ដោយៈសុខុម
ភ្នំពេញ: ប្រទេសម៉ាឡេស៊ី បានប្តេជ្ញាផ្តល់សច្ចាប័នលើកិច្ចព្រមព្រៀង “ភាពជាដៃគូសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយក្នុងតំបន់” (RCEP) នៅត្រឹមពាក់កណ្តាលខែធ្នូ ខណៈកម្ពុជា មានបំណងធ្វើឡើងនៅខែវិច្ឆិកា ចុងឆ្នាំ២០២១ នេះ។ នេះបើយោងតាមសារព័ត៌មាន The Edge Markets ចុះផ្សាយកាលពីថ្ងៃអង្គារ ទី២១ កញ្ញា។
លោក Datuk Seri Mohamed Azmin Ali ទេសរដ្ឋមន្រ្តី និងជារដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្មអន្តរជាតិ និងការអភិវឌ្ឍន៍នៃប្រទេសម៉ាឡេស៊ី បានលើកឡើងថា ដំណើរការផ្តល់សច្ចាប័ននេះ គឺអនុលោមតាមកិច្ចព្រមព្រៀង ដែលចុះហត្ថលេខាដោយប្រទេសចំនួន១៥។ ប្រទេសទាំងនោះ រួមមាន សមាជិក១០របស់អាស៊ាន និងប្រទេស៥ទៀតដែលជាដៃគូ ក្នុងកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី (FTA) នៅឯកិច្ចប្រជុំកំពូល RCEP លើកទី៤ នៅថ្ងៃទី១៥ ខែវិច្ឆិកា ឆ្នាំ២០២០។
លោកបានបន្ថែមទៀតថា ផ្អែកលើបទប្បញ្ញត្តិនៃកិច្ចព្រមព្រៀង RCEP វានឹងចូលជាធរមាន ក្នុងរយៈពេល៦០ថ្ងៃ ក្រោយពីប្រទេសសមាជិកអាស៊ាន យ៉ាងតិចចំនួន៦ និងដៃគូ FTA អាស៊ាន ចំនួន៣ទៀត បានដាក់ឧបករណ៍ផ្តល់សច្ចាប័នរបស់ខ្លួន ជូនលេខាធិការដ្ឋានអាស៊ាន។
លោកទេសរដ្ឋមន្ត្រីបានគូសបញ្ជាក់ថា “នៅឯកិច្ចប្រជុំរដ្ឋមន្ត្រីសេដ្ឋកិច្ចអាស៊ាន លើកទី៥៣ កាលពីថ្ងៃទី៩ កញ្ញា ឆ្នាំ២០២១ បណ្ដាប្រទេសជាសមាជិកអាស៊ាន បានទន្ទឹងរង់ចាំឱ្យកិច្ចព្រមព្រៀង RCEP ចូលជាធរមាននៅថ្ងៃទី១ មករា ឆ្នាំ២០២២ តាមគោលដៅដែលបានកំណត់”។
ប្រទេសនានាដូចជាព្រុយណេ ហ្វីលីពីន ឥណ្ឌូនេស៊ី កម្ពុជា និងវៀតណាម សុទ្ធតែបានប្រកាស បញ្ជាក់ពីបំណងរបស់ខ្លួន ដែលចង់ឱ្យដំណើរការផ្ដល់សច្ចាប័ន ក្នុងស្រុកបញ្ចប់ជាស្ថាពរនៅត្រឹមខែវិច្ឆិកា ឆ្នាំ២០២១។
RCEP គឺជាកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី (FTA) ធំបំផុតរបស់ពិភពលោកជាមួយនឹងទំហំទីផ្សារ ដែលគ្របដណ្តប់ស្ទើរតែ១ភាគ៣ នៃចំនួនប្រជាជនទូទាំងពិភពលោកឬ២,២ពាន់លាននាក់៕ The Edge Markets៕