា ក្រុមហ៊ុន SK Innovation មិនបានផ្តល់ព័ត៌មានលម្អិតអំពីគម្រោងសាងសង់រោងចក្រផលិត អាគុយថ្មីរបស់ខ្លួន នៅក្នុងប្រទេសចិននាពេលណាឡើយ។

កាលពីខែកក្កដា ក្រុមហ៊ុន SK Innovation និយាយថា ខ្លួនមានបំណងបង្កើនសមត្ថភាព ផលិតអាគុយប្រចាំឆ្នាំរបស់ខ្លួន ឱ្យឈានដល់២០០ជីហ្គាវ៉ាត់ម៉ោង (GWh) នៅត្រឹមឆ្នាំ២០២៥ ដោយកើនឡើង៦០% បើធៀបនឹងគោលដៅ១២៥ជីហ្គាវ៉ាត់ម៉ោងដែលខ្លួនបានប្រកាសមុននេះ។ បច្ចុប្បន្នក្រុមហ៊ុននេះ មានសមត្ថភាពផលិតបានត្រឹមតែ៤០ជីហ្គាវ៉ាត់ម៉ោងបុណ្ណោះ៕

LEAVE A REPLY

Please enter your comment!
Please enter your name here