រថយន្ត Ford នឹងមានតម្លៃទាបជាងមុន បន្ទាប់ពីមានរោងចក្រដំឡើងផ្ទាល់ខ្លួនក្នុងស្រុក?

ដោយៈគង់ ម៉ាលីនណា

ភ្នំពេញៈ ទីផ្សារលក់រថយន្តថ្មី ជាពិសេសរថយន្តម៉ាក់ Ford នឹងមានតម្លៃទាបជាងមុន ដែលអាចធ្វើឲ្យប្រជាពលរដ្ឋខ្មែរ មានលទ្ធភាពទិញយកទៅប្រើប្រាស់ច្រើន បន្ទាប់ពីមានរោងចក្របង្គុំ និងដំឡើងរថយន្ត ត្រូវបានបង្កើតឡើងនៅលើទឹកដីកម្ពុជា។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

លោក ងន សាំង អគ្គនាយកក្រុមហ៊ុន RMA AUTOMOTIVE (CAMBODIA) CO.,LTD ដែលជាក្រុមហ៊ុននាំចូលផ្តាច់មុខរថយន្ត Ford នៅកម្ពុជា និងជាអនុប្រធានសហព័ន្ធឧស្សាហកម្មយានយន្តកម្ពុជា បានមានប្រសាសន៍ឲ្យដឹងកាលពីសប្តាហ៍មុនថា ដោយមានការលើកទឹកចិត្តពីរាជរដ្ឋាភិបាល និងស្របពេលដែលកម្ពុជា ការប្រើប្រាស់រថយន្តថ្មីមានការកើនឡើង ក្រុមហ៊ុន RMA បានសម្រេចបោះទុនវិនិយោគបង្កើតរោងចក្របង្គុំ និងដំឡើងរថយន្តម៉ាក់ Ford នៅទីផ្សារកម្ពុជា ដោយបានបោះទុនវិនិយោគប្រមាណ ២១ លានដុល្លាអាមេរិក។

លោកបន្តថា “បើតាមផែនការ រោងចក្រនេះនឹងដាក់ឲ្យដំណើរជាផ្លូវការនៅដើមឆ្នាំ ២០២២ ខាងមុខ”។លោកបន្តថា “បន្ទាប់ពីមានការដំឡើងរថយន្តក្នុងស្រុក រថយន្តថ្មី នឹងមានតម្លៃទាបជាងមុន ដែលអាចធ្វើឲ្យប្រជាពលរដ្ឋខ្មែរ មានលទ្ធភាពច្រើន ក្នុងការទិញយកទៅប្រើប្រាស់ ស្របពេលបច្ចុប្បន្នទីផ្សារលក់រថយន្តថ្មីរបស់ក្រុមហ៊ុន RMA មានចំណែកនៅលើទីផ្សារសរុបជាង៤០% ហើយចំនួននេះ នឹងអាចកើនឡើងបន្ថែមទៀត បន្ទាប់ពីការបើកតម្លើងនៅក្នុងទីផ្សារកម្ពុជា”។

ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានបង្ហាញឲ្យដឹងថា មុខទំនិញនៃការនាំយានយន្ត ជាប្រភពចំណូលយ៉ាងសំខាន់ សម្រាប់ថវិកាជាតិ ជាក់ស្តែងក្នុងឆ្នាំ ២០១៩ ចំណូលលើមុខទំនិញនេះ ដើរតួនាទីជាងពាក់កណ្តាលប្រមាណ៥៣ភាគរយ នៃចំណូលសរុប ដែលប្រមូលដោយអគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា និងនៅឆ្នាំ២០២០ ការប្រមូលចំណូ​លលើយានយន្ត បានធ្លាក់មកនៅត្រឹម៤៣ភាគរយវិញ ដោយសារទីផ្សារយានយន្តរងផលប៉ះពាល់ដោយការរាតត្បាតជំងឺកូវីដ-១៩៕

LEAVE A REPLY

Please enter your comment!
Please enter your name here