ដោយៈលក្ខិណា
ភ្នំពេញៈ លោកស៊ាង សុបញ្ញាប្រធានសមាគមសហគ្រិនវ័យក្មេងកម្ពុជាបានបានអះអាងថា លោកមានជំនឿនិងក្ដីសង្ឃឹមយ៉ាងមុតមាំថា វិស័យសហគ្រាសធុនតូច និងមធ្យមកម្ពុជានៅក្រោយវិបត្តិកូវីដ១៩ នឹងកាន់តែរឹងមាំឡើង និងខ្លាំងឡើង ជាមួយនឹងពាណិជ្ជកម្មរបស់កម្ពុជាទាំងការនាំចេញ និងការនាំចូលក៏កាន់តែខ្លាំងឡើងផងដែរ។
លោកមានប្រសាសន៍បន្តថា បន្ទាប់ពីយើងបានជួបប្រទះនឹងវិបត្តិជំងឺកូវីដ១៩ ការប្រកបអាជីវកម្មរបស់សហគ្រិន និងអាជីវករទាំងអស់ គឺមិនដូចពីមុនទៀតឡើយ ។ គ្រប់អាជីវកម្មទាំងអស់ ត្រូវតែមានការកែប្រែច្រើនខ្លាំងណាស់។ ដូច្នេះបើសិនជាអាជីវករឬសហគ្រិនណា នៅតែបន្តធ្វើអាជីវកម្មដដែល តាមបែបប្រពៃណីនោះ នឹងមិនអាចប្រកួតប្រជែងបាននៅលើឆាកអន្តរជាតិ ឬក្នុងស្រុកនៅក្រោយសម័យកូវីដ១៩នោះទេ។
លោកបន្តថា “ក្នុងនាមជាប្រធានសមាគមសហគ្រិនវ័យក្មេងកម្ពុជា យើងតែងតែរិះរកមធ្យោបាយនិងផ្នត់គំនិតថ្មីៗ ដើម្បីមកចែកជូនដល់សមាជិករបស់យើង ឱ្យពួកគាត់មានគន្លឹះបន្ថែមសម្រាប់ពង្រីកអាជីវកម្ម និងកែប្រែអាជីវកម្មពង្រឹងខ្លួនឱ្យកាន់តែខ្លាំងកាន់តែរឹងមាំ នៅពេលអនាគតឆាប់ៗនេះ”។
នៅក្នុងសម័យកូវីដ១៩នេះដែរ សហគ្រិនជាច្រើនតែងតែលើកយកនូវកបញ្ហាផ្ទាល់របស់ខ្លួន មកចែកជូនដល់រដ្ឋាភិបាល និងដៃគូពាក់ព័ន្ធនានា ដើម្បីរកដំណោះស្រាយ ហើយបញ្ហាធំសម្រាប់សហគ្រាសធុនតូច និងមធ្យមកម្ពុជាគឺមានផលិតផហើយតែពិបាកលក់ ឬក៏ពិបាកនាំចេញក្នុងពេលតម្រូវការមួយបានធ្លាក់ចុះ ដែលធ្វើឱ្យពួកគេត្រូវជួបប្រទះ នឹងលំហូរសាច់ប្រាក់សម្រាប់ង្វិល ក្នុងដំណើរការអាជីវកម្ម ។
ទាំងនេះ គឺជាអ្វីដែលសហគ្រិន ទាមទារឱ្យមានស្ថាប័នផ្ដល់ហិរញ្ញវត្ថុ បន្តផ្ដល់ហិរញ្ញវត្ថុដល់ខ្លួន ដើម្បីបន្តដំណើរការអាជីវកម្មទប់ស្កាត់នឹងវិបត្តិកូវីដ១៩ ក៏ដូចជា ទប់ស្កាត់នឹងការធ្លាក់ចុះនៃសេដ្ឋកិច្ចបន្តទៀត។
យ៉ាងណាបណ្ដាស្ថាប័នហិរញ្ញវត្ថុជាច្រើន ក៏បានប្រកាសគាំទ្រដល់ដំណើរការសហគ្រាសធុនតូចនិងមធ្យមកម្ពុជា ដោយប្រកាសផ្ដល់កញ្ចប់ថវិកាដល់សហគ្រិនទាំងឡាយ ដែលត្រូវការហិរញ្ញវត្ថុសម្រាប់ដំណើរការអាជីវកម្ម និងពង្រីកអាជីវកម្មនៅក្នុងបរិបទកូវីដ១៩នេះដែរ៕