ធនាគារសហគ្រាសធុនតូចនិងមធ្យមបន្តគាំទ្រដល់ SMEs នៅកម្ពុជា

ដោយៈលក្ខិណា

ភ្នំពេញៈ ធនាគារសហគ្រាសធុនតូច និងមធ្យម (SME Bank) នៅកម្ពុជាបានចាប់ដៃជាមួយសហគ្រិនខ្មែរ ( Khmer Enterprise ) ដើម្បីជួយលើកកម្ពស់សហគ្រិន ដែលកំពុងមានបញ្ហាក្នុងអាជីវកម្ម ពីវិបត្តិកូវីដ១៩ ។

បើតាមសេចក្តីប្រកាសព័ត៌មានរបស់សហគ្រិនខ្មែរ នៅថ្ងៃទី២៧ កញ្ញា២០២១នេះឱ្យដឹងថា សហគ្រិនខ្មែរ ដែលជាស្ថាប័នប្រតិបត្តិករមួយ ស្ថិតនៅក្រោមក្រសួងសេដ្ឋកិច្ច និង ហិរញ្ញវត្ថុ និងធនាគារសហគ្រាសធុនតូច និងមធ្យម បានចុះអនុស្សរណៈយោគយល់គ្នា ដើម្បីលើកកម្ពស់ និងអភិវឌ្ឍការទទួលបានហិរញ្ញប្បទាន សម្រាប់សហគ្រាសធុនតូច និងមធ្យមនៅកម្ពុជា។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

ស្ថិតក្រោមកិច្ចសហប្រតិបត្តិការនេះ សហគ្រិនខ្មែរ និង ធនាគារសហគ្រាសធុនតូច និងមធ្យមកម្ពុជា បានរួមគ្នាផ្តល់ការគាំទ្រដល់សហគ្រាសធុនតូច និងមធ្យម តាមរយៈ (១) ការចូលរួមជាមួយគ្នាក្នុងសកម្មភាព និងកម្មវិធីដែលរៀបចំឡើង ក្នុងគោលបំណងលើកកម្ពស់ និងអភិវឌ្ឍសហគ្រាសធុនតូច និងមធ្យម ឬសហគ្រិនភាពនៅកម្ពុជា។

២. ធនាគាសហគ្រាសធុនតូច និងមធ្យម កម្ពុជានឹងផ្តល់ឥណទាន ដោយគ្មានទ្រព្យបញ្ចាំ រហូតដល់៥០.០០០ ដុល្លារអាមេរិក ដល់សហគ្រាសធុនតូច និងមធ្យមណាដែលទទួលបានជ័យលាភីចំណាត់ថ្នាក់A និងB ក្នុងការប្រកួតប្រជែងក្នុងកម្មវិធី ដែលបានរៀបចំឡើងដោយសហគ្រិនខ្មែរ និងត្រូវបានសហគ្រិនខ្មែរ ណែនាំមកទទួលឥណទាននៅ ធនាគារសហគ្រាសធុនតូច និងមធ្យមកម្ពុជា តាមលក្ខន្ដិកដែលធនាគាបានកំណត់
៣. សហគ្រិនខ្មែរ នឹងពួតដៃគ្នាជាមួយធនាគារ សហគ្រាសធុនតូច និងមធ្យមកម្ពុជាដើម្បីធ្វើការលើកកម្ពស់ និងបង្កើនលទ្ធភាពទទួលបានហិរញ្ញប្បទាន សម្រាប់សហគ្រាសធុនតូច និងមធ្យមនៅកម្ពុជា។

៤. ធនាគារសហគ្រាសធុនតូច និងមធ្យម កម្ពុជា និងសហគ្រិនខ្មែរ នឹងធ្វើសកម្ម​ភាពផ្សព្វផ្សាយរួមគ្នា ដើម្បីចែករំលែកព័ត៌មានស្តីពី លទ្ធភាពទទួលបានហិរញ្ញប្បទានសម្រាប់សហគ្រាសធុនតូច និងមធ្យមនៅកម្ពុជា ។
ប្រធានសមាគមសហគ្រិនវ័យក្មេងកម្ពុជា លោកស៊ាង សុបញ្ហាបានឱ្យដឹងផងដែរថា ក្នុងវិស័យកូវីដ១៩នេះ បញ្ហាលំហូរសាច់ប្រាក់ នៅក្នុងអាជីវកម្មគឺជាបញ្ហាមួយសម្រាប់សហគ្រិនកម្ពុជា ដោយសារតែពួកគាត់មួយចំនួន មានផលិតផលហើយតែពិបាក ក្នុងការលក់ចេញ ដើម្បីបានថវិកាសម្រាប់ដោះស្រាយ នៅក្នុងដំណើរការអាជីវកម្មប្រចាំថ្ងៃ ប្រចាំខែ។

លោកបន្តថា “សហគ្រិនជាច្រើនក៏បានស្វះស្វែង រកប្រភពហិរញ្ញវត្ថុមកបន្តដំណើរការខ្សែច្រវ៉ាក់ផលិតកម្ម ហើយក៏មានស្ថាប័នហិរញ្ញវត្ថុជាច្រើន បានបន្តគាំទ្រដល់ការដំណើរការរបស់សហគ្រិនក្នុងអំឡុងកូវីដ១៩នេះ”៕

LEAVE A REPLY

Please enter your comment!
Please enter your name here