ដោយៈគង់ សូរិយា
ភ្នំពេញៈ មន្រ្តីជាន់ខ្ពស់ក្រសួងពាណិជ្ជកម្មបានថ្លែងថា ពាណិជ្ជកម្មទ្វេភាគីរវាងកម្ពុជានិងសហភាពអឺរ៉ុប ពិតជាមានសារៈសំខាន់ណាស់ ព្រោះវាបានចូលរួមចំណែកលើកកម្ពស់សេដ្ឋកិច្ច និងកាត់បន្ថយភាពក្រីក្រនៅកម្ពុជាបានមួយចំណែកធំ។
លោកជំទាវតឹករ៉េត កំរង រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្មបានលើកឡើងបែបនេះ ក្នុងជំនួបពិភាក្សាការងារជាមួយលោក Bryan Fornari ប្រធានផ្នែកកិច្ចសហប្រតិបត្តិការ និងលោកស្រី Camilla Lombard អនុប្រធានផ្នែកកិច្ចសហប្រតិបត្តិការ នៃប្រតិភូសហភាពអឺរ៉ុបប្រចាំនៅព្រះរាជាណាចក្រកម្ពុជា តាមប្រព័ន្ធវីដេអូកាលពីម្សិលម៉ិញនេះ។
លោកជំទាវបានបន្តថា “ពាណិជ្ជកម្មទ្វេភាគីរវាងកម្ពុជានិងសហភាពអឺរ៉ុប ពិតជាមានសារៈសំខាន់ណាស់ ព្រោះវាបានចូលរួមចំណែកលើកកម្ពស់សេដ្ឋកិច្ច និងកាត់បន្ថយភាពក្រីក្រនៅកម្ពុជាបានមួយចំណែកធំ”។ លោកជំទាវបន្តថា “រាជរដ្ឋាភិបាលកម្ពុជាតាមរយៈក្រសួងពាណិជ្ជកម្ម ក៏បានខិតខំប្រឹងប្រែងធ្វើពិពិធកម្មពាណិជ្ជកម្ម តាមរយៈកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី ក្រោមក្របខណ្ឌទ្វេភាគី ពហុភាគី និងតំបន់ ស្របតាមយុទ្ធសាស្រ្តចតុកោណដំណាក់កាលទី៤ របស់រាជរដ្ឋាភិបាលកម្ពុជា និងយុទ្ធសាស្ត្រសមាហរណកម្មពាណិជ្ជកម្ម ២០១៩-២០២៣”។
លោកជំទាវតឹករ៉េក កំរ៉ងបានបន្តថា ដើម្បីបន្តពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការឱ្យកាន់តែប្រសើររវាងកម្ពុជា និងសហភាពអឺរ៉ុប ភាគីទាំងពីរបានបង្ហាញជំហរក្នុងការរួមគ្នាអនុវត្តនូវគំនិតផ្តួចផ្តើមថ្មីៗ និងគម្រោងជំនួយដើម្បីបម្រើ ដល់កិច្ចសម្រួលពាណិជ្ជកម្ម និងវិនិយោគ លើកកម្ពស់ការចូលរួមក្នុងខ្សែច្រវ៉ាក់តម្លៃតំបន់ ការបង្កើតការងារ និងការតភ្ជាប់តំបន់ប្រកបដោយនិរន្តរភាព និងបរិយាប័ន្ន និងជាពិសេសការចូលរួមក្នុងកិច្ចការស្តារសេដ្ឋកិច្ចកម្ពុជាឡើងវិញពីវិបត្តិកូវីដ-១៩ សម្រាប់ឆ្នាំ២០២១-២០២៣៕